Preschool teacher discovers true value through volunteer work
និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងជាអ្នកស្ម័គ្រចិត្តភូមិ ដែលបានក្លាយជាគ្រូមត្តេយ្យសហគមន៍ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រការអប់រំរបស់កុមារ និងការរីកចំរើនរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិនរបស់នាង។
ដាលីន អាយុ២១ឆ្នាំ ជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៣នាក់ មកពីគ្រួសារកសិករនៅជនបទ ក្នុងឃុំបន្ទាយព្រាល។ ដាលីន មានអត្តចរិតវិជ្ជមាន និងគួរឱ្យកោតសរសើរ ក្នុងនាមជានិស្សិតផ្នែករដ្ឋបាល ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងអំឡុងពេលឆ្នាំទី១ នៅសាកលវិទ្យាល័យ ដាលីនបានជួបការលំបាក ក្នុងការពិភាក្សាជាក្រុម ពេលធ្វើកិច្ចការសាលា។ ដាលីន មិនមានទំនុកចិត្តហ៊ានចែករំលែកគំនិត ជាមួយសមាជិកក្រុមនោះទេ។
ក្នុងពេលជាមួយគ្នានេះដែរ ដាលីនបានកត់សម្គាល់ឃើញថា អ្នកថែទាំកុមារភាគច្រើន នៅក្នុងសហគមន៍ បានប្រើការដាក់ទណ្ឌកម្ម ដើម្បីអប់រំកូនរបស់ពួកគេ។ ជាលទ្ធផល កុមារមានការស្ទាក់ស្ទើរ ក្នុងការចែករំលែកតម្រូវការ និងកង្វល់ជាមួយគ្រួសារ។ ទោះបីដាលីន ចង់ផ្តល់ដំបូន្មានដល់អ្នកថែទាំកុមារទាំងនោះក៏ដោយ ក៏ដាលីនគ្មានអំណាចដើម្បីដោះស្រាយបញ្ហានេះដែរ។
ជាមួយនឹងបំណងប្រាថ្នាដ៏មុតមាំសម្រាប់ការអភិវឌ្ឍន៍ខ្លួន នៅខែមិថុនា ឆ្នាំ២០២២ ដាលីន បានដាក់ពាក្យជាធ្វើអ្នកស្ម័គ្រចិត្តភូមិ ជាមួយនឹងគម្រោង «ការទប់ស្កាត់ និងការកាត់បន្ថយអំពើហិង្សាទៅលើកុមារ និងស្រ្តី តាមរយៈការបង្កើនការចូលរួមរបស់បុរស» (ANCP RECOVER) របស់អង្គការ Save the Children ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ គម្រោងនេះ គាំទ្រដល់អ្នកស្ម័គ្រចិត្តភូមិ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលដល់មាតាបិតាប្រចាំខែ ដែលជួយឱ្យពួកគេចិញ្ចឹមកូន និងប្រាស្រ័យទាក់ទងក្នុងគ្រួសារដោយវិជ្ជមាន ដើម្បីធានាថា កុមាររីករាយនឹងការរស់នៅ ក្នុងផ្ទះរបស់ពួកគេ។ អ្នកស្ម័គ្រចិត្តភូមិ ក៏គាំទ្រកុមារ និងយុវជន ឱ្យរៀនអំពីឥរិយាបថការពារខ្លួន ការកសាងទំនុកចិត្ត ជំនាញដោះស្រាយបញ្ហា និងចំណេះដឹងអំពីសិទ្ធិទទួលបានការការពារ និងកន្លែងដែលត្រូវទទួលបានសេវា និងការគាំទ្រ។
ដំបូង ដាលីន ភ័យខ្លាចក្នុងការដឹកនាំវគ្គសម្រាប់អ្នកថែទាំកុមារ ព្រោះដាលីន មិនធ្លាប់ធ្វើបែបនេះពីមុនមកទេ។ ទោះជាយ៉ាងណាក៏ដោយ ដាលីននៅតែព្យាយាម ព្រោះគាត់មើលឃើញថា វាជាឱកាសមួយ ដើម្បីទទួលបានចំណេះដឹង និងបង្កើនទំនុកចិត្ត ស្របពេលផ្លាស់ប្តូរការយល់ឃើញចំពោះអំពើហិង្សា របស់អ្នកថែទាំកុមារ។ ដាលីន ទទួលបានការបណ្តុះបណ្តាល និងណែនាំដោយគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ(CCWC) និងសមាជិកបុគ្គលិកគម្រោង ដើម្បីជួយដោះស្រាយការភ័យខ្លាចរបស់ខ្លួន។
បច្ចុប្បន្ននេះ ដាលីនមានភាពស្វិតស្វាញ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ក្នុងការរួមចំណែកដ៏មានតម្លៃដល់សង្គម។ ដាលីន សង្កេតឃើញថា បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ស្តីពីការចិញ្ចឹមបីបាច់កូនដោយវិជ្ជមាន អ្នកថែទាំកុមារ បានចាប់ផ្តើមផ្លាស់ប្តូរវិធីចិញ្ចឹមកូនរបស់ពួកគេ មកអនុវត្តឥរិយាបថវិជ្ជមានជាមួយកូន។ កុមារចូលរួមយ៉ាងសកម្មក្នុងវគ្គ ដែលដាលីនសម្របសម្រួល ពីព្រោះពួកគេយល់ពីសារៈសំខាន់នៃមេរៀន សម្រាប់ការការពារខ្លួន។
ដាលីន រំភើបចិត្តដែលអ្នកថែទាំកុមារ កំពុងឆ្ពោះទៅរកការអប់រំ និងការចិញ្ចឹមកូនប្រកបដោយវិជ្ជមាន។ អ្នកថែទាំកុមារ រៀនគ្រប់គ្រងកំហឹងរបស់ពួកគេ និងឆ្លើយតបដោយវិជ្ជមាន ចំពោះតម្រូវការរបស់កុមារ។ លើសពីនេះ កុមារក៏ដឹងពីកន្លែងទទួលបានការគាំទ្រ និងរាយការណ៍នៅពេលមានហេតុការណ៍មិនល្អកើតឡើង។
បន្ថែមពីនេះ ឪពុករបស់ លោក ម៉ុច បាននិយាយថា «ពីមុន ខ្ញុំគិតថា ការដាក់ទណ្ឌកម្ម គឺជាវិធីត្រឹមត្រូវក្នុងការអប់រំកូន ប្រសិនបើយើងចង់ឱ្យពួកគេក្លាយជាមនុស្សល្អ។ ប៉ុន្តែ គំនិតរបស់ខ្ញុំ បានផ្លាស់ប្តូរបន្ទាប់ពីដាលីន បានចែករំលែកអ្វី ដែលគាត់បានរៀនពីវគ្គការចិញ្ចឹមកូនបែបវិជ្ជមាន។» គាត់បន្តទៀតថា «ជារឿយៗ ដាលីន ប្រាប់ខ្ញុំឱ្យប្រើសំឡេងស្រទន់ ដើម្បីទាក់ទងជាមួយប្អូនៗរបស់នាង ប្រសិនបើខ្ញុំត្រូវការឱ្យពួកគេជួយ។ ធ្វើតាមការណែនាំរបស់ដាលីន ខ្ញុំឃើញថា វាមានប្រសិទ្ធភាព ព្រោះឥឡូវនេះ ពួកគេស្ម័គ្រចិត្តជួយការងារផ្ទះ និងធ្វើស្រែចំការ ដោយមិនចាំបាច់សុំឱ្យជួយ។ ខ្ញុំសប្បាយចិត្ត ដែលឃើញពួកយើងមានទំនាក់ទំនងកាន់តែប្រសើរឡើង។»
ថ្មីៗនេះ មេឃុំ បានជ្រើសរើសដាលីន ជាគ្រូបង្រៀនមត្តេយ្យសហគមន៍ ដោយសារការតាំងចិត្ត និងគុណសម្បត្តិ រួមទាំងការប្រាស្រ័យទាក់ទងដែលមានផលជះ និងមានដំណោះស្រាយទៅកាន់បញ្ហា។ ដាលីន ត្រេកអរក្នុងការទទួលតំណែងនេះ ព្រោះជាក្តីស្រមៃរបស់គាត់។ ដាលីន បំពេញតួនាទី និងទំនួលខុសត្រូវយ៉ាងរីករាយជាមួយនឹងកាលវិភាគមមាញឹករបស់នាង។
ដាលីន បានថ្លែងអំណរគុណដល់អង្គការ Save the Children ដែលអនុញ្ញាតឱ្យនិស្សិតវ័យក្មេងដូចនាង ពង្រឹងសមត្ថភាព និងគុណតម្លៃរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលការចិញ្ចឹមកូនបែបវិជ្ជមានដល់អ្នកថែទាំកុមារ។ ដាលីន ចង់ឃើញសមាជិកសហគមន៍កាន់តែច្រើន អនុវត្តឥរិយាបថវិជ្ជមានជាមួយកូនរបស់ពួកគេ។