រំលង​​ទៅ​មាតិកា​សំខាន់​

1 កក្កដា 2023 - ព័ត៌មាន

ការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ)

អង្គការ Save the Children ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
 
ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស.អ.យ លើគម្រោងធំៗចំនួន៣ របស់យើង រួមមានគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិល, គម្រោងលើកកម្ពស់បរិយាបន្ន និងកិច្ចការពារកុមាររួមទាំងកុមារដែលមាននិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រចម្រុះ, គម្រោងលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន។
 
តាមរយៈភាពជាដៃគូនេះ គោលដៅរបស់យើង គឺលើកកម្ពស់សិទ្ធិរស់រានមានជីវិត និងសិទ្ធិទាំងអស់របស់កុមារ កុមាររងគ្រោះ កុមារងាយរងគ្រោះ និងក្រុមគ្រួសាររបស់កុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ក៏ដូចជាចូលរួមចំណែកសម្រេចផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្ត្ររបស់ក្រសួងស.អ.យ។
 
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «គម្រោងទាំងនេះបង្កើតឡើង ដើម្បីចូលរួមចំណែកឆ្លើយតប និងធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាពរបស់កុមារ ដែលជាក្រុមគោលដៅសំខាន់ៗរបស់អង្គការ ការបង្កើតផែនការរួម និងសកម្មភាពផ្សេងៗជាមួយ និងតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ក្នុងការអនុវត្តនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សម្រាប់កុមារងាយរងគ្រោះ កុមារដែលមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញអំពីយេនឌ័រចម្រុះ កុមារមានពិការភាព និងកុមារ ដែលមកពីសហគមន៍ជួបការលំបាកមួយចំនួន ក៏ដូចជាបងប្អូនជនជាតិដើមភាគតិច និងជនជាតិភាគតិច ព្រមទាំងក្រុមគ្រួសាររបស់ក្រុមគោលដៅផ្សេងៗ។»
 
គម្រោងទាំងនេះ ទទួលបានថវិកាមកពីក្រសួងការបរទេសស៊ុយអែត ក្រសួងការបរទេសជប៉ុន និងក្រសួងការបរទេសន័រវែស តាមរយៈអង្គការFRI៕