ការសិក្សារួមគ្នាលើការចូលរៀនឡើងវិញនៅកម្ពុជា
នៅថ្ងៃទី២៧ ខែមេសានេះ អង្គការ Save the Children ប្រចាំកម្ពុជា និងអង្គការយូនីសេហ្វ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការដៃគូ រៀបចំសិក្ខាសាលាស្តីពី «ការសិក្សារួមគ្នាលើការចូលរៀនឡើងវិញនៅកម្ពុជា»។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកភស្តុតាងបឋមពីការសិក្សាស្រាវជ្រាវរួមគ្នាលើការចូលរៀនឡើងវិញនៅកម្ពុជា ធ្វើសុពលភាពការរកឃើញពីការស្ទង់មតិ និងការស្រាវជ្រាវបែបគុណវិស័យ ធ្វើការសន្និដ្ឋាន និងផ្តល់អនុសាសន៍ពាក់ព័ន្ធនានា ដើម្បីរៀបចំធ្វើគោលនយោបាយនាពេលអនាគត ក៏ដូចជាពិភាក្សាអំពីរបៀបដែលមេរៀន ដែលបានរៀនពីការគាំទ្រលើការបន្តការសិក្សាក្នុងអំឡុងពេលនៃជំងឺរាតត្បាត អាចដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តអប់រំ។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាស៍ថា៖ «ការស្រាវជ្រាវរួមគ្នានាពេលនេះ មានសារៈសំខាន់ក្នុងការផ្តោតលើសុខភាព សុវត្ថិភាព និងការធ្វើឱ្យប្រសើរឡើងវិញចំពោះការខាតបង់ការសិក្សារបស់សិស្ស និងចងក្រងបទពិសោធន៍ល្អៗ ក្នុងការគាំទ្រដល់ការរៀបចំគោលនយោបាយ និងផែនការ ពិសេសផ្តល់យន្តការគាំទ្រដល់សាលារៀន គ្រូបង្រៀន និងសិស្ស ឱ្យអាចបន្តដំណើរការបង្រៀននិងរៀនប្រកបដោយប្រសិទ្ធភាព។»
លោកស្រី គ្រីស្ទីន ហ្វើណាន់ដេស នាយិកាផ្នែកយុទ្ធសាស្រ្ត អភិវឌ្ឍន៍កម្មវិធី និងផលជះរបស់អង្គការ Save the Children បានលើកឡើងថា៖ «ការមានភ័ស្តុតាងត្រឹមត្រូវ ក្នុងពេលវេលាសមស្រប មានសារៈសំខាន់ក្នុងការសម្រេចចិត្តក្នុងកម្មវិធី និងគោលនយោបាយ។
តាមរយៈការស្រាវជ្រាវ និងការសន្ទនាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងអាចបង្កើតការឯកភាពគ្នាលើអាទិភាព ដែលយើងត្រូវដោះស្រាយ រួមទាំងការស្តារការសិក្សាឡើងវិញ និងការត្រៀមខ្លួនដើម្បីទប់ទល់នឹងការរំខាន ដល់ការសិក្សារបស់កុមារនាពេលអនាគត។ អង្គការ Save the Children នៅតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីសម្រេចបានកិច្ចការនេះ។»
បើតាមលោកស្រី គ្រីស្ទីន ភស្តុតាងដ៏អស្ចារ្យ ដែលផលិតបាននៅថ្ងៃនេះ គឺបានមកពីការសម្ភាសន៍អ្នកផ្តល់ចម្លើយចំពោះការស្ទង់មតិចំនួន ១១.២០៣នាក់ មកពី២៥ រាជធានីខេត្ត ដែលចេញពីការយល់ដឹងអំពីតម្លៃនៃការស្រាវជ្រាវ ការប្តេជ្ញាចិត្ត និងការសហការ។