រំលង​​ទៅ​មាតិកា​សំខាន់​

26 កញ្ញា 2023 - ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន |ជំរុញវិបុលភាព៖ សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេស

សេចក្តីប្រកាសព័ត៌មាន 

ជំរុញវិបុលភាព៖ សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប 

ភ្នំពេញ ថ្ងៃទី២៦      ខែកញ្ញា ឆ្នាំ២០២៣ : គណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្ន បានធ្វើទស្សនកិច្ចនៅតំបន់បឹងទន្លេសាបកាលពីថ្ងៃទី ២០-២២ ខែកញ្ញា។ ទស្សនកិច្ចនេះបានបង្ហាញអំពីការរីកចម្រើនរបស់គម្រោងនាពេលថ្មីៗទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប តាមរយៈកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអុកស្វាម អង្គការ Save the Children និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។  

ក្នុងពេលទស្សនៈកិច្ចនោះ គណៈប្រតិភូ បានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សា និងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋានដ៏មានសារៈសំខាន់នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូ បានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។ 

កម្មវិធី CAPFISH បានជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ១០ ក្នុងខេត្តចំនួន ៦ ដែលស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ ដោយកម្មវិធីនេះផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ។ កម្មវិធី CAPFISH ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា។  

 

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា "យើង មានសេចក្តីសោមនស្សរីករាយដែលបានឃើញពីលទ្ធផលវិជ្ជមានរបស់គម្រោង ផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ដែលអនុវត្តដោយ អង្គការOxfam អង្គការ Save the Children និង អង្គការ WCS។ វា គឺជាដំណើរទស្សនកិច្ចដ៏ល្អមួយ ដើម្បីបានមើលឃើញពីភាពរីកចម្រើននៃគម្រោងទាំងនេះ ដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ។ យើងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធ ហើយសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប។ យើងសូមថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រដល់កម្មវិធីការអភិវឌ្ឍ   វិស័យជលផលនៅកម្ពុជាដ៏ធំនេះ” ។ 

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាននៅកម្ពុជា។ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ធ្វើជាគំរូដល់ចក្ខុវិស័យរួមរបស់យើង ក្នុងការលើកកម្ពស់ការអនុវត្តល្អក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន” ។ 

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា “តាមយៈគម្រោង “សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១” ដែលគាំទ្រដោយសហភាពអឺរ៉ុប យើងបានជួយដល់កុមារ ៥៨៣៣ នាក់ បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន ១៤ ដែលបានជាប្រយោជន៍ដល់គ្រួសារចំនួន ១៧៣៩ និងបង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិ បឹងទន្លេសាបដើម្បីជួយសហគមន៍នេសាទបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។”  

លោក អាលីស្ទែរ ម៉ូល នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “គម្រោង "ទន្លេសាបយើង" បានកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមអនុវត្តដំណោះស្រាយល្បាតដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជាកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្មភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃ និងការដាំដើមឈើឡើងវិញសម្រាប់ការអភិរក្សផ្នែកជលផល ជាដើម ដែលទាំងនេះបានចូលរួមកាត់បន្ថយការនេសាទខុសច្បាប់នៅក្នុងខេត្តចំនួន ៥ ជុំវិញបឹងទន្លេសាប” ។ 

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “គម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើត បឹងទន្លេសាប (GREEN)” បានបង្កើនលទ្ធភាពសហគមន៍ចំនួន ៦៤៧ គ្រួសារ ក្នុងការទទួលបានទឹកស្អាត និង     អនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សប្រមាណជាង ៤៥០០នាក់” ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 

-នាយកដ្ឋានព័ត៌មាននៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា  

delegation-cambodia-ppi@eeas.europa.eu, 023 220 611  

-អង្គការអុកស្វាម | លោកស្រី កេក ណារ៉ាទេវី, ប្រធានផ្នែកទំនាក់ទំនង Naratevy.Kek@oxfam.org   

-អង្គការ Save the Children ប្រចាំកម្ពុជា | លោក តាំង វីដា ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ, vida.taing@savethechildren.org -អង្គការសមាគមអភិរក្សសត្វព្រៃ | Ms. Chan Phalkun, Communications Manager, pchan@wcs.org

កំណត់សំគាល់សម្រាប់និពន្ធនាយក

គណៈកម្មការតម្រង់ទិញកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី។

អង្គការសង្គ្រោះកុមារ Save the Children (REDD BARNA) ជាមួយជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ចំនួន ៤ លានអឺរ៉ូ កំពុងអនុវត្តគម្រោង GREEN រយៈពេល ៤ ឆ្នាំ (ពីខែមីនា ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២៥) ដើម្បីជួយលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់សហគមន៍នេសាទនៅតំបន់ភាគខាងកើត បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ បង្កើនសមត្ថភាពធន់ទ្រាំនឹងការប្រែប្រួល អាកាសធាតុ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន អនាម័យ និងទឹកស្អាត ប្រព័ន្ធ គ្រប់គ្រងសំណល់ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំ។

អង្គការ Oxfam ជាមួយនឹងជំនួយថវិកា ៤លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងការលើកកម្ពស់លទ្ធភាពទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត សេវាអប់រំ សេវាអនាម័យ សេវាគ្រប់គ្រងសំណល់ ការគ្រប់គ្រងធនធានធម្មជាតិសហគមន៍ប្រកបដោយចីរភាព ក៏ដូចជា លើកកម្ពស់ឱកាស ប្រកបមុខរបរចិញ្ចឹមជីវិត និងឱកាសការងារ។

អង្គកាសមាគមរអភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូ ដែលបានទទួលជំនួយថវិកា ៤,៩លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល៤ឆ្នាំ (២០២១-២០២៤) នៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រង និងការស្ដារ ដែនជម្រកសំខាន់ៗ សំដៅជួយបង្កើនភាពធន់នឹង ការប្រែប្រួលបរិស្ថាន ក៏ដូចជាជួយលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ សំដៅកាត់បន្ថយកត្តាបង្កឱ្យមានការប្រែប្រួលបរិស្ថាន។