សកម្មជនបរិស្ថានវ័យក្មេង បំលែងកាកសំណល់ប្លាស្ទិកទៅជាធុងសម្រាប់ដាំរុក្ខជាតិ
តាមរយៈមេរៀនអប់រំបរិស្ថាន រតនា បានចាប់អារម្មណ៍លើមេរៀនទាក់ទងអំពីការទុកដាក់សំណល់ ដែលនាង និងសិស្សានុសិស្សដទៃទៀត បានរៀនពីភាពខុសគ្នារវាងសំណល់ប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន និងមិនអាចកែច្នៃឡើងវិញបាន ផលប៉ះពាល់អាក្រក់នៃការបំពុលកាកសំណល់លើបរិស្ថាន និងវិធីសាស្រ្តមួយចំនួននៃការកាត់បន្ថយប្លាស្ទិកសម្រាប់សាលារៀន និងសហគមន៍របស់ពួកគេ។
លោក អោ រដ្ឋា ជាលោកគ្រូរបស់រតនា បានបន្ថែមថា៖ «ក្នុងមេរៀននីមួយៗ ខ្ញុំ បែងចែកសិស្សជាក្រុម ដើម្បីឱ្យពួកគេអាចពិភាក្សា កំណត់ និងដោះស្រាយបញ្ហាបរិស្ថានក្នុងជីវិតប្រចាំថ្ងៃជាមួយគ្នា។ ពួកគេ ក៏រៀនកាត់ដបប្លាស្ទិក និងបំលែងវាទៅជាផើងផ្កា និងធុងដែលមានទំហំផ្សេងៗគ្នា ដើម្បីតុបតែងបរិស្ថានសាលា»។
ជាច្រើនថ្ងៃកន្លង រតនា បានចាប់ផ្ដើមប្រមូលដបប្លាស្ទិកនៅជុំវិញផ្ទះរបស់នាង ហើយទុកក្នុងធុងសម្រាមដែលធ្វើពីសំណាញ់ត្រី។ «ខ្ញុំ បានកាត់ដបប្លាស្ទិកទាំងនោះ ចាក់ដីឱ្យពេញ ហើយដាំផ្កា និងរុក្ខជាតិផ្សេងៗនៅតាមរានហាលខាងមុខផ្ទះរបស់ខ្ញុំ»។ នាង បានបន្តដោយស្នាមញញឹមថា៖ «ខ្ញុំ ក៏បានដាំដើមឈើជុំវិញ ដើម្បីលម្អផ្ទះរបស់ខ្ញុំផងដែរ ហើយជាធម្មតាខ្ញុំស្រោចទឹករុក្ខជាតិទាំងនោះបន្ទាប់ពីចេញពីរៀន»។
ជារៀងរាល់ថ្ងៃ រតនា យកខ្ចប់បាយថ្ងៃត្រង់ទៅសាលារៀន។ នាង ប្រើស្លឹកចេក ជាជាងប្លាស្ទិកនៅពេលទិញនំ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាមួយនឹងការប្តេជ្ញានាំយកការអនុវត្ត ដែលមិនប៉ះពាល់ដល់បរិស្ថានដល់សាលារៀន និងសហគមន៍របស់នាង រតនា បានសហការដឹកនាំយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានជាមួយសមាជិកក្រុមប្រឹក្សាកុមារដទៃទៀត ដោយមានការគាំទ្រពីលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន។ តាមរយៈយុទ្ធនាការទាំងនោះ ពួកគេមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់ បញ្ហាបរិស្ថាន និងផ្សព្វផ្សាយដល់សហគមន៍អំពីផលប៉ះពាល់ដ៏អាក្រក់នៃការប្រើប្រាស់ប្លាស្ទិក។
លោក ឆន នន ជាមេភូមិបានមានប្រសាសន៍ថា៖ «បន្ទាប់ពីកុមារបានដឹកនាំយុទ្ធនាការបរិស្ថានមួយចំនួននៅក្នុងភូមិរួមមក ប្រជាជនបានយល់ដឹងកាន់តែច្រើនអំពីបញ្ហាបរិស្ថាន ហើយផ្លាស់ប្តូរឥរិយាបថរបស់ពួកគេបន្តិចម្តងៗក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ សាលា កាន់តែមានបរិស្ថានស្អាតជាមួយនឹងការអនុវត្តការគ្រប់គ្រងកាកសំណល់កាន់តែល្អប្រសើរ»។
កុមារី រតនា បន្តធ្វើជាគម្រូលើកទឹកចិត្តដល់មិត្តភ័ក្តិ និងសមាជិកគ្រួសាររបស់នាង។ ជាលទ្ធផល នាងទទួលបានប័ណ្ណសរសើរពីលោកគ្រូរបស់នាង សម្រាប់ការធ្វើជាគម្រូដល់កុមារដទៃទៀតធ្វើតាម៕
សរសេរដោយ៖ យស់ រដ្ឋា មន្រ្តីទំនាក់ទំនង