រំលង​​ទៅ​មាតិកា​សំខាន់​

25 សីហា 2022 - ព័ត៌មាន

អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានទទួលស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ Save the Children កូរ៉េ ក្នុងដំណើរទស្សនកិច្ច

អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានទទួលស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ Save the Children កូរ៉េ ក្នុងដំណើរទស្សនកិច្ចទៅកាន់សាលារៀនចំនួន៣ ក្នុងតំបន់គោលដៅនៃគម្រោង ដែលបានអនុវត្តកន្លងមក និងកំពុងអនុវត្ត នៅក្នុងខេត្តកំពង់ឆ្នាំង។
 
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤ ដល់២៥ ខែសីហា ឆ្នាំ២០២២នេះ សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ Save the Children កូរ៉េ បានធ្វើទស្សនកិច្ចសាលាគោលដៅ នៃគម្រោងការវិលត្រលប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅកាន់សមធម៌ និងភាពធន់នៃការអប់រំ (PEER) ដែលរួមមាន សាលាបឋមសិក្សា ប្រាសាទជាងទង និងសាលាបឋមសិក្សា ព្រាល ក្នុងស្រុករលាប្អៀរ ព្រមទាំងសាលាបឋមសិក្សា កំពង់ក្រចាប់ ក្នុងស្រុកបរិបូរណ៍។
 
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីតម្រូវការបន្ថែមរបស់គម្រោង PEER ក្នុងការរៀបចំផែនការសកម្មភាពបន្តក្នុងពេល ២ឆ្នាំខាងមុខ និងតាមដានពីវឌ្ឍនភាពនៃគម្រោងមុន (គម្រោងអប់រំប្រកបដោយគុណភាព និងបរិយាបន្ន - EQUAL) ក៏ដូចជាជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ រួមមាន នាយកសាលា គណៈកម្មការសាលា គ្រូបង្រៀន ក្រុមប្រឹក្សាកុមារ និងសិស្សជាច្រើន ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពសិក្សារបស់កុមារកម្ពុជា ព្រមទាំងផលជះនៃកិច្ចអន្តរាគមន៍មុន និងបច្ចុប្បន្ន។
 
តាមរយៈជំនួយគាំទ្ររបស់អង្គការ Save the Children កូរ៉េ កាលពីឆ្នាំ២០២១ អង្គការ Save the Children ប្រចាំកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវគម្រោងសាលាមត្តេយ្យនៅតំបន់ដាច់ស្រយាល (R.E. Learning) និងគម្រោងអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ព្រមទាំងបានចាប់ផ្តើមនូវគម្រោងការវិលត្រលប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅកាន់សមធម៌ និងភាពធន់នៃការអប់រំ ក្នុងគោលបំណងគាំទ្រដល់ការបន្តការសិក្សារបស់កុមារអំឡុង និងក្រោយស្ថានភាពកូវីដ ១៩៕