រំលង​​ទៅ​មាតិកា​សំខាន់​

21 វិច្ឆិកា 2023 - ព័ត៌មាន

អង្គការ SAVE THE CHILDREN ប្រចាំប្រទេសកម្ពុជា បានទទួលស្វាគមន៍សមាជិករបស់អង្គការ SAVE THE CHILDREN ណ័រវេស ក្នុងដំណើរទស្សនកិច្ច

អង្គការ Save the Children ប្រចាំកម្ពុជា កាលពីសប្តាហ៍មុន បានទទួលស្វាគមន៍លោកស្រី Korina Szkudlarek ប្រធានគ្រប់គ្រងគម្រោងប្រចាំតំបន់អាស៊ី លោកស្រី Sinziana-Elena Poiana ទីប្រឹក្សាជាន់ខ្ពស់ភាពជាដៃគូ និងលោក Henok Zeratsion ទីប្រឹក្សាត្រួតពិនិត្យវាយតម្លៃ និងគណនេយ្យភាព មកពីអង្គការសង្រ្គោះកុមារន័រវេស (Save the Children Norway) ដោយរៀបចំដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ នៅការិយាល័យប្រចាំប្រទេស និងនៅតំបន់អនុវត្តគម្រោង ដើម្បីស្វែងយល់អំពីប្រព័ន្ធ និងផែនការត្រួតពិនិត្យតាមដានវាយតម្លៃ និងគណនេយ្យភាព ព្រមទាំងដំណើរការអនុវត្តគម្រោងមួយចំនួនរបស់យើង។

ក្នុងនោះ រួមមានគម្រោង បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប (EU-CAPFISH GREEN) គម្រោងការអប់រំបរិស្ថានសម្រាប់កុមារជំនាន់ថ្មី (Green Generation) និងគម្រោងការលើកកម្ពស់ការការពារ និងបរិយាបន្ន កុមារដែលត្រូវបានរើសអើងដោយសារនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញអំពីយេនឌ័រចម្រុះ នៅក្នុងប្រទេសកម្ពុជា (SOGIESC)។

ដំណើរទស្សនកិច្ច ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមការងាររបស់អង្គការសង្រ្គោះកុមារន័រវេស បានទទួលការពណ៌នាសង្ខេបអំពីផែនការយុទ្ធសាស្រ្តប្រចាំប្រទេសឆ្នាំ២០២២-២៤ Innovation Hub កម្មវិធីរួម សមភាពយេនឌ័រនិងបរិយាប័ន្ន ការសិក្សាស្រាវជ្រាវ និងការប្រមូលទិន្នន័យ របស់ការិយាល័យប្រចាំប្រទេស។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមការងារ បានធ្វើទស្សនកិច្ចទៅតំបន់គោលដៅរបស់គម្រោង EU-CAPFISH GREEN ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីស្វែងយល់ដំណើរការអនុវត្តនៃវិស័យអនាម័យទឹកស្អាត និងការគ្រប់គ្រងសំណល់រឹង ការផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការសិក្សាអប់រំ។

ក្រុមការងារបានសង្កេតដំណើរការបង្រៀន និងការប្រជុំក្រុមមាតាបិតានៅសាលាមត្តេយ្យសហគមន៍សិរីមង្គល សហគ្រាសផលិតទឹកបរិសុទ្ធខ្នាតតូច អ្នកប្រើប្រាស់បង្គន់អនាម័យសុវត្ថិភាពសម្រាប់តំបន់លិចទឹក និងកសិករចិញ្ចឹមមាន់ស្រែដែលស្ថិតក្នុងក្រុមផលិតចំណីអាហារសុវត្ថិភាព ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់មកបានបន្តជួបពិភាក្សាជាមួយ ក្រុមកសិករដាំដំណាំសណ្តែកលឿង និងជួបជាមួយក្រុមប្រឹក្សាកុមារ គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាស្ទឹងជ្រៅ ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគ ការអនុវត្តអនាម័យ និងស្វែងយល់អំពីបញ្ហាប្រឈមរបស់សាលារៀនផងដែរ។

នៅថ្ងៃបន្ទាប់ ក្រុមការងារ ក៏បានធ្វើទស្សនកិច្ចនៅសហគមន៍បណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយបានស្វែងយល់អំពីដំណើរការអនុវត្តគម្រោង Green Generation នៅសាលាបឋមសិក្សាផាត់សណ្តាយ ដោយបានសង្កេតបរិស្ថានជុំវិញសាលារៀន ដំណើរការបង្រៀនមេរៀនបរិស្ថាន ជួបពិភាក្សាជាមួយ គណៈកម្មការគ្រប់គ្រងសាលា និងក្រុមប្រឹក្សាកុមារ។ ក្រុមការងារ បានបន្តជួបពិភាក្សាគ្រួសារអ្នកនេសាទ អំពីភាពងាយស្រួលក្នុងការប្រើប្រាស់បង្គន់អនាម័យបណ្តែតទឹកដែលមានផាសុកភាព និងសុវត្ថិភាពចំពោះបរិស្ថានបឹងទន្លេសាប។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ក្រុមការងារ ក៏បានជួបពិភាក្សាជាមួយវារីវប្បករគម្រូ អំពីបច្ចេកទេសក្នុងការចិញ្ចឹមត្រី និងការផលិតចំណី ទទួលបានពីគម្រោង ដែលអាចជួយដល់ការកាត់បន្ថយចំណាយថ្លៃដើម និងចំណេញច្រើនជាងមុន។

នៅថ្ងៃទី១៦ ដល់ ១៧ ខែវិច្ឆិកា នៅការិយាល័យប្រចាំប្រទេស លោកស្រី Sinziana-Elena Poiana ទីប្រឹក្សាជាន់ខ្ពស់ភាពជាដៃគូ ដែលធ្លាប់មានបទពិសោធន៍ការងារជាមួយសហគមន៍អឺរ៉ុប បានចែករំលែកអំពីក្រឹត្យក្រម និងគោលនយោបាយពាក់ព័ន្ធរបស់សហគមន៍អឺរ៉ុប ដល់ក្រុមការងារអង្គការសង្រ្គោះកុមារប្រចាំប្រទេសកម្ពុជា និងដៃគូអនុវត្តគម្រោង រួមមាន iDE Wetlands Work និងVSO ដើម្បីធានាការប្រើប្រាស់ជំនួយហិរញ្ញវត្ថុរបស់ម្ចាស់ជំនួយប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

សម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ក្រុមការងារអង្គការសង្រ្គោះកុមារណ័រវេស បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចស្វាគមន៍ និងរៀបចំដំណើរទស្សនកិច្ចយ៉ាងកក់ក្តៅ ពិសេស ប្រព័ន្ធត្រួតពិនិត្យតាមដានវាយតម្លៃ និងគណនេយ្យភាពមានភាពច្បាស់លាស់ រឹងមាំ ក៏ដូចជា បានជ្រាបច្បាស់នូវវឌ្ឍនភាព និងបញ្ហាប្រឈមរបស់គម្រោងក្នុងតំបន់បឹងទន្លេសាប។

លោកស្រី Korina Szkudlarek និង លោកស្រី Sinziana-Elena Poiana បានប្តេជ្ញាបន្តការគាំទ្របច្ចេកទេសបន្តទៀត និងខិតខំស្វែងរកធនធានហិរញ្ញវត្ថុ សម្រាប់ជួយដល់កុមារកម្ពុជា៕