រំលង​​ទៅ​មាតិកា​សំខាន់​

28 មិថុនា 2024 - Story

A GRANDFATHER'S PATH FROM NEGLECT TO NURTURING CARE

លោកតា ហ៊ឹម ផា អាយុ ៥៦ឆ្នាំ បានមើលឃើញពីអត្ថប្រយោជន៍នៃការចូលរួមវគ្គអ្នកថែទាំកុមារតូច ដែលបានបង្រៀនលោកឱ្យចេះប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាព ការយល់អារម្មណ៍របស់ចៅ និងការដាក់វិន័យបែបវិជ្ជមាន ក៏ដូចជាពង្រឹងទំនាក់ទំនងរបស់លោកជាមួយចៅផងដែរ។

លោកតា ផា ជា​កសិករ ចំណែកឯ​ប្រពន្ធ​របស់គាត់ឈ្មោះ សៅ ចន្ធី អាយុ​ ៥១​ឆ្នាំ ជា​អ្នកលក់​បន្លែ។ ពួកគេរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកទាំងពីរ មានកូន៤​នាក់​  និងបាន​រៀប​ការ​អស់ហើយ ក្នុងនោះកូន ​៣​នាក់រស់បែកផ្ទះផ្សេង។ ចំណែកកូន​ស្រី​ពៅ ប្តី និងកូនប្រុសរបស់នាង ​រស់នៅជាមួយ​ពួក​គេ។

ដំបូងឡើយ លោកតា ផា មានភាពស្ទាក់ស្ទើរក្នុង​ការ​ទទួល​មើល​ថែ​ចៅ​ប្រុស​ សុផារិទ្ធិ​ ដែល​ទើប​​មាន​អាយុ ​១ខួប។ ទោះជាយ៉ាងណាក៏ដោយ លោក ក៏បានយល់ព្រម ព្រោះឪពុកម្តាយរបស់សុផារិទ្ធិត្រូវចេញទៅធ្វើការ។ ការប្រៀបប្រដៅរបស់លោកតា ផា គឺបែបគំរោះគំរើយ ស្រែក សំឡុត ហើយពេលខ្លះថែមទាំងវាយដំលើរាងកាយ ពេលណាកូន និងចៅ​របស់លោក មិនស្តាប់បង្គាប់ ដោយសារតែលោកតា មិនសូវយល់ដឹងពីវីធីសាស្រ្តចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ។

លោកតា ផា ក៏បានធ្វេសប្រហែសចំពោះតម្រូវការមូលដ្ឋានរបស់សុផារិទ្ធ ដូចជាការផ្តល់នូវជម្រើសអាហារសុខភាព បរិយាកាសរស់នៅស្អាត និងមានអនាម័យ។ លោកតា ផា តែងតែទិញនំកញ្ចប់ ដោយមិនបានគិតពីផលប៉ះពាល់ដែលអាចបង្កមានឡើយ។ ការណ៍នេះ បានធ្វើឱ្យចៅៗរបស់គាត់មានសុខភាពមិនល្អ និងមិនសប្បាយចិត្ត ដែលទាំងនេះ ជាទង្វើខកខានបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ។

លោកតា​ បានប្រាប់ថា៖ «ពីមុន ខ្ញុំមិនយល់ពីការចិញ្ចឹមកូនឱ្យបានត្រឹមត្រូវអ្វីទាំងអស់។ ខ្ញុំ​ ទុក​ឱ្យសុផារិទ្ធិ​លេង​ដី ហើយ​ឱ្យញុំានំកញ្ចាប់ និង​ភេសជ្ជៈ​ផ្អែមៗ​។ ពេល​គេ​ឈឺ ខ្ញុំ​បានឱ្យឪពុក​ម្ដាយ​យក​គេ​ទៅ​មន្ទីរពេទ្យ»។

គម្រោង «លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថសហគមន៍ និងអ្នកថែទាំ ដើម្បីកុមារតូចឱ្យមានជីវិតប្រសើរឡើង» (GRAND) ត្រូវបានណែនាំក្នុងខេត្តកំពង់ចាម កាលពីខែកក្កដា ឆ្នាំ២០២២ ក្រោមមូលនិធិគាំទ្ររបស់អង្គការ Save the Children ហុងកុង ហើយសកម្មភាពមួយនៃគម្រោង គឺ ដំណើរការកិច្ចប្រជុំក្រុមអ្នកថែទាំកុមារ ដែលដឹកនាំបង្រៀនដោយគ្រូបង្គោល។​

កិច្ចប្រជុំនេះ ផ្តល់ឱ្យអ្នកថែទាំកុមារតូចនូវព័ត៌មានសំខាន់ៗ និងជំនាញដែលទាក់ទងនឹងការចិញ្ចឹម ព្រមទាំងការអភិវឌ្ឍរបស់កូនតូច។ ជាឧទាហរណ៍ខ្លះៗ រួមមានការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងអារម្មណ៍របស់កុមារ យល់ពីអារម្មណ៍ និងគំនិតយោបល់​ រក្សាភាពសមស្របចំពោះការដាក់វិន័យ និងផ្លាស់ប្តូរទៅតាមតម្រូវការ​ និងដំណាក់កាលនៃការលូតលាស់របស់កុមារ។   

លោកតា ផា​​ បានទទួលស្គាល់ថា លោក ធ្លាប់មិនឱ្យតម្លៃចំពោះកិច្ចប្រជុំក្រុមអ្នកថែទាំកុមារ នៅពេលលោកបានចូលរួមកិច្ចប្រជុំជាលើកដំបូង។ លោក ជឿថា ខ្លួនមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការចិញ្ចឹមកូនទាំង៤នាក់រួចទៅហើយ ប៉ុន្តែលោកបានផ្លាស់ប្តូរវិធីសាស្ត្រ នៅពេលលោក បានចូលរួមកិច្ចប្រជុំក្រុមអ្នកថែទាំកុមារបន្តបន្ទាប់ ជំនួសប្រពន្ធរបស់លោក។​

លោកតា ផា​ បានរៀនពីវិធីសាស្រ្ត ដើម្បីប្រាកដថា សុផារិទ្ធិ មានសុខភាពរឹងមាំ និងធំលូតលាស់ល្អ កា្លយជាក្មេងឆ្លាតវៃ ដោយលោកផ្តល់​ឱ្យចៅនូវអាហារ ដែលចម្អិនបានល្អ និងសម្បូរនូវអាហារូបត្ថម្ភ។​ លោក តែងតែចំណាយពេលលេងជាមួយសុផារិទ្ធិ។ លោកតា បាននាំសុផារិទ្ធិលេងនូវសកម្មភាពដែលសប្បាយៗ និងជួយកសាងសមត្ថភាពបញ្ញា ស្មារតី និងជំនាញសង្គម។

លោកតា ផា មានប្រសាសន៍ថា៖ «ខ្ញុំលែង​​ឱ្យចៅរបស់ខ្ញុំលេងម្នាក់ឯង នៅកន្លែងដែលមិនទាន់សម្អាតទៀតហើយ ព្រោះខ្ញុំជឿថា វាមានមេរោគច្រើន។ ខ្ញុំ ត្រូវបា្រកដថា ផ្តល់អាហារសុខភាព និងមានអាហារូបត្ថម្ភដល់សុផារិទ្ធិ ព្រោះវាជួយជម្រុញការលូតលាស់ផ្នែកបញ្ញាស្មារតី។ ជាលទ្ធផល ខ្ញុំឃើញថា ចៅរបស់ខ្ញុំលូតលាស់បានល្អ និងរីករាយពេលនៅជាមួយខ្ញុំ»។

ម្តាយរបស់សុផារិទ្ធិ អ្នកស្រី ផា ស្រីអយ អាយុ២០ឆ្នាំ​ បានថ្លែងដឹងគុណចំពោះកិច្ចប្រជុំក្រុមអ្នកថែទាំកុមារ ដែលគាំទ្រដោយអង្គការ Save the Children ហុងកុង ហើយឥឡូវនេះ អ្នកស្រី ជឿថាកូនប្រុស សុផារិទ្ធិ អាយុ២ឆ្នាំ ទទួលបានក្តីស្រលាញ់ និងការចិញ្ចឹមបានត្រឹមត្រូវ មិនធ្វេសប្រហែលដូចទៅនឹងឪពុកខ្លួនធ្លាប់ផ្តល់ឱ្យខ្លួន និងបងប្អូនឡើយ។ 

អ្នកស្រី និយាយថា៖ ឪពុករបស់ខ្ញុំផ្លាស់ប្តូរច្រើន។ គាត់មានភាពអំណត់ និងចេះយកអាសារណាស់។ អ្វីដែលសំខាន់ គឺគាត់ឈប់ពិសារស្រា ហើយចំណាយពេលជាមួយកូនប្រុសរបស់ខ្ញុំវិញ។ អរគុណច្រើនដល់អង្គការ Save the Children ហុងកុង ដែលបានគាំទ្រគម្រោង «លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថសហគមន៍ និងអ្នកថែទាំ ដើម្បីកុមារតូចឱ្យមានជីវិតប្រសើរឡើង»

អ្នកស្រី លន ហាក់សេដ្ឋា ជាគ្រូបង្គោល និងអនុភូមិនៃភូមិត្រពាំងថ្ម បានលើកឡើងថា មេរៀនទាំង១២ ដែលត្រូវបានយកទៅបងៀនក្នុងកិច្ចប្រជុំអ្នកថែទាំកុមារ ពិតជាមានតម្លៃ។​ អ្នកស្រី ជឿថា មេរៀនទាំងនេះ អាចផ្លាស់ប្តូរឥរិយាបថរបស់អ្នកថែទាំកុមារ និងផ្តល់ផលជះជាវិជ្ជមានដល់ការអភិវឌ្ឍរបស់កុមារ។

អ្នកស្រី បានបន្តទៀតថា៖ «កិច្ចប្រជុំនេះបានផ្លាស់ប្តូរ លោកតា ផា និងអ្នកថែទាំផ្សេងទៀតនៅក្នុងសហគមន៍មួយនេះ។ ខ្ញុំ​មានបំណងមួយក្នុង​ការ​បន្ត​កិច្ចប្រជុំ​ទាំង​នេះ​នៅ​កម្រិត​សហគមន៍ ដើម្បី​ជួយដល់​អ្នក​ថែទាំ​ផ្សេង​ទៀតឱ្យមានការយល់ដឹងដែរ»។

អ្នកស្រី ហាក់ សេដ្ឋា មានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោកតា ផា អាចជាការជំរុញឱ្យអ្នកថែទាំផ្សេងទៀតនៅក្នុងសហគមន៍មានបទពិសោធន៍ស្រដៀងគ្នា អាចចែករំលែកពីវិធីសាស្រ្តធ្វើជាអ្នកថែទាំរឹងមាំ និងមានភាពធន់។ តាមរយៈការចែករំលែករឿងរ៉ាវរបស់លោកតា ផា​ អ្នកស្រី សង្ឃឹមថា អ្នកថែទាំកុមារផ្សេងទៀត អាចស្វែងរកការជំរុញលើកទឹកចិត្តក្នុងដំណើរការអ្នកថែទាំកុមារ។ ដើម្បីរក្សាការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះ អ្នកស្រី ហាក់សេដ្ឋា មានជំនឿថា ការបន្តគាំទ្រជាបន្តបន្ទាប់ រួមទាំងធនធាន បណ្តាញ និងការផ្តល់មូលនិធិរយៈពេលវែង គឺពិតជាមានមានសារៈសំខាន់ ដើម្បីធានាថា គំនិតផ្តួចផ្តើមទាំងនេះបន្ត និងផ្តល់លទ្ធផលឱ្យកាន់តែប្រសើរឡើងក្នុងការអនុវត្តការថែទាំកុមារ៕

សម្ភាសន៍ដោយ៖ ឡេងទឹម កុសល មន្ត្រីគម្រោងកុមារតូច

សរសេរដោយ៖ តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ

រូបថតដោយ៖ យស់ រដ្ឋា មន្រ្តីផ្នែកទំនាក់ទំនង

ពិនិត្យដោយ៖ ជិន កិត្យា អ្នកឯកទេសទទួលបន្ទុកផ្នែករបាយការណ៍ម្ចាស់ជំនួយ