Launching Ceremony and Formative Research Design Workshop "Remote Positive Parenting" Project
[English below]
នៅថ្ងៃទី៦ ខែតុលានេះ ក្រោមជំនួយគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី អង្គការ Save the Children ប្រចាំកម្ពុជា បានរៀបចំពិធីសម្ភោធការចាប់ផ្តើមអនុវត្តគម្រោង និងការរៀបចំផែនការស្រាវជ្រាវ ស្តីពី «ការអប់រំផ្សព្វផ្សាយពីចម្ងាយ សម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមាន» (ANCP RPP) ដោយមានការចូលរួមពីមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធជាង៤០នាក់។
គម្រោង ANCP RPP មានរយៈពេល២ឆ្នាំ (ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៥) សហការជាមួយអង្គការដៃគូ រួមមាន អង្គការស៊ីប៉ា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងអង្គការជនពិការកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ។
គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយអំពើហិង្សាលើកុមារ ទាំងលើរាងកាយនិងផ្លូវចិត្ត នៅក្នុងស្រុកកំពង់សៀម និងស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមរយៈការផ្សព្វផ្សាយខ្លឹមសារអប់រំស្តីអំពី “ការចិញ្ចឹមកូនបែបវិជ្ជមាន” ទៅកាន់ឪពុកម្តាយ និងអ្នកថែទាំកុមារ ដោយរួមបញ្ចូលផងដែរនូវអ្នកដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ និងជនដែលមានពិការភាព។
លោកស្រី Christine Fernandes នាយិកាផ្នែកយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍កម្មវិធី និងផលប៉ះពាល់របស់អង្គការ Save the Children បានថ្លែងក្នុងសិក្ខាសាលានេះថា អំពើហិង្សា គឺជាបញ្ហាសកល និងមានផលប៉ះពាល់ពេញមួយជីវិតលើសុខភាព និងសុខុមាលភាពរបស់កុមារ ហើយវាបានជះឥទ្ធិពលអវិជ្ជមានដល់គ្រួសារ និងសហគមន៍ទាំងមូល។
លោកស្រីថា៖ «អង្គការ Save the Children ចង់កសាងភាពជោគជ័យ និងការរៀនសូត្រពី គម្រោង «ការទប់ស្កាត់ និងការកាត់បន្ថយអំពើហិង្សាទៅលើកុមារ និងស្រ្តី តាមរយៈការបង្កើនការចូលរួមរបស់បុរស» (ANCP RECOVER) ក៏ដូចជាពង្រីកលទ្ធភាពរបស់យើងទៅកាន់ឪពុកម្តាយ ហើយដូច្នេះគំរូការអប់រំផ្សព្វផ្សាយពីចម្ងាយ សម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមាននេះ ត្រូវបានបង្កើតឡើង»។
លោក លីម កេតដារ៉ាត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា គម្រោងការអប់រំផ្សព្វផ្សាយពីចម្ងាយ សម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមាន មានសារៈសំខាន់ និងស្របទៅនឹងគោលបំណងនៃសៀវភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ឃុំ សង្កាត់របស់ក្រសួងមហាផ្ទៃ ដែលកំពុងអនុវត្ត ក៏ដូចជានីតិវិធីប្រតិបត្តិកិច្ចការពារកុមារ ដែលគ្រោងនឹងដាក់ចេញនាពេលឆាប់ៗនេះសំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើហិង្សាលើកុមារ រៀបចំឡើងដោយក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកថា៖ «ខ្ញុំជឿជាក់ថា ការងារនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ ពិសេសឪពុកម្តាយ អាណាព្យាបាលកុមារ ទទួលបានការយល់ដឹងក្នុងកិច្ចការងារចិញ្ចឹមបីបាច់កូន ដើម្បីឱ្យពួកគេក្លាយជាមនុស្សល្អ ក្នុងសង្គមកម្ពុជាដែលនឹងក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត់។ ការវិនិយោគលើក្មេង គឺចំណេញច្រើន និងត្រូវការពេលវេលាច្រើន ដែលការងារនេះស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧»។
ថ្លែងបិទពិធីកម្មវិធី លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ ខេត្តកំពង់ចាម បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការរិះរកមធ្យោបាយបញ្ជ្រៀបការយល់ដឹងពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន។
លោកជំទាវថា៖ «ខ្ញុំ សប្បាយចិត្តណាស់ ដែលគម្រោងនេះ ត្រូវបានដាក់ឱ្យដំណើរការ។ ទាំងនេះ ស្របទៅតាមអ្វីដែលខ្ញុំប៉ុនប៉ងយូរមកហើយ នោះគឺការពង្រីកវិសាលភាព និងផ្សព្វផ្សាយកាន់តែទូលំទូលាយ តាមរយៈប្រព័ន្ធ ឌីជីថល ដោយមានការគិតគ្រប់ជ្រុងជ្រោយរាប់ទាំងបរិយាបន្ន។ ខ្ញុំសង្ឃឹមថា គម្រោងនឹងអនុវត្ត ហើយទទួលបានលទ្ធផលល្អ»។
គម្រោង ANCP RPP រំពឹងទុកថា ឪពុកម្តាយ និងអ្នកថែទាំកុមារ នឹងមានលទ្ធភាពទទួលបានព័ត៌មានអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមានឱ្យកាន់តែល្អប្រសើរ តាមរយៈការអានសៀវភៅ ឫផ្ទាំងរូបភាព ប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញសង្គម ដូចជាហ្វេសប៊ុក តិកតុក យូធូប និងតេឡេក្រាមជាដើម៕