រំលង​​ទៅ​មាតិកា​សំខាន់​

2 កុម្ភៈ 2022 - ព័ត៌មាន

ស្ត្រីមានផ្ទៃពោះម្នាក់ ដែលជាពលរដ្ឋចំណាកស្រុកម្នាក់ ប្រាប់ពីបទពិសោធន៍ និងកង្វល់របស់ខ្លួន ក្រោយត្រឡប់មកពីប្រទេសថៃ

ក្នុងចំណោមពលរដ្ឋចំណាកស្រុករាប់ពាន់នាក់ អ្នកស្រី ភុន សាឃុន អាយុ៣៥ឆ្នាំ បានប្រថុយជីវិត ក្នុងគ្រាមានផ្ទៃពោះ៥ខែ ធ្វើដំណើរពីប្រទេសថៃមកប្រទេសកម្ពុជា កំឡុងពេលរាតត្បាតជំងឺកូវីដ១៩កន្លងទៅ។

អ្នកស្រី  សាឃុន និងប្តី គឺលោក វង្ស កញ្ញា បានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមច្រកព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ពួកគេ បានទទួលការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ និងត្រូវបានគេរកឃើញអវិជ្ជមានពីជំងឺនេះ។ យ៉ាងណាមិញ មានតែលោក កញ្ញា ប៉ុណ្ណោះ ដែលធ្លាប់បានទទួលការចាក់វ៉ាក់សាំងចំនួនពីរដូស ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅស្រុកថ្មពួក ខណៈដែលអ្នកស្រី សាឃុន ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកងវ៉ា ២ ព្រោះតែអ្នកស្រី មិនស្របតាមលក្ខខណ្ឌ ដែលអាចត្រឡប់ទៅផ្ទះវិញបាន។

អ្នកស្រី សាឃុនបានប្រាប់ថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងតែមួយដូស ដូច្នេះខ្ញុំមិនទទួលបានការអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញទេ។ ខ្ញុំ ព្រួយបារម្ភពីកូនក្នុងផ្ទៃខ្ញុំណាស់ ព្រោះខ្ញុំ អាចប្រឈមនឹងមេរោគកូវីដ១៩ ហើយអាចឆ្លងអំឡុងពេលនៃការដាក់ខ្លួននៅដោយឡែកក្នុងមណ្ឌលជាអ្នកដទៃផ្សេងទៀត»។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយបុគ្គលិកអង្គការ Save the Children អ្នកស្រី សាឃុន ដែលបច្ចុប្បន្នកំពុងតែដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ បានពន្យល់ថា ពីមុន អ្នកស្រី និងប្តី ធ្វើការនៅរោងចក្រកាត់ដេរមួយ ក្នុងរាជធានីភ្នំពេញជិត១០ឆ្នាំមកហើយ ប៉ុន្តែពួកគេ បានបាត់បង់ការងារដោយសារតែវិបត្តិជំងឺកូវីដ១៩ ហើយក៏បានចាកចេញទៅប្រទេសថៃ ដើម្បីបម្រើការជាកម្មករសំណង់កាលខែសីហា ឆ្នាំ២០២០ ។

កំឡុងពេលធ្វើការនៅទីនោះ អ្នកស្រី សាឃុន បានមានផ្ទៃពោះ ហើយមានអាការៈចាញ់កូន ដែលធ្វើឱ្យអ្នកស្រីមានការពិបាកយ៉ាងខ្លាំង។ អ្នកស្រី សាឃុន បានរៀបរាប់ថា៖ «ខែដំបូង ខ្ញុំគេងមិនលក់ទេ ខ្ញុំមានអារម្មណ៍នឿយហត់ណាស់ ហើយខ្ញុំ បានក្អួតជាញឹកញាប់។ ខ្ញុំ មានអារម្មណ៍មិនស្រួលខ្លួន ហើយខ្ញុំ មិនអាចធ្វើការបានទេ»។

ក្រោយមក អ្នកស្រី សាឃុន បានទៅមណ្ឌលថែទាំសុខភាព ហើយត្រូវបានគេណែនាំឱ្យលេបតែថ្នាំគ្រាប់ជាតិដែក និងជៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែអ្នកស្រីថា វាមិនមានប្រសិទ្ធិភាពនោះឡើយ។

ដោយក្តីបារម្ភ និងកង្វល់ធ្ងន់ធ្ងរទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ជាពិសេសដោយសារតែនេះគឺជាការមានផ្ទៃពោះលើកដំបូងផង អ្នកស្រី សាឃុន បានអូសទាញប្តីរបស់អ្នកស្រី ឱ្យឈប់ធ្វើការនៅប្រទេសថៃ ហើយត្រឡប់មកប្រទេសកម្ពុជាវិញ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការគាំទ្រថវិកាពីអង្គការ Save the Children ប្រចាំប្រទេសកូរ៉េ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីចែកសម្ភារៈអនាម័យ និងសម្ភារៈកម្សាន្តដល់កុមារចំណាកស្រុក និងគ្រួសាររបស់ពួកគេ តាមរយៈគម្រោង “ជំនួយមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារពលរដ្ឋចំណាកស្រុកត្រឡប់មកកម្ពុជា ក្នុងអំឡុងពេលកូវីដ១៩ (HOME)។

គម្រោងនេះ មានគោលបំណងផ្តល់នូវសម្ភារៈចាំបាច់ដល់ពលរដ្ឋចំណាកស្រុក ដែលត្រឡប់មកប្រទេសវិញ ខណៈពេលកំពុងធ្វើចត្តាឡីស័ក និងជួយពួកគេកាត់បន្ថយភាពតានតឹង ដើម្បីរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេ ក្នុងអំឡុងពេលដ៏លំបាកនេះ។

សម្ភារៈអនាម័យទាំងនេះ បានជួយឱ្យអ្នកស្រី សាឃុន រក្សាបាននូវអនាម័យ និងបានការពារអ្នកស្រី ពីការឆ្លងពពួកបាក់តេរី និងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។ អ្នកស្រីបន្ថែមទៀតថា មណ្ឌលក៏បានផ្តល់ការថែទាំយ៉ាងដិតដល់អ្នកស្រី ដោយមានការពិនិត្យសុខភាពជាប្រចាំ។

ដូចគ្នានេះដែរ ពលរដ្ឋចំណាកស្រុកម្នាក់ទៀត អ្នកស្រី ចេង សុខា ម្តាយនៃកូនតូច២នាក់ ដែលមានអាយុ ៥ខែ និងអាយុ ៥ឆ្នាំ បាននិយាយថា កំឡុងពេលធ្វើចត្តាឡីស័ក កូនរបស់អ្នកស្រី មានពេលវេលាយ៉ាងសប្បាយ ហើយអ្នកស្រី បានអរគុណដល់អង្គការ Save the Children ដែលបានផ្តល់នូវសម្ភារៈសិក្សា។ «ខ្ញុំ ពិតជារំភើបចិត្តពេលទទួលបានសម្ភារៈសិក្សារួមមាន សៀវភៅ សម្ភារៈសម្រាប់គូរ និងគំនូរ។ កូនៗរបស់ខ្ញុំ ពិតជារីករាយណាស់»។

ទាំងអ្នកស្រី សុខា និងអ្នកស្រី សាខុន បាននិយាយថា ពួកគេ ត្រូវបានណែនាំឱ្យហាត់ប្រាណជាប្រចាំ និងមានភាពប្រុងប្រយ័ត្នចំពោះសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ពួកគេ បានចាកចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី៧ និងទី១៣ ខែធ្នូ ឆ្នាំ២០២១។