ម្ចាស់ជ័យលាភីគ្រូ “ល្អ” ប្តេជ្ញាជួយដល់កុមារ និងសហគមន៍របស់ខ្លួន
អ្នកគ្រូ ទិត្យ រីដា ជ័យលាភីពានរង្វាន់គ្រូបង្រៀនល្អកម្រិតថ្នាក់ជាតិ បាននិងកំពុងខិតខំយ៉ាងខ្ជាប់ខ្ជួនដើម្បីពង្រឹងសមត្ថភាពខ្លួនជាមួយនឹងវិធីសាស្រ្ត និងជំនាញក្នុងការបង្រៀន ក្នុងគោលបំណងស្វែងរកការទទួលស្គាល់កាន់តែច្រើនដល់សាលារៀន និងសហគមន៍របស់អ្នកគ្រូ។
អ្នកគ្រូ រីដា អាយុ២៧ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាស្ពានពោធិ៍ បានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្ដេចតេជោសែន សម្រាប់«គ្រូបង្រៀនល្អ» សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមឆ្នាំ២០២៣នេះ។
អ្នកគ្រូ រីដា រស់នៅជាមួយម្តាយ និងប្អូនស្រីម្នាក់ នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឪពុករបស់អ្នកគ្រូ បានទទួលមរណភាពនៅឆ្នាំ ២០១៩ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បងប្អូនបង្កើតបីនាក់ផ្សេងទៀតរបស់អ្នកគ្រូ បានផ្លាស់ប្តូរទីលំនៅទៅខេត្តផ្សេងទៀតនិងនៅភ្នំពេញ ក្នុងគោលបំណងធ្វើការ និងបន្តការសិក្សា។ បច្ចុប្បន្ន ម្តាយ និងប្អូនស្រីរបស់ រីដា ប្រកបរបរលក់អាហារនៅផ្ទះ ក្បែររោងចក្រកាត់ដេរមួយកន្លែង។ ជារឿយៗ រីដា ជួយពួកគេធ្វើម្ហូបនៅពេលទំនេរពីសាលារៀន។
វា តែងតែជាក្តីស្រមៃរបស់ រីដា ដើម្បីក្លាយជាគ្រូបង្រៀន និងបង្រៀនក្មេងៗនៅសាលាបឋមសិក្សាស្ពានពោធិ៍ ដែលជាទីតាំងអ្នកគ្រូ បានរៀនកាលពីនៅជាសិស្ស។
“ការធ្វើជាគ្រូបង្រៀន គឺជាក្តីសុបិនរបស់ខ្ញុំ កាលពីនៅក្មេង។ ខ្ញុំ បានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សានៅឆ្នាំ ២០១៦ នៅពេលដែលខ្ញុំ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគរុកោសល្យខេត្តកំពង់ឆ្នាំង” នេះជាលើកឡើងរបស់រីដា “មានក្មេងៗជាច្រើននៅក្នុងថ្នាក់រៀននីមួយៗ ដែលធ្វើអោយខ្ញុំប្រឈមឧបសគ្គ នៅពេលធ្វើជាគ្រូបង្រៀនដំបូងៗ។ ពេលនោះ ខ្ញុំ មិនប្រាកដថា ត្រូវធ្វើអ្វីក្រៅពីធ្វើតាមកម្មវិធីសិក្សា»។
អ្នកគ្រូ រីដា បានកត់សម្គាល់ថា ខ្លួន បានពង្រឹងរបៀបបង្រៀន និងទំនាក់ទំនងជាមួយកុមារតូចៗ តាមរយៈបទពិសោធន៍ និងការគាំទ្រជាបន្តបន្ទាប់ ដែលអ្នកគ្រូ ទទួលបានពីមិត្តភ័ក្តិ និងគម្រោងដែលផ្តល់មូលនិធិដោយអង្គការ Save the Children ។
សាលាបឋមសិក្សាស្ពានពោធិ គឺជាសាលាគោលដៅមួយក្នុងចំណោមសាលាគោលដៅទាំង៣២ ដែលគាំទ្រដោយគម្រោង «ការវិលត្រលប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ» (PEER) ដោយមានការគាំទ្រថវិកាពីអង្គការ Save the Children កូរ៉េ ក្នុងខែកក្កដា ឆ្នាំ២០២១។
ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គម្រោង PEER បានគាំទ្រគ្រូបង្រៀននៅសាលាគោលដៅទាំង៣២ ជាមួយនឹងការពង្រឹងសមត្ថភាព រួមទាំងការបណ្តុះបណ្តាលស្តីពីការបង្កើតសម្ភារៈសិក្សា ដែលងាយស្រួលសម្រាប់កុមារ ការបង្កើតគណៈកម្មាធិការគ្រប់គ្រងថ្នាក់រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដើម្បីរៀបចំថ្នាក់អនឡាញ ផលិតវីដេអូបង្រៀន និងបង្កើតក្រុមសិក្សាតាមកម្មវិធីក្នុងបណ្តាញសង្គម។
អ្នកគ្រូ រីដា បានលើកឡើងថា គម្រោង PEER ក៏បានបំពាក់ឱ្យអ្នកគ្រូនូវជំនាញ និងចំណេះដឹង ដើម្បីបង្រៀនសិស្សវ័យក្មេងប្រកបដោយប្រសិទ្ធភាព និងទទួលស្គាល់ការខិតខំប្រឹងប្រែង និងការប្រតិបត្តិរបស់អ្នកគ្រូ។ ក្រោយមក អ្នកគ្រូ ត្រូវបានលើកទឹកចិត្តដោយគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងក្រុមការងារគម្រោង ឱ្យចុះឈ្មោះសម្រាប់ការប្រកួតប្រជែង "គ្រូល្អ" ប្រចាំឆ្នាំ ដែលវាយតម្លៃបេក្ខជនដោយផ្អែកលើលទ្ធផលការងារ និងការយកចិត្តទុកដាក់របស់ពួកគេ។
“ខ្ញុំ បានប្រាប់ខ្លួនឯងថា ធ្វើវាទៅ ទោះបីជាខ្ញុំប្រហែលជាមិនត្រូវបានជ្រើសរើសក៏ដោយ។ ខ្ញុំបានចូលរួមប្រកួត ហើយនៅទីបំផុតទទួលបានចំណាត់ថ្នាក់លេខបី។ ខ្ញុំ មានអារម្មណ៍រីករាយនៅពេលដែលការខិតខំរបស់ខ្ញុំបានសម្រេច»។ អ្នកគ្រូ រីដា បានបន្តថា “ខ្ញុំប្តេជ្ញាចែករំលែកនូវបទពិសោធន៍ដែលខ្ញុំបានជួបជាមួយគ្រូផ្សេងទៀត ហើយណែនាំគ្រូក្មេងៗឲ្យបំពេញតួនាទីរបស់ពួកគេជាគ្រូល្អឲ្យល្អបំផុត”។
អ្នកគ្រូ រីដា បានបន្ថែមថា អ្នកគ្រូ នឹងបន្តបង្រៀនសិស្សនៅសាលារបស់អ្នកគ្រូ ហើយនឹងផ្តល់ជំនួយបន្ថែមដល់សិស្សដែលជួបការលំបាក។
សិស្សរបស់អ្នកគ្រូ រីដា ឈ្មោះ ម៉េងហៀង អាយុ ១១ឆ្នាំ បានបង្ហាញការពេញចិត្តចំពោះថ្នាក់រៀន និងថាបានរៀនច្រើនពីអ្នកគ្រូរីដា។ “ខ្ញុំសប្បាយចិត្តព្រោះអ្នកគ្រូរបស់ខ្ញុំ ពូកែបង្រៀន។ អ្នកគ្រូ បានធ្វើឲ្យយើងសប្បាយក្នុងការរៀន។ គ្រូរបស់ខ្ញុំមានភាពអត់ធ្មត់ និងឆ្លាត" ។
លោក ហែល សុខ នាយករងសាលាបឋមសិក្សាស្ពានពោធិ៍ បានចាត់ទុកអ្នកគ្រូ រីដា ជាគ្រូបង្រៀនដែលមានសក្ដានុពលខ្ពស់ ដោយកត់សម្គាល់ពីភាពឆ្លាតវៃ និងការចូលរួមរបស់អ្នកគ្រូ។
លោកថា៖ “គាត់ រៀនឆាប់រហ័ស ហើយបានអនុវត្តនូវអ្វីដែលរៀននោះ ទៅក្នុងការអនុវត្តបានយ៉ាងល្អ។ គាត់បាន បានចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គាត់ជាញឹកញាប់ជាមួយគ្រូផ្សេងទៀត។ ខ្ញុំមានមោទនភាពដែលមានគាត់ជាគ្រូម្នាក់របស់យើងនៅទីនេះ។ ខ្ញុំ នឹងបន្តគាំទ្រអ្នកគ្រូ ដើម្បីឱ្យអ្នកគ្រូកាន់តែប្រសើរ»។
ក្រៅពីអ្នកគ្រូ រីដា គ្រូបង្រៀនពីររូបទៀត គឺអ្នកគ្រូ នុត ជឿនសីម៉ា មកពីសាលាបឋមសិក្សាវត្តថ្មី ស្រុកកំពង់ត្រឡាច ក៏ទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ការបង្រៀនគណិតវិទ្យាល្អជាងគេ ខណៈលោកគ្រូ សុខ ទិត្យ មកពីសាលាបឋមសិក្សាច្រកស្តេច ក៏ទទួលបានចំណាត់ថ្នាក់លេខ១ផងដែរ សម្រាប់ការបង្រៀនអក្សរសាស្រ្តខ្មែរល្អបំផុតនៃពានរង្វាន់សម្ដេចតេជោ សែន៕