វេទិកាភស្តុតាងលើបញ្ហាកុមារស្គមស្គាំង
អង្គការ Save the Children ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំវេទិកាភស្តុតាងបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើបញ្ហាកុមារស្គមស្គាំងនៅខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា និងសម្របសម្រួលកិច្ចពិភាក្សាដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីកំណត់អាទិភាពក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាកុមារស្គមស្គាំង។
គម្រោងសិក្សាស្រាវជ្រាវពីបញ្ហាកុមារស្គមស្គាំងនៅកម្ពុជា ធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង និងកោះកុង ក្រោមថវិកាគាំទ្ររបស់អង្គការ Save the Children ជប៉ុន។ និងកិច្ចសហការរបស់ស្ថាប័នពាក់ព័ន្ធ។
ការសិក្សាស្រាវជ្រាវ បានបង្ហាញពីអត្រាប្រេវ៉ាឡង់នៃកង្វះអាហារូបត្ថម្ភទាបជាងបើប្រៀបធៀបទៅនឹងការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១ លើកលែងតែក្នុងខេត្តកំពង់ឆ្នាំង និងកោះកុង ដែលមានអត្រាក្រិន និងទម្ងន់ទាបខ្ពស់ ។ ទិន្នន័យនេះបង្ហាញពីតម្រូវការដ៏សំខាន់សម្រាប់ការអនុវត្តការបំបៅកូនដែលប្រសើរឡើង ដោយសារបញ្ហាស្គមស្គាំងគឺ កើតមានច្រើនបំផុតក្នុងចំណោមកុមារអាយុលើសពី១២ខែ ហើយជាពិសេសគឺខ្ពស់ក្នុងចំណោមទារកដែលមានអាយុពី ០ដល់៥ខែ នៅក្នុងខេត្តកំពង់ចាម ដែលអត្រាបំបៅដោះកូនតែមួយមុខមានត្រឹមតែ ៤៨%ប៉ុណ្ណោះ។
លើសពីនេះ ការសិក្សារកឃើញភាពចម្រុះនៃរបបអាហារមិនល្អ ដោយមានកុមារតែម្នាក់ ក្នុងចំណោម៨នាក់ប៉ុណ្ណោះ ដែលទទួលទានអាហារយ៉ាងហោចណាស់៥មុខផ្សេងគ្នា ហើយ៧០% មិនទទួលទានបន្លែ។ បទដ្ឋានយេនឌ័រ និងជម្លោះរវាងការបង្កើតប្រាក់ចំណូល និងការមើលថែ គឺជាឧបសគ្គចម្បងចំពោះការអនុវត្តការផ្តល់អាហារដ៏ល្អប្រសើរ។ ជាចុងក្រោយ ការយល់ដឹងមានកម្រិតអំពីសញ្ញានៃកង្វះអាហារូបត្ថម្ភ និងការពឹងផ្អែកលើការពិនិត្យសុខភាពជាប្រចាំ ដើម្បីកំណត់អត្តសញ្ញាណកង្វះអាហារូបត្ថម្ភ ប្រឈមមុខនឹងការស្វែងរកការថែទាំ និងការព្យាបាលទាន់ពេលវេលា។
ដើម្បីដោះស្រាយបញ្ហាកុមារស្គមស្គាំង អាទិភាពរួមមាន ការបង្កើនការរកឃើញដំបូង និងការព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភស្រួចស្រាវ ដោយធ្វើឱ្យបុគ្គលិកសុខាភិបាលក្នុងសហគមន៍ អាចជួយកុមារ ៨០% ដែលបច្ចុប្បន្នមិនបានទទួលការព្យាបាល ការលើកកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ និងការវិនិយោគលើការថែទាំសុខភាពសហគមន៍ និងបឋម ដើម្បីការពារ និងព្យាបាលជម្ងឺរបស់កុមារ។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងផលជះនៃសកម្មភាពអាទិភាពទាំងនេះ កិច្ចខិតខំប្រឹងប្រែងរួម ត្រូវតែរៀបចំឡើង ដើម្បីសម្រុះសម្រួលឪពុកម្តាយដែលកំពុងធ្វើការ និងអ្នកថែទាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងសេដ្ឋកិច្ច និងកម្លាំងពលកម្មកម្ពុជា។
ថ្លែងបើកវេទិកា លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះរបស់អង្គការ Save the Children បានឱ្យដឹងថា ការស្រាវជ្រាវនេះ មិនត្រឹមតែបង្ហាញពីការកែលម្អ និងភាពរីកចម្រើននោះទេ តែក៏បង្ហាញពីឱកាសដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ។ ការរកឃើញទាំងនេះ ធ្វើឡើងស្របតាមផែនការសកម្មភាពសកលរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាស្គមស្គាំងរបស់កុមារ ដោយផ្តោតលើវិស័យសំខាន់ៗចំនួនបួន រួមមាន ការពង្រឹងអាហារូបត្ថម្ភរបស់មាតា ដើម្បីកាត់បន្ថយទម្ងន់កំណើតទាប, ការកែលម្អសុខភាពកុមារតាមរយៈការបញ្ជូលសេវាថែទាំបឋម និងសេវាទឹកស្អាតនិងអនាម័យ, ការពង្រឹងការអនុវត្តការចិញ្ចឹមទារក និងកុមារតូច, និងការពង្រីកលទ្ធភាពទទួលបានការព្យាបាលកុមារដែលស្គមស្គាំង ។
លោកថា៖ «យើងខ្ញុំ ជឿជាក់ថាវឌ្ឍនភាពក្នុងវិស័យទាំងនេះ ទាមទារឱ្យមានការវិនិយោគបន្តនៅក្នុងវិធីសាស្រ្តផ្អែកលើសហគមន៍ ការពង្រឹងប្រព័ន្ធសុខភាព ការគាំពារសង្គម និងប្រព័ន្ធអាហារដែលផ្តល់នូវតម្លៃសមរម្យ និងអាហារូបត្ថម្ភដល់គ្រួសារទាំងអស់»។
អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង យល់ថា ការសិក្សាស្រាវជ្រាវពីបញ្ហាកុមារស្គមស្គាំងនេះ ពិតជាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជា ហើយបញ្ហានេះ ត្រូវតែលុបបំបាត់ឱ្យបាន ដើម្បីការពារកុំឱ្យកុមារវិឌ្ឍន៍ទៅរកស្ថានភាពក្រេសក្រិន ទទួលរងហានិភ័យធ្ងន់ធ្ងរដល់ការអភិវឌ្ឍសរីរាង្គ សុខភាព ខួរក្បាល ការរៀនសូត្រ និងផលិតភាពការងារ ។ល។
ឯកឧត្តមវេជ្ជបណ្ឌិត មានប្រសាសន៍ថា៖ «ការពង្រឹង និងពង្រីកសេវាស្រាវជ្រាវរកកុមារដែលមានបញ្ហាស្គមស្គាំងទាន់ពេលវេលា ការការពារ និងព្យាបាលទាន់ពេល គឺពិតជាយន្តការមួយដ៏មានប្រសិទ្ធភាពជួយលប់បំបាត់បញ្ហាកុមារស្គមស្គាំង»។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ/ CARD គឺជាសមាជិកនៃក្រុមការងារត្រួតពិនិត្យបញ្ហាកុមារស្គមស្គាំងសកល មានតួនាទីដឹកនាំសម្របសម្រួល រៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ និងកៀរគរជំនួយគ្រប់រូបភាពពីដៃគូអភិវឌ្ឍន៍លើវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង។
បើតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចាប់ពីឆ្នាំ២០០០មក អត្រាប្រេវ៉ាឡង់កុមារស្គមស្គាំងមាន ១៧% ឆ្នាំ២០០០, ៨% ឆ្នាំ២០០៥, ១១% ឆ្នាំ២០១០, ១០% ឆ្នាំ២០១៤, និង១០% ឆ្នាំ២០២១-២០២២។ ផ្អែកតាមតួលេខនេះ អត្រាប្រេវ៉ាឡង់កុមារស្គមស្គាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១-២០២២ គឺមិនមានថយចុះទេ គឺនៅទ្រឹង ១០%។