រំលង​​ទៅ​មាតិកា​សំខាន់​

25 កញ្ញា 2023 - Story

ក្មេងប្រុស ដែលធ្លាប់បោះបង់ការសិក្សា បានត្រលប់មកចូលរៀនវិញ និងចង់ក្លាយជាគ្រូពេទ្យ

កុមារា ធាង សុផាន់ណា មានអាយុ ៩ឆ្នាំ និងធ្លាប់បានបោះបង់ចោលការសិក្សាពីមុនមក ពេលនេះ បានផ្លាស់ប្រែតាំងចិត្តខិតខំរៀនសូត្រ និងចង់ក្លាយជាគ្រូពេទ្យម្នាក់ នៅថ្ងៃខាងមុខ។ សុផាន់ណា មានបំណងផ្តល់ការថែទាំ និងព្យាបាលសុខភាពទៅដល់ភូមិ និងជួយដល់អ្នកដែលទទួលមានជម្ងឺកម្រ ដូចជាម្តាយរបស់ខ្លួន។

សុផាន់ណា រស់នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង និងជាក្មេងកំព្រាឪពុក រស់ជាមួយម្តាយ ឈ្មោះ កុច សាលីម។ អ្នកស្រី សាលីម ត្រូវបានគ្រូពេទ្យបញ្ជាក់ថា មានស្មារតីមិននឹងនរ និងមានជម្ងឺដំបៅស្បែក។ ឪពុករបស់សុផាន់ណា បានបោះបង់ចោលគ្រួសារ មួយខែបន្ទាប់ពីសុផាន់ណាបានកើតមក ដោយដារតែសម្ពាធ និងការទទួលខុសត្រូវក្នុងការបីបាច់ថែរក្សាគ្រួសារ។ នេះបើតាមអ្នកស្រី សាលីម។

សុផាន់ណា និងគ្រួសារ ជារឿយៗ ប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារតែម្តាយរបស់ខ្លួន មានប្រាក់ចំណូលទាបពីការងារជាអ្នកសម្អាត និងតិចតួចពីការដាំដុះជុំវិញផ្ទះ។ កាលពីឆ្នាំមុន សុផាន់ណា បានឈប់ទៅរៀន នៅពេលដែលម្តាយរបស់ខ្លួនសម្រាកនៅមន្ទីរពេទ្យរយៈពេល ១ខែ និងធ្វើឱ្យសុផាន់ណា និងបងស្រី អាយុ១៣ឆ្នាំ មិនមានជំនួយផ្នែកហិរញ្ញវត្ថុ សម្រាប់ការចំណាយប្រចាំថ្ងៃ និងអាហាររបស់ពួកគេ។

សុផាន់ណា បាននិយាយថា៖ «ខ្ញុំ មិនអាចទៅរៀន ដោយសារត្រូវនៅពេទ្យមើលម៉ែ។ បងស្រីខ្ញុំ និងខ្ញុំ បានធ្វើកន្ត្រកពីឬស្សី និងលក់ដើម្បីរកលុយ។ យើងរកបានតិច ហើយពេលខ្លះ អត់មានអីហូបទេ។ ពេលនោះ ខ្ញុំនឹកពេលទៅសាលារៀន និងពេលលេងជាមួយមិត្តភក្តិ។»

សាលាបឋមសិក្សាព្រៃមូល ដែលសុផាន់ណា បានចូលរៀននោះ គឺជាសាលាគោលដៅមួយក្នុងចំណោមសាលាគោលដៅចំនួន ៣២ ដែលគាំទ្រដោយគម្រោង «ការវិលត្រលប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ» (PEER) គាំទ្រថវិកាដោយអង្គការ Save the Children កូរ៉េ ចាប់ពីខែកក្កដា ឆ្នាំ២០២១។

ក្រោយកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង មុនពេលចាប់ផ្តើមឆ្នាំសិក្សា ២០២២-២០២៣ គម្រោង PEER បានគាំទ្រដល់សាលារៀនគោលដៅទាំងអស់ ក្នុងការធ្វើយុទ្ធនាការ «វិលត្រលប់មកសាលារៀនដោយសុវត្ថិភាព» និងបានចុះសួរសុខទុក្ខដល់ផ្ទះរបស់កុមារ ដែលបានបោះបង់ការសិក្សា ក៏ដូចជាអ្នកដែលប្រឈមនឹងបញ្ហាហិរវត្ថុ ឬហៅថា អ្នកមានជីវភាពខ្វះខាត។

លោក ឈុត ផាណាន់ គ្រូបន្ទុកថ្នាក់របស់សុផាន់ណា បានជួបសួរសុខទុក្ខម្តាយរបស់សុផាន់ណា បន្ទាប់ពីគាត់ចេញពីមន្ទីរពេទ្យមកផ្ទះវិញ និងបានយល់ដឹងពីបញ្ហាប្រឈមរបស់គ្រួសារគាត់ ព្រមទាំងរាយការណ៍ពីរឿងនោះទៅកាន់គណៈកម្មការគ្រប់គ្រងសាលារៀន។

លោកគ្រូ ផាណាន់ ថា៖ «សុផាន់ណា គឺជាសិស្សល្អ ហើយគាត់ប្រឹងរៀនណាស់ ប៉ុន្តែដោយសារតែជីវភាព គាត់ខកខានមករៀនញឹកញាប់ ហើយក្លាយជាសិស្សរៀនយឺត និងឈានដល់បោះបង់ការសិក្សាតែម្តង»។

លោកគ្រូ បានបន្ថែមដែរថា គណៈកម្មការគ្រប់គ្រងសាលារៀន ក៏បានចុះសួរសុខទុក្ខគ្រួសារ និងប្រឹក្សាជាមួយម្តាយរបស់សុផាន់ណាពីស្ថានភាពហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាសារៈសំខាន់នៃការអប់រំរបស់សុផាន់ណា។

ក្រោយមក ម្តាយរបស់សុផាន់ណា ក៏ទទួលបាននូវការងារជាអ្នកសំអាតនៅមណ្ឌលសុខភាពក្នុងសហគមន៍ ដែលជាការណែនាំពីគណៈកម្មការគ្រប់គ្រងសាលារៀន។ ប្រការនេះ បានជួយឱ្យគាត់ទទួលបានប្រាក់ចំណូលដែលមានស្ថិរភាព និងមានពេលសម្រាប់ធ្វើស្រែចំការជុំវិញផ្ទះ ព្រមទាំងក្រងកន្ត្រកឈើសម្រាប់លក់។ ជាលទ្ធផល សុផាន់ណា និងបងស្រី បានធូរស្រាលពីការទទួលខុសត្រូវ និងបានវិលត្រលប់ចូលរៀនវិញ។

នៅដើមឆ្នាំនេះ សុផាន់ណា បានទទួលបានការគាំទ្រពីកម្មវិធី «ការផ្តល់សាច់ប្រាក់សម្រាប់ការអប់រំ» របស់គម្រោង PEER និងបានត្រឡប់មកសាលារៀនវិញនៅថ្នាក់ទី៣ ។ សុផាន់ណា បានប្រើប្រាស់ប្រាក់នោះ ដើម្បីទិញកង់ សំលៀកបំពាក់ថ្មី និងសម្ភារៈសិក្សាផ្សេងៗទៀត។

គម្រោង PEER ក៏បានជួយដល់សាលាបឋមសិក្សាព្រៃមូល ក្នុងដំណើរការកម្មវិធីមួយដើម្បីបំប៉នការរៀនសូត្ររបស់សិស្សដែលជួបការលំបាកដូច សុផាន់ណា។ កម្មវិធីនេះ បានរួមបញ្ចូលនូវក្លឹបសិក្សា ដែលជាក្រុមសិក្សាដោយខ្លួនឯងបង្កើតឡើងដោយសិស្សជាក្រុម។

សុផាន់ណា បាននិយាយថា៖ «មករៀនវិញ ខ្ញុំ សប្បាយចិត្តខ្លាំងណាស់។ ឥឡូវនេះ ខ្ញុំមានមិត្តភ័ក្តិលេងជាមួយ មិនឯកាដូចនៅផ្ទះទេ។ ខ្ញុំ ចង់រៀន និងចង់ក្លាយជាគ្រូពេទ្យនៅពេលខ្ញុំធំឡើង ដើម្បីព្យាបាលម៉ែ និងអ្នកភូមិដែលឈឺ និងពិបាកព្យាបាល»។

បើតាមអ្នកគ្រូ គឿង កុលាប នាយិកាសាលាបឋមសិក្សាព្រៃមូល សុផាន់ណា ស្ថិតក្នុងចំណោមសិស្សបោះបង់ការសិក្សាចំនួន ៥ នាក់ក្នុងឆ្នាំសិក្សា ២០២១-២០២២ ហើយកុមារទាំងនេះ សុទ្ធតែនៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប។

អ្នកគ្រូ កុលាប ថា៖ «យើង បានពិភាក្សាជាមួយឪពុកម្តាយរបស់សិស្សទាំងនោះ និងសង្កត់ធ្ងន់ពីមធ្យោបាយដើម្បីជម្នះភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពួកគេ គឺការបញ្ជូនកូនរបស់ពួកគេទៅសាលារៀន ដើម្បីឱ្យក្មេងៗអាចរៀន និងស្វែងរកការងារល្អ ដែលមានប្រាក់ខែសមរម្យ។ វាទាមទារពេលវេលា សម្រាប់ឪពុកម្តាយទាំងនោះពិចារណា ប៉ុន្តែខ្ញុំរីករាយដែលយើងបានធ្វើវា។ ឥឡូវនេះ កុមារទាំងនោះ បានត្រឡប់មកសាលាវិញហើយ»។

ជាមួយនឹងទឹកភ្នែក ម្តាយរបស់សុផាន់ណា អ្នកស្រី សាលីម បានរៀបរាប់ថា អ្នកស្រីមានអារម្មណ៍ដឹងគុណចំពោះការគាំទ្រដែលអ្នកស្រីទទួលបានពីសាលារៀន ក៏ដូចជាក្រុមការងារគម្រោង PEER ដោយបន្ថែមថា សុផាន់ណា និងបងស្រីមានតម្លៃខ្លាំងណាស់សម្រាប់អ្នកស្រី ហើយអ្នកស្រី នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគាំទ្រការសិក្សារបស់ពួកគេ។

អ្នកស្រី សាលីម ថា៖«ខ្ញុំ មានអារម្មណ៍មិនល្អសម្រាប់កូនៗរបស់ខ្ញុំ។ ឪពុករបស់ពួកគេ បានចាកចេញទៅពេលពួកគេនៅតូច ហើយពួកគេត្រូវនៅជាមួយខ្ញុំ ជាមនុស្សឈឺមិនអាចរកចំណូលបានច្រើនដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំរំភើបចិត្តចំពោះការគាំទ្រទាំងអស់ដែលពួកយើងទទួលបាន។ ខ្ញុំ នឹងធ្វើគ្រប់យ៉ាងដើម្បីចិញ្ចឹមកូនប្រុសនិងកូនស្រីរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យពួកគេមានភាពឆ្លាតវៃ និងមានការងារល្អ ដើម្បីកុំឲ្យជីវិតរបស់ពួកគេលំបាកដូចពេលនេះ»៕

 
 
សម្ភាសន៍ដោយ៖ លោក ហ៊ីង សុខា មន្រ្តីគម្រោង
សរសេរដោយ៖ 
តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ 
ពិនិត្យដោយ៖ ជិន កិត្យា មន្ត្រីឯកទេសផ្នែករបាយការណ៍ជូនម្ចាស់ជំនួយ