រំលង​​ទៅ​មាតិកា​សំខាន់​

19 មិថុនា 2024 - ព័ត៌មាន

សេចក្ដីប្រកាសព័ត៌មានរួម | អង្គការ វីអេសអូ និងអង្គការ Save the Children ប្រចាំកម្ពុជា ប្ដេជ្ញាស្ដារប្រព័ន្ធអេកូឡូស៊ី ព្រមទាំងលើកកម្ពស់ជីវចម្រុះ និងការអភិរក្សបរិស្ថាននៃបឹងទន្លេសាប

ភ្នំពេញ, ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៖ ក្រោមថវិកាគាំទ្ររបស់សហភាពអ៊ឺរ៉ុប និង UK Aid នៅថ្ងៃពុធនេះ អង្គការ វីអេសអូ និងអង្គការ Save the Children ប្រចាំកម្ពុជា បានសហរៀបចំទិវាបរិស្ថានពិភពលោក ដែលបង្ហាញពីផលជះរបស់គម្រោង ដែលកំពុងបន្តអនុវត្តដោយផ្តោតលើការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព ស្របតាមសេដ្ឋកិច្ចបៃតង ការដោះស្រាយបញ្ហាប្រឈមនៃការរិចរិលដី វាលខ្សាច់ និងគ្រោះរាំងស្ងួតនៅកម្ពុជា ក៏ដូចជាបញ្ហាផ្សេងៗទៀត។

កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ៨៥នាក់ ក្នុងនោះមាន សមាជិកសហគមន៍នេសាទ ម្ចាស់អាជីវកម្មបៃតងក្នុងស្រុក សហគ្រិនវ័យក្មេង អ្នកស្ម័គ្រចិត្តសហគមន៍ និងប្រជាកសិករមកពីតំបន់បឹងទន្លេសាបខាងកើត ព្រមទាំង តំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្គការដៃគូផ្នែកអភិវឌ្ឍ និងវិស័យឯកជន។

ក្នុងឆ្នាំនេះ ប្រធានបទ «យើងជាអ្នកជំនាន់ថ្មី​ រួមគ្នាស្ដារបរិស្ថានឡើងវិញ ដើម្បីអនាគតយើង» បង្ហាញពីសារៈសំខាន់នៃការចូលរួមទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមមាន ការស្ដារឡើងវិញនូវដីដែលខូចគុណភាព ប្រយុទ្ធប្រឆាំងនឹងការរិចរិលដី វាលខ្សាច់ ការកសាងភាពធន់នឹងគ្រោះរាំងស្ងួត និងការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលទ្រទ្រង់ជីវិតទាំងអស់។ ក្នុងនាមជាយុទ្ធនាការបរិស្ថានដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ទិវានេះ អំពាវនាវដល់បុគ្គល សហគមន៍ និងប្រជាជាតិនានា ឱ្យរួបរួមគ្នាក្នុងការថែរក្សាភពផែនដីរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ។​

សហភាពអឺរ៉ុប គឺជាអ្នកតស៊ូមតិដ៏រឹងមាំ សម្រាប់ការការពារបរិស្ថាន និងនិរន្តរភាព ហើយនេះ គឺជាភស្តុតាងនៅក្នុងការប្រារព្ធទិវាបរិស្ថានពិភពលោកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ «សហភាពអឺរ៉ុប គឺជាអ្នកដឹកនាំក្នុងពិភពលោកជាយូរមកហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពបរិស្ថាន ត្រូវបានបង្កប់នៅក្នុងជំនឿរបស់យើងថា វាមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ប្រទេសទាំងអស់ និងមនុស្សជំនាន់ក្រោយ។ យើង រួមបញ្ចូលកម្មវត្ថុនៃការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍របស់យើង ដោយធានានូវវិធីសាស្រ្តរួមជាមួយនឹងផលជះជាវិជ្ជមានយូរអង្វែងលើមនុស្ស និងភពផែនដី។ នេះបង្ហាញឱ្យឃើញពីភាពជាដៃគូរបស់យើងជាមួយប្រទេសកម្ពុជា ដែលយើងសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងជំរុញកំណើនប្រកបដោយចីរភាពក្នុងវិស័យជលផល»។

ក្នុងឱកាសនេះដែរ លោក Roland Charles អ្នកដឹកនាំកម្មវិធីសកលសម្រាប់កម្មវិធីជីវភាពនៅជនបទរបស់អង្គការ វីអេសអូ បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពក្នុងការចូលរួមជាមួយសហគមន៍ពិភពលោកក្នុងការប្រារព្ធទិវាដ៏សំខាន់នេះ ហើយយើងចូលរួមអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីដែលខូចខាតរបស់យើង និងការពារជីវចម្រុះដែលគាំទ្រដល់ជីវិតទាំងអស់នៃបឹងទន្លេសាប។ ឥឡូវនេះជាពេលវេលាដ៍សំខាន់បំផុតដែលយើងត្រូវរួមគ្នាជាសហគមន៍សកលដើម្បីស្ដារប្រព័ន្ធធម្មជាតិដែលទ្រទ្រង់យើង និងចាត់វិធានការសំខាន់ៗដើម្បីការពារ និងធ្វើឱ្យបរិស្ថានរបស់យើងប្រសើរឡើងវិញ ដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា»។ 

ក្នុងនោះដែរ លោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា បានប្រសាសន៍ដែរថា៖ “ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារ និងស្តារបរិស្ថានថ្ងៃនេះ ធានាថា កូនៗរបស់យើងនឹងទទួលបាននូវពិភពលោកមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងសន្តិសុខស្បៀង។ ទិវាបរិស្ថានពិភពលោក គឺជាការអំពាវនាវឱ្យមានសកម្មភាពថែរក្សាបរិស្ថានរបស់យើង ជាពិសេស ការដោះស្រាយសុខភាពរបស់បឹងទន្លេសាប ដែលជាចំណុចសំខាន់ផ្តត់ផ្គង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រមាណ​៣​លាន​នាក់ ​ដែល​រស់នៅ​លើ ​និង​ជុំវិញ​តំបន់​នោះ​»​។

តាមរយៈការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤ អង្គការវីអេសអូ និងអង្គការ Save the Children ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាបរិស្ថានបន្ទាន់ ដែលកំពុងប្រឈមមុខនឹងភពផែនដីរបស់យើង។ អនាគតនៃភពផែនដីរបស់យើង គឺស្ថិតនៅក្នុងដំណាក់កាលសំខាន់ ហើយពេលវេលាសម្រាប់ជំហានដ៏ក្លាហានគឺឥឡូវនេះ។ យើង កំពុងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយយើងនៅក្នុងការប្រយុទ្ធដ៏សំខាន់នេះ ដើម្បីការពារបរិស្ថានរបស់យើង និងធានាអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

 

កំណត់សម្គាល់សម្រាប់ការីនិពន្ធ៖

អង្គការ វី អេស អូ ប្រចាំប្រទេសកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិឯករាជ្យឈានមុខគេរបស់ពិភពលោក ដែលធ្វើការតាមរយៈអ្នកស្ម័គ្រចិត្តដើម្បីបង្កើតការផ្លាស់ប្តូរយូរអង្វែង ដែលមានបេសកកម្មចូលរួមជាផ្នែកមួយនៃសហគមន៍សកល ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។​ តាមរយៈគម្រោងអនុវត្តន៍របស់អង្គការវីអេសអូ អង្គការ បានចូលរួមចំណែកបង្កើតការផ្លាស់ប្ដូរឥរិយាបថ ស្ដីពីបរិស្ថានដល់សហគមន៍នេសាទ ក្នុងបឹងទន្លេសាបព្រមទាំងបានជំរុញប្រាក់ចំណូល និងបង្កើតកសិកម្មប្របកបដោយចីរភាពសម្រាប់សហគមន៍ ដែលងាយរងគ្រោះបំផុត។

អង្គការ Save the Children គឺជាអង្គការសិទ្ធិកុមារឯករាជ្យធំបំផុតនៅលើពិភពលោក ដែលធ្វើការនៅជាង ១២០ប្រទេស ព្រមទាំងបានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧០។ ជាមួយនឹងកុមារ និងដៃគូក្នុងស្រុក អង្គការ Save the Children ដឹកនាំកម្មវិធីប្រកបដោយភាពច្នៃប្រឌិតក្នុងផ្នែកអប់រំកុមារ ភាពក្រីក្ររបស់កុមារ ការការពារកុមារ អភិបាលកិច្ចសិទ្ធិកុមារ និងសុខភាព ព្រមទាំងអាហារូបត្ថម្ភ ដោយផ្តោតលើយេនឌ័រ បរិយាបន្នពិការភាព និងការប្រែប្រួលអាកាសធាតុ។ អង្គការ Save the Children មានទំនាក់ទំនងយូរអង្វែងជាមួយក្រសួងនានារបស់រដ្ឋាភិបាល ហើយបានបង្កើតការស្រាវជ្រាវ និងភស្តុតាងដែលមានឥទ្ធិពលលើគោលនយោបាយ និងការអនុវត្តដែលលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម៖

  • លោកស្រី ទី រ៉ូហ្សាណែត ប្រធានគម្រោង ហ្គ្រីន (GREEN)

អ៊ីម៉ែល៖ rojanet.ty@vsoint.org.

លេខទូរស័ព្ទ៖ 092973993

  • លោក តាំង វីដា អ្នកឯកទេសផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ / Save the Children
  • អ៊ីម៉ែល: taing@savethechildren.org លេខទូរស័ព្ទ: 016 541616

សម្រាប់ព័ត៌មានបន្ថែម​ សូមចូលទៅកាន់ https://www.vsointernational.org/