Resilience Agriculture Techniques Improves Household Economy and Family Wellbeing
បច្ចេកទេសកសិកម្មដែលមានភាពធន់ បានជួយឱ្យកសិករក្នុងគ្រួសារមួយ ទទួលបាននូវឱកាសបង្កើនផលិតកម្ម ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ច និងសុខុមាលភាពគ្រួសារពួកគេ មានភាពប្រសើរឡើង។
អ្នកស្រី គឹមហួយ អាយុ៣០ឆ្នាំ និងលោកសន អាយុ៣៣ឆ្នាំ បានក្លាយជាកសិករគំរូ មួយឆ្នាំក្រោយមក បន្ទាប់ពីគម្រោង «លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ» (ស្ទៀរ) ត្រូវបានណែនាំ និងប្រតិបត្តិ ក្នុងខែឧសភា ឆ្នាំ២០១៩។
មុនពេលរៀបការនៅឆ្នាំ២០១៧ អ្នកស្រី គឹមហួយ ជាកសិករធ្វើការតាមរដូវ ចំណែកលោក សន ជាអ្នកបើកឡានដឹកទំនិញ។ អ្នកទាំងពីរ បានចាប់ផ្តើមធ្វើស្រែចម្ការនៅឆ្នាំ២០១៩ ពេលសម្រាលបានកូនប្រុស ឈ្មោះ លីវ៉ាយ ក្នុងឆ្នាំ២០១៩។ គ្រួសារនេះ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។
អ្នកស្រី គឹមហួយ បានប្រាប់ថា ការចូលរួមជាមួយគម្រោងស្ទៀរ បានផ្តល់ឱកាសដ៏ប្រសើរដល់គ្រួសារអ្នកស្រី៖ «កាលពីមុន យើងរកបានចំណូលតិចណាស់ ដោយសារទិន្នផលដំណាំមានកម្រិតទាប។ យើង បានប្រើកម្លាំងពលកម្មច្រើនក្នុងការថែទាំដំណាំ និងការដាំដុះ ប៉ុន្តែមិនទទួលបានផលល្អនោះទេ»។
អ្នកស្រី គឹមហួយ បានរម្លឹកថា គម្រោងស្ទៀរ ដែលទទួលបានថវិកាគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) នូវែលហ្សេឡង់ បានប្រមូលផ្តុំក្រុមកសិករអ្នកផលិត និងបានគាំទ្រពួកគេជាមួយនឹងបច្ចេកទេសកសិកម្មដែលមានភាពធន់ និងឆ្លាតវៃ ដែលអនុញ្ញាតឱ្យពួកគេបង្កើនផលិតកម្មដំណាំ ហើយមានពេលវេលាជាមួយគ្រួសារ និងកូនកាន់តែច្រើនជាងមុន។
គម្រោងស្ទៀរ អនុវត្តដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ iDE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង(PDAFF) ក្នុងគោលបំណងធ្វើឱ្យការពង្រឹងអំណាចសេដ្ឋកិច្ច និងសុខុមាលភាពគ្រួសារមានភាពប្រសើរឡើង។
តាមរយៈគម្រោងនេះ អ្នកស្រី គឹមហួយ និងស្វាមី ត្រូវបានបំពាក់ដោយជំនាញ និងចំណេះដឹង អំពីបច្ចេកទេសកសិកម្មដែលមានភាពធន់។ ពួកគេបានដាំដំណាំត្រសក់ជាលើកដំបូងលើផ្ទៃដី ៨០០ម៉ែត្រការ៉េ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺពួកគេទទួលបានប្រាក់ចំណេញ ស្មើនឹងបីដងនៃប្រាក់ដើម ហើយចំណាយពេលដាំដំណាំតិចជាងមុន ដែលធ្វើឱ្យអ្នកស្រី គឹមហួយ និងស្វាមី អាចមើលថែទាំកូនប្រុសរបស់ពួកគេបានយ៉ាងល្អ។ ក្រោយមកទៀត ពួកគេ ក៏បានដាំដំណាំត្រសក់ ឪឡឹក ននោង និងត្រឡាច។
អ្នកស្រី គឹមហួយ បានប្រាប់ថា៖ «ប្រាក់ចំណូលអាចឱ្យយើងរស់នៅបានប្រសើរជាងមុន និងអាចទិញអាហារ សម្ភារៈក្មេងលេង ក៏ដូចជាតម្រូវការផ្សេងៗទៀតសម្រាប់ លីវ៉ាយ ដើម្បីធានាថា លីវ៉ាយ ត្រូវបានមើលថែ និងចិញ្ចឹមបានត្រឹមត្រូវ»។
«លីវ៉ាយ រឹងមាំ និងមិនងាយឈឺនោះទេ។ គាត់ រហ័សរហួន និងឆ្លាត ព្រោះយើងបានចិញ្ចឹមគាត់ដោយយកចិត្តទុកដាក់ និងដោយការស្រឡាញ់។»
អ្នកស្រី គឹមហួយ បានបន្ថែមថា៖ «ខ្ញុំតែងតែរៀបចំអាហារ ដែលមានសារធាតុចិញ្ចឹម ដូចជាត្រី បន្លែ និងផ្លែឈើ។ សំខាន់បំផុត ខ្ញុំធានាថា កូនខ្ញុំ អាចគេងបានគ្រប់គ្រាន់។»
លីវ៉ាយ អាយុ៤ឆ្នាំ ជាសិស្សកម្រិតថ្នាក់មត្តេយ្យ មានសម្បុរស្រអែម និងមានសុខភាពល្អ។ អ្នករាល់គ្នាស្គាល់ លីវ៉ាយ ថាជាក្មេងពោរពេញដោយស្នាមញញឹម និងមានអត្តចរឹតគួរឱ្យស្រឡាញ់ នៅពេលទំនាក់ទំនងជាមួយក្មេងផ្សេងទៀត។
ជាមួយនឹងផលជាវិជ្ជមានទាំងអស់នេះ លោកស្រី គឹមហួយ និងលោកសន មានសុទិដ្ឋិនិយមចំពោះការបន្តការសិក្សាពីគម្រោងស្ទៀរ។ ពួកគេសង្ឃឹមថា នឹងអាចចែករំលែកនូវអ្វី ដែលពួកគេបានរៀនទៅកសិករផ្សេងទៀត ក៏ដូចជាបង្ហាញពីវិធីមើលថែ និងចិញ្ចឹមបីបាច់កុមារបានត្រឹមត្រូវ។
លោកសន ជាឪពុករបស់លីវ៉ាយ បានបង្ហាញពីអារម្មណ៍លោកថា៖ “ខ្ញុំពិតជារីករាយណាស់ដែល លីវ៉ាយ អាចធំធាត់ឡើងបានល្អប្រសើរ និងគួរឱ្យស្រឡាញ់ ហើយខ្ញុំនឹងបន្តខិតខំដាំដំណាំបន្តទៀត ដើម្បីឱ្យ លីវ៉ាយ ទទួលបាននូវអ្វី ដែលកុមារគួរទទួលបាន និងរស់នៅប្រកបដោយស្នាមញញឹម និងសុខភាពល្អ”៕