នាយកប្រចាំប្រទេសនៃអង្គការ Save the Children បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួងស.អ.យ)
កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ហុង រស្មី នាយកប្រចាំប្រទេស និងក្រុមការងាររបស់អង្គការ Save the Children បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួងស.អ.យ) ព្រមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត។
ក្នុងជំនួបនេះ លោក រស្មី បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗរបស់អង្គការ Save the Children ប្រចាំកម្ពុជា ក្នុងវិស័យសង្គមកិច្ច រួមមាន៖ កម្មវិធីកុមារតូច ដែលផ្តោតលើការចិញ្ចឹម និងការអប់រំបែបវិជ្ជមាន, កម្មវិធីអភិបាលកិច្ចសិទ្ធិកុមារ និងកិច្ចគាំពារកុមារ, កម្មវិធីអប់រំ, កម្មវិធីកាត់បន្ថយភាពក្រីក្រកុមារ ដែលផ្តោតលើការលើកកម្ពស់ជីវភាពគ្រួសារ និងជំនួយមនុស្សធម៌សង្គម, រួមទាំងកិច្ចគាំពារសង្គម និងជំនួយសង្គម។
បន្ថែមពីនេះ លោក រស្មី ក៏បានលើកឡើងពីកិច្ចសហការសំខាន់ៗរបស់អង្គការ Save the Children ជាមួយនឹងក្រសួង ស.អ.យ មានដូចជា កិច្ចគាំពារកុមារលើគោលនយោបាយ និងការផ្តល់សេវាផ្ទាល់ដល់កុមារនិងគ្រួសារ ពិសេសការធ្វើសមាហរណកម្មកុមារទៅគ្រួសារ ការបង្វែរ និងបិទមណ្ឌលថែទាំកុមារ ការបង្ការការបំបែកកុមារពីគ្រួសារ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការសម្របសម្រួល ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាកិច្ចការងារពង្រឹងប្រព័ន្ធអភិបាលកិច្ចសិទ្ធិកុមារផងដែរ។
នៅក្នុងឆ្នាំ២០២២ អង្គការ Save the Children បានរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ថែទាំ និងចិញ្ចឹមបីបាច់កុមារតាមបែបវិជ្ជមានដល់ឪពុកម្តាយ និងអ្នកថែទាំចំនួន១៣,៧៧៩នាក់ និងកុមារផ្ទាល់ចំនួន៤,៩២២នាក់។ ការងារដ៏សំខាន់មួយទៀត គឺការរួមចំណែកពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមនៅកម្ពុជា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
ក្រោមកិច្ចសហការជាមួយក្រសួង ស.អ.យ លោក រស្មី បានបន្តថា អង្គការ Save the Children ចូលរួមពង្រឹងវប្បធម៌ថែទាំ និងការចិញ្ចឹមកុមារបែបវិជ្ជមាន ចំពោះឪពុកម្តាយ និងកុមារ ក៏ដូចជាបណ្តុះបណ្តាលគ្រូបង្គោល និងជួយគាំទ្រដល់កុមាររងហិង្សាជាច្រើនករណី។ អង្គការ Save the Children ក៏បានចូលរួមឆ្លើយតបបញ្ហារាតត្បាតជម្ងឺកូវីដ ១៩ តាមរយៈកម្មវិធីផ្ទេរសាច់ប្រាក់ទៅគ្រួសាររងគ្រោះ ដោយបាន និងកំពុងធ្វើការជាមួយបេឡាជាតិជំនួយសង្គម ដើម្បីចងក្រងឱបករណ៍ប៉ាន់ប្រមាណការចំណាយគ្រួសារអប្បបរមា ដែលគិតគូរតម្រូវការកុមារ។
ឆ្លៀតក្នុងឱកាសនោះ លោក រស្មី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីការបន្តគម្រោង «ការថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង» រយៈពេល២១ខែ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ ក្រោមមូលនិធិរបស់ទីភ្នាក់ងារជំនួយអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ។ លោក រស្មី ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បន្តការគាំទ្រ និងផ្តល់យោបល់តម្រង់ទិសដៅដល់គម្រោង «ការថែទាំក្នុងគ្រួសារជាអាទិភាពចម្បង» ដើម្បីបន្តរួមចំណែកក្នុងការបង្វែរ និងបិទមណ្ឌលថែទាំកុមារ និងបង្ការការបំបែកកុមារពីគ្រួសារ ការថែទាំជំនួសតាមគ្រួសារ និងផែនការអចិន្រ្តៃយ៍ និងការពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម។ លោក រស្មី ក៏ស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បង្កើនថវិកាជាតិបន្ថែម ដើម្បីពន្លឿនយន្តការជំនួយសង្គមដែលគិតគូរដល់កុមារ និងគាំទ្រធនធានដល់កម្លាំងសេវាសង្គម។
ជាការឆ្លើយតប ឯកឧត្តម វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងកិច្ចការងារកន្លងមករបស់អង្គការ Save the Children។
ឯកឧត្តម ក៏បានឆ្លើយតបជាវិជ្ជមាន ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះសំណូមពរដែលបានលើកឡើង និងបានលើកទឹកចិត្តថ្នាក់ដឹកនាំអង្គការ Save the Children ឱ្យបន្តកិច្ចសន្ទនាជាមួយអង្គភាពជំនាញទៅលើកិច្ចការងារបច្ចេកទេសលម្អិតជាក់ស្តែងក្នុងកម្រិតក្របខណ្ឌក្រសួង។ បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចអំពីកិច្ចប្រឹងប្រែងនានាដែលរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងក្នុងវិស័យគាំពារសង្គម ជាពិសេសការផ្ទេរសាច់ប្រាក់ជូនគ្រួសារដែលមានប័ណ្ណសមធម៌ គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ១៩ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលមានតួលេខសរុបជាងមួយលានគ្រួសារ៕