រំលង​​ទៅ​មាតិកា​សំខាន់​

29 ឧសភា 2023 - ព័ត៌មាន

ពិធីចុះហត្ថលេខា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន

ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន ក្រោមជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោង «លុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងប្រទេសកម្ពុជា» ក្នុងឆ្នាំទី២ បានផ្តល់ដល់អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែឧសភានេះ ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។
 
ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម ឯកអគ្គរាជទូតអ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញវឌ្ឍនភាព របស់គម្រោងនេះ ពីឆ្នាំទី១មក ដែលអង្គការ Save the Children បន្តសកម្មភាពក្នុងឆ្នាំទី២នេះ ក្នុងការលុបបំបាត់អំពើហិង្សា នៅក្នុងសាលារដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម និងរក្សាបាននូវមុខងារប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមារ រួមទាំងយន្តការសម្រាប់ការរាយការណ៍នៅតាមសាលារៀន និងតំបន់ ដោយអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការបង្កើតប្រព័ន្ធ និងការតស៊ូមតិផ្នែកគោលនយោបាយ ដោយមានការសហការពីភាគីពាក់ព័ន្ធក្នុងសាលារៀន រួមមានកុមារ គ្រូបង្រៀន និងមន្រ្តីរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។
 
ឯកឧត្តម ឯកអគ្គរាជទូតអ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា «តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមថាកុមារនៅកម្ពុជា នឹងអាចសិក្សានៅក្នុងបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ»។
 
លោកស្រី មិយ៉ាវ៉ាគិ ម៉ាណា ប្រធានគម្រោងគាំពារកុមារ និងភាពជាដៃគូ នៃSave the Children ជប៉ុន បានលើកឡើងថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំដំបូងនៃគម្រោងដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ។ យើងបានធ្វើការជាមួយសិស្ស និងគ្រូបង្រៀនដើម្បីបង្កើតផែនការសកម្មភាពដើម្បីបញ្ចប់អំពើហិង្សានៅក្នុងសាលារៀន និងបានធ្វេីការឆ្លុះបញ្ចាំងពីការអនុវត្តក្នុងពេលបច្ចុប្បន្ន និងធ្វើឱ្យយន្តការកិច្ចការពារកុមារកាន់តែមានភាពប្រសើរឡើង។ យើងបានដំណើរការវគ្គបណ្តុះបណ្តាលដើម្បីកសាងសមត្ថភាព គណៈកម្មការគ្រប់គ្រងសាលារៀន និងក្រុមប្រឹក្សាកុមារ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងប្រព័ន្ធកិច្ចការពារកុមារនៅក្នុងសាលារៀន និងសហគមន៍ ដើម្បីកំណត់ និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើហិង្សានៅក្នុងសាលារៀន។»
 
បើតាមលោកស្រី មិយ៉ាវ៉ាគិ ម៉ាណា ឆ្នាំទីពីរគឺជាឆ្នាំដ៏សំខាន់មួយទៀតដើម្បីពង្រឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សាលា ហើយអង្គការ Save the Children ប្តេជ្ញាចិត្តពង្រឹងសមត្ថភាព និងធនធានរបស់សាលាបន្ថែមទៀតដើម្បីឱ្យពួកគេអាចផ្តួចផ្តើមគំនិតក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាដែលកើតឡើង៕