រំលង​​ទៅ​មាតិកា​សំខាន់​

8 កុម្ភៈ 2023 - Story

A single-parented child re-accesses basic learning through cash for education

កុមារី សឿន កក្កដា អាយុ៦ឆ្នាំ ដែលធ្លាប់បានជួបបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការអប់រំមូលដ្ឋាន ដោយសារជីវភាពខ្វះខាត ពេលនេះបានត្រឡប់មកសាលារៀនវិញ នៅពេលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការអប់រំ ព្រមទាំងអាចទទួលបានចំណាត់ថ្នាក់ល្អក្នុងថ្នាក់ទៀតផង។
 
កក្កដា ជាកូនបង្កើតរបស់ អ្នកស្រី ញ៉ុក ស្រីរ័ត្ន ដែលបានលែងលះពីស្វាមី កំឡុងពេលមានផ្ទៃពោះ ហើយបច្ចុប្បន្នកំពុងធ្វើការនៅរោងចក្រកាត់ដេរមួយ។
«ខ្ញុំបានលែងលះប្តីរបស់ខ្ញុំ នៅពេលខ្ញុំមានផ្ទៃពោះបីខែ។ ពេលនោះ ខ្ញុំខ្វះខាតខ្លាំងណាស់ ហើយមិនដឹងថាត្រូវទៅទីណានោះទេ ដូច្នេះខ្ញុំស្នាក់នៅជាមួយម្តាយរបស់ខ្ញុំ ដែលជាអ្នកលក់នំតាមចិញ្ចើមផ្លូវ (នំល្ពៅ ចេកបុក និងអន្សម)។ ម្តាយរបស់ខ្ញុំ បានចិញ្ចឹមកូនរបស់ខ្ញុំ និងខ្ញុំ រហូតដល់កូនស្រីរបស់ខ្ញុំមានអាយុបួនឆ្នាំ។ ជាអ្នកលក់តាមផ្លូវ យើងទាំងបីនាក់ តែងតែចេញទៅក្រៅជាមួយគ្នា ដើម្បីបន្តរកប្រាក់ចំណូលដោយការលក់នំទាំងនោះ»។ ប៉ុន្តែមួយឆ្នាំក្រោយមក ខ្ញុំបានឈប់លក់នំនៅតាមផ្លូវ ហើយសម្រេចធ្វើការនៅរោងចក្រកាត់ដេរ។
 
ពេលនេះ កក្កដា និងម្តាយរបស់គាត់ កំពុងរស់នៅជាមួយជីដូន គឺអ្នកស្រី បាន រឿន នៅភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកស្រី រឿន បាននិយាយថា ទាំងស្រីរ័ត្ន និង កក្កដា គឺជាជីវិតរបស់គាត់ ហើយគាត់សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់ពួកគេទាំងពីរ។
 
លោកស្រី រឿង បានលើកឡើងថា «ខ្ញុំបានរ៉ាប់រងទំនួលខុសត្រូវជាច្រើន ពេលកក្កដានៅតូច ហើយខ្ញុំសប្បាយចិត្ត នឹងធ្វើបែបនោះ។ ស្ថានភាពគ្រួសាររបស់យើង មានភាពប្រសើរឡើងបន្តិច នៅពេលដែលកូនស្រីរបស់ខ្ញុំ ចាប់ផ្តើមធ្វើការនៅរោងចក្រកាត់ដេរ»។
កក្កដា បានចុះឈ្មោះចូលរៀនថ្នាក់ទី១ ក្នុងឆ្នាំសិក្សា២០២១~២០២២ នៅសាលាបឋមសិក្សាស្ពានពោធិ៍ ដែលជាសាលាគោលដៅមួយ ក្នុងចំណោមសាលាគោលដៅទាំង៣២ នៃគម្រោងការវិលត្រឡប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ (PEER)។
 
គម្រោងនេះ ទទួលបានជំនួយគាំទ្ររបស់អង្គការ Save the Children កូរ៉េ នៅខែកក្កដា ឆ្នាំ២០២១ និងអនុវត្តដោយអង្គការ Save the Children ប្រចាំកម្ពុជា សហការជាមួយមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា ក្នុងខេត្តកំពង់ឆ្នាំង។
ដោយសារតែកក្កដា ជាញឹកញាប់មិនមានម្តាយ និងជីដូននៅក្បែរ ហើយពួកគាត់ មិនអាចផ្គត់ផ្គង់សម្ភារសិក្សាបានគ្រប់គ្រាន់ បានធ្វើឱ្យកក្កដា មិនបានទៅសាលារៀនទៀងទាត់នោះទេ ដែលបណ្តាលឱ្យកក្កដា មានចំណាត់ថ្នាក់ទាប។
នៅពាក់កណ្តាលឆ្នាំ២០២២ គម្រោង PEER បានផ្តល់សាច់ប្រាក់សម្រាប់ការអប់រំ ជាផ្នែកមួយ នៃកម្មវិធីអាហារូបករណ៍។ កក្កដា ត្រូវបានជ្រើសរើសស្របតាមលក្ខណៈវិនិច្ឆ័យ ដើម្បីទទួលបានការឧបត្ថម្ភចំនួន៨៥ដុល្លារ ដែលអនុញ្ញាតឱ្យគ្រួសាររបស់គាត់ មានលទ្ធភាពទិញកង់ ឯកសណ្ឋាន និងសម្ភារសិក្សាដល់គាត់។
 
ការគាំទ្រនេះ មិនត្រឹមតែជួយកក្កដា បន្តការសិក្សាប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់ម្តាយ និងជីដូន ក្នុងការគាំទ្រការរៀនសូត្ររបស់គាត់ថែមទៀតផង។
«ខ្ញុំរីករាយណាស់ ពេលដែលខ្ញុំអាចត្រឡប់ទៅសាលា និងបានរៀនឡើងវិញ។ ខ្ញុំរីករាយ ដែលខ្ញុំអាចជួបមិត្តរួមថ្នាក់ និងគ្រូរបស់ខ្ញុំ»។
 
អ្នកស្រី នឹម ចិត្រា ជាគ្រូបង្រៀនរបស់ កក្កដា បានសរសើរគាត់ថា ជាក្មេងដែលចេះគិតគូរ និងចេះយកចិត្តទុកដាក់ ដែលអាចធ្វើឱ្យសិស្សផ្សេងទៀតនៅជុំវិញខ្លួនគាត់ មានអារម្មណ៍ល្អ។
«កក្កដា មានភាពទន់ភ្លន់ និងចេះជួយយកអាសារ។ គាត់យល់យ៉ាងច្បាស់ពីវិធី ដែល អាចជួយមិត្តរួមថ្នាក់ ទាក់ទងនឹងកិច្ចការផ្ទះរបស់ពួកគេ ឬចែករំលែកអ្វី ដែលគាត់បានរៀន»។ អ្នកស្រី ចិត្រា បន្ថែមថា កក្កដា ជាសិស្សរៀនលឿន ហើយដោយមានការគាំទ្រត្រឹមត្រូវ គាត់អាចទទួលបានចំណាត់ថ្នាក់ល្អ ដែលទទួលបានលេខ៦ នៅបំណាច់ឆ្នាំសិក្សា។
 
អ្នកស្រី ចិត្រា បន្ថែមថា «ខ្ញុំមានមោទនភាពចំពោះគាត់ណាស់ និងរីករាយ នៅពេលឃើញការសិក្សារបស់គាត់បានប្រសើរឡើង។ គាត់មកសាលាដោយខ្លួនឯងជាប្រចាំ»។
វណ្ណៈ រ័ត្ននីតា មិត្តរួមថ្នាក់របស់កក្កដា បាននិយាយថា ពួកគេតែងតែដើរលេងជាមួយគ្នា ហើយចែករំលែកអ្វី ដែលពួកគេបានរៀននៅក្នុងថ្នាក់។
 
រ័ត្ននីតា បានប្រាប់ថា «កក្កដា រៀនឆាប់ចេះ ហើយតែងតែស្ម័គ្រចិត្តចែករំលែក អ្វីដែលគាត់ចេះច្បាស់។ គាត់ថែមទាំងបានចែករំលែក ជាមួយខ្ញុំនូវសម្ភារសិក្សា ដែលគាត់ទទួលបាន តាមរយៈសាច់ប្រាក់សម្រាប់ការអប់រំផងដែរ»។