រំលង​​ទៅ​មាតិកា​សំខាន់​

11 វិច្ឆិកា 2021 - ព័ត៌មាន

[សេចក្តីថ្លែងការណ៍រួម] ការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទភាគីចូលរួមអនុសញ្ញាក្របខណ្ឌ របស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៦

 

 

សេចក្តីថ្លែងការណ៍រួម

ការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទភាគីចូលរួមអនុសញ្ញាក្របខណ្ឌ

របស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៦

 

រាជធានីភ្នំពេញ/ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ - ប្រទេសកម្ពុជា ប្រឈមនឹងភាពងាយរងគ្រោះខ្លាំង ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ដោយស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃប្រទេសក្នុងតំបន់អាស៊ីដែលស្ថិតក្នុងប្រភេទមានហានិភ័យខ្ពស់បំផុត និងទី១៥ នៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ហានិភ័យពិភពលោក ដែលបានដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ដែលមានហានិភ័យបំផុតក្នុងពិភពលោក។

ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ សុទ្ធតែជាមូលហេតុចម្បងនៃគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា ដោយទឹកជំនន់ ដែលបង្កឡើងដោយព្យុះ និងភ្លៀងធ្លាក់ខ្លាំង គឺជាទម្រង់គ្រោះមហន្តរាយទូទៅបំផុត ដែលប្រទេសនេះជួបប្រទះជាប្រចាំ ពោលគឺ ៦៥% នៃគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រទេសជាតិ។ ក្នុងឆ្នាំ២០២០ ទឹកជំនន់ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាង ១សែន៧ម៉ឺន៥ពាន់គ្រួសារ នៅទូទាំង ១៤ខេត្ត ដែលតំបន់ទាំងនោះត្រូវការនូវជំនួយស្បៀងអាហារ។

ក្នុងនាមជា ក្រុមធ្វើសកម្មភាពរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃអង្គការសង្គមស៊ីវិលដែលធ្វើការរួមគ្នា ដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា យើងបានសង្កេតយ៉ាងដិតដល់ទៅលើបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ ដែលងាយរងគ្រោះបំផុត រួមមានគ្រួសារក្រីក្រ អ្នកមានពិការភាព ជនជាតិដើមភាគតិច និងកុមារ។

យើងទទួលស្គាល់ថា «បច្ចុប្បន្នភាពការចូលរួមចំណែកដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ» របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការរបស់ខ្លួន សម្រាប់ទស្សវត្សរ៍ក្រោយដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសង្គម ដែលមានភាពធន់ និងកាបូនទាប។

មុនពេលសន្និសីទបណ្ដាភាគីលើកទី២៦នេះ យើង បានធ្វើការវិភាគ ការស្ទង់មតិ ការពិគ្រោះយោបល់ និងការពិភាក្សាជាច្រើន ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសកម្មភាពអាទិភាព ទាក់ទងនឹងវិបត្តិការប្រែប្រួលអាកាសធាតុ។

ចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២១ យើង ក៏បានធ្វើការស្ទង់មតិមួយស្តីពី វិបត្តិអាកាសធាតុ ទៅលើកុមារចំនួន ៣ ១១៧នាក់ រួមជាមួយនឹងការពិគ្រោះយោបល់ តាមរយៈបណ្តាញកុមារនិងយុវជន ដើម្បីស្វែងយល់ពីការយល់ឃើញរបស់ពួកគេ ព្រមទាំងទំហំនៃផលប៉ះពាល់ ដែលកើតឡើងដោយសារវិបត្តិអាកាសធាតុមកលើជីវិតរបស់ពួកគេ និងមធ្យោបាយនាថ្ងៃខាងមុខ។

ដោយផ្អែកទៅលើការស្ទង់មតិលើវិបត្តិអាកាសធាតុ និងការពិគ្រោះយោបល់ ដែលធ្វើឡើងក្នុងចំណោមកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះផ្សេងៗទៀត ក៏ដូចជាបណ្តាញយុវជនក្រុមធ្វើសកម្មភាពរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សូមផ្តល់អនុសាសន៍ដូចខាងក្រោម៖

  1. កសាងសហគមន៍ដែលមានភាពស៊ាំ តាមរយៈការសម្របសម្រួលកិច្ចសន្ទនា និងការផ្សព្វផ្សាយតាមសហគមន៍ ការបង្កើនការយល់ដឹងអំពីសកម្មភាពបន្ស៊ាំ និងការបង្កើនមូលនិធិដល់សហគមន៍ ដោយផ្អែកលើការងារបន្ស៊ាំ។
  2. ធានាបាននូវការកៀរគរធនធាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព ដែលជាផ្នែកឆ្ពោះទៅរកការអនុវត្ត ការចូលរួមចំណែកដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) តាមរយៈការលើកទឹកចិត្តប្រទេសនានា ឱ្យអនុម័តនូវការប្តេជ្ញាចិត្តលើគម្រោងថវិកា ការគាំទ្រយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់ការកៀរគរធនធាន និងការប្តេជ្ញាចិត្ត ក្នុងដំណើរការធ្វើសេចក្តីសម្រេចជារួម ទាក់ទងនឹងការប្រើប្រាស់មូលនិធិដែលបានប្តេជ្ញា ដែលក្នុងនោះរួមមាន ការចូលរួមពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ។
  3. រក្សាគណនេយ្យភាព ដោយការបែងចែកមូលនិធិ សម្រាប់ទូទាត់ការខូចខាត និងសំណង ការពង្រឹងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌ ដែលផ្តោតលើការប្រែប្រួលអាកាសធាតុ និងបញ្ហាកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយព្រមទាំងគាំទ្រទៅលើការសិក្សាដែលផ្អែកលើភស្តុតាង ស្តីពីផលប៉ះពាល់អាកាសធាតុ នៅក្នុង        ប្រទេស។
  4. ធានាថា គោលនយោបាយសកល ត្រូវបានផ្តោតលើសហគមន៍ រួមទាំងរង្វាន់ឥណទានកាបូន សម្រាប់ការអភិរក្សព្រៃឈើ និងការដាំដើមឈើឡើងវិញ ដោយគិតគូដល់ជីវភាពរស់នៅរបស់សហគមន៍ និងហានិភ័យដែលប្រឈមនឹងវិបត្តិអាកាសធាតុ ក៏ដូចជាការលើកកម្ពស់បច្ចេកវិទ្យា ដែលមានតម្លៃទាប និងអាចប្រើប្រាស់បាន ដើម្បីកាត់បន្ថយវិបត្តិអាកាសធាតុ។
  5. ធានាឱ្យមានការរៀបចំស្ថាប័ន និងការអនុវត្តគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលមានការចូលរួមពីអ្នកពាក់ព័ន្ធនានា រាប់បញ្ចូលទាំងសង្គមស៊ីវិល និងយុវជន ដើម្បីធានាបាននូវនិរន្តរភាព ខណៈដែលការរក្សាអភិបាលកិច្ចល្អ ដោយការពង្រឹងការអនុវត្តគោលនយោបាយការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងការធានាបាននូវពាណិជ្ជកម្មកាបូន ត្រូវបានអនុវត្តដោយក្រមសីលធម៌ ដោយមិនមានការរាប់បរមាណឥណទានកាបូនជាន់គ្នា និងដោយមិនមានការប៉ះពាល់ដល់បរិស្ថានពិតប្រាកដ។
  6. ឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃទី៦ នៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២១ និងភាពបន្ទាន់ដែលបានលើកឡើងនៅក្នុងរបាយការណ៍ជាមួយនឹងសកម្មភាពប្រកបដោយមហិច្ឆតា។

 

 

អំពី ក្រុមធ្វើសកម្មភាពរួម កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

នៅក្នុងប្រទេសកម្ពុជា ក្រុមធ្វើសកម្មភាពរួម ប្រមូលផ្តុំនូវអង្គការសង្គមស៊ីវិល ដែលធ្វើការដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ សម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត រួមមានគ្រួសារក្រីក្រ អ្នកមានពិការភាព ក្រុមជនជាតិដើមភាគតិច និងកុមារ។

សមាជិកនៃក្រុមធ្វើសកម្មភាពរួម មានដូចជា អង្គការ Save the Children, DanChurchAid, People in Need, World Vision, PADEK, Asia Disaster Preparedness Centre, ChildFund, ActionAid, Save the Earth, Life With Dignity, Caritas, Plan International, AVSF, និង Life Steps Organization.

 

កំណត់ចំណាំសម្រាប់អ្នកអាន៖

ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចក្រភពអង់គ្លេស រួមជាមួយសហម្ចាស់ផ្ទះអ៊ីតាលី បាននិងកំពុងរៀបចំព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើនជឿថា ជាឱកាសដ៏ល្អបំផុតចុងក្រោយរបស់ពិភពលោក ក្នុងការទទួលបានការគ្រប់គ្រងបញ្ហាប្រែប្រួលអាកាសធាតុ។ អស់រយៈពេលជិតបីទសវត្សរ៍មកហើយ អង្គការសហប្រជាជាតិ បានប្រមូលផ្តុំស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើផែនដី សម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោក ដែលហៅថាសន្និសីទបណ្ដាភាគី ឬហៅកាត់ថា «COPs»។ ឆ្នាំនេះ គឺជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី ២៦ របស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា COP26។ ជាមួយនឹងចក្រភពអង់គ្លេសជាប្រធាន កិច្ចប្រជុំ បានធ្វើឡើងនៅទីក្រុង Glasgow ។

សម្រាប់ព័ត៌មានបន្ថែម៖

- លោក រស់ ចាន់បូរិទ្ធិ, Save the Children ប្រចាំប្រទេសកម្ពុជា, អ៊ីម៉ែល: Chanborith.ros@savethechildren.org

- លោក ណុប ប៉ូលីន,DanChurchAidប្រចាំប្រទេសកម្ពុជា, អ៊ីម៉ែល: nopo@dca.dk

- លោកស្រី កែវ សុជាតិ, ChildFund ប្រចាំប្រទេសកម្ពុជា, អ៊ីម៉ែល: keosocheat@childfund.org.kh

###