រំលង​​ទៅ​មាតិកា​សំខាន់​

26 កញ្ញា 2021 - ព័ត៌មាន

[សេចក្តីប្រកាសព័ត៌មាន] វេទិកាភស្តុតាងសម្រាប់គោលនយោបាយ ភស្តុតាងពីកម្មវិធី ដើម្បីគាំទ្រការសិក្សារបស់កុមារ ការអភិវឌ្ឍកុមារតូច និងកិច្ចការពារកុមារ

រាជធានីភ្នំពេញ/ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ - អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។ វេទិកានេះ នឹងចែករំលែកភស្តុតាង និងមេរៀន ដែលបានមកពីកម្មវិធីអប់រំ និងកិច្ចការពារកុមារចំនួន៤ ព្រមទាំងនឹងលើកកម្ពស់ការអនុវត្ត ផ្អែកលើភស្តុតាងសម្រាប់កម្មវិធី និងគោលនយោបាយ ដើម្បីគាំទ្រដល់ការសិក្សារបស់កុមារ ការអភិវឌ្ឍកុមារតូច និងកិច្ចការពារកុមារ។

វេទិកានេះ នឹងមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងការថ្លែងសុន្ទរកថាបើកពីលោកស្រី Kjersti Rødsmoen ឯកអគ្គរាជទូតន័រវេសប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា និងលោកស្រី អេលីហ្សាប៊ែត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា។ វេទិកានេះ ក៏នឹងមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសាធារណៈជនទូទៅផងដែរ។

ស្របពេលដែលប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បញ្ហាប្រឈមសំខាន់ៗ នៅតែកើតមានចំពោះកុមារ ហើយនេះជាឱកាសមួយដែលវេទិកានេះ នឹងលើកយកមកពិភាក្សា។ ក្នុងរបៀបវារៈពេលព្រឹក យើង នឹងចែករំលែកភស្តុតាងផ្អែកលើការវាយតម្លៃពីខាងក្រៅចំនួនបួន នៃការងាររបស់យើង ក្នុងកិច្ចការពារកុមារ ការអភិវឌ្ឍកុមារតូច និងការអប់រំមូលដ្ឋាន។ របៀបវារៈពេលរសៀល យើង នឹងមានការពិភាក្សាតុមូលជាមួយក្រសួងពាក់ព័ន្ធ គ្រូបង្រៀន បុគ្គលិកសង្គម និង សិស្ស ឬនិស្សិតផងដែរ។

លោកស្រី អេលីហ្សាប៊ែត ភៀស មានប្រសាសន៍ថា៖ «អ្នកពាក់ព័ន្ធ នឹងចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់របស់ពួកគេ ដើម្បីជួយឱ្យយើងយល់ពីផលប៉ះពាល់នៃការវាយតម្លៃចំពោះកម្មវិធីក្នុងទ្រង់ទ្រាយធំ និងគោលនយោបាយ ក៏ដូចជា របៀបដែលពួកគេអាចប្រតិបត្តិការបានតាមវិធី ដែលអាចជួយកុមារ និងគ្រួសារ ដែលងាយរងគ្រោះបំផុតនៅក្នុងកម្ពុជា»។

ភស្តុតាង ដែលនឹងត្រូវបង្ហាញនៅក្នុងវេទិកានេះ បានមកពីរបាយការណ៍វាយតម្លៃគម្រោង រួមមាន គម្រោងការពារកុមារតាមរយៈការពង្រឹងប្រព័ន្ធ និងភស្តុតាង ឆ្នាំ២០១៧-២០២១ ដែលឧបត្ថម្ភថវិកាដោយកម្មវិធីកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្រ្តាលី របស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម កិច្ចព្រមព្រៀងក្របខណ្ឌគម្រោង NORAD ឆ្នាំ២០១០-២០២០ ក៏ដូចជា គម្រោងអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ឆ្នាំ២០១៨-២០២១ និងគម្រោងធ្វើឱ្យប្រសើរគុណភាពមត្តេយ្យសិក្សាតំបន់ដាច់ស្រយាល ឆ្នាំ២០១៨-២០២១ ដែលគម្រោងទាំងពីរនេះ គាំទ្រមូលនិធិដោយអង្គការ Save the Children កូរ៉េ។

គន្លឹះរៀនសូត្រសំខាន់ៗមួយចំនួន ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងវេទិកានេះ រួមមាន៖ យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពក្នុងការការពារ និងឆ្លើយតបទៅនឹងអំពើហឹង្សាលើកុមារ ការអនុវត្តប្រកបដោយជោគជ័យ ក្នុងការគាំទ្រកុមារឱ្យបានរៀនសូត្រ និងលូតលាស់ នៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ឬអ្វីដែលជាសារៈសំខាន់សម្រាប់កុមារតូច ក្នុងការទទួលបានសេវាផ្សេងៗក្នុងវ័យកុមារ ដើម្បីត្រៀមខ្លួនរៀននៅសាលាបឋមសិក្សា។

សម្រាប់ព័ត៌មានលម្អិតអំពីវេទិកានេះ សូមស្វែងរករបៀបវារៈ ដែលមានភ្ជាប់ជាមួយ។

លោកអ្នក ក៏អាចចូលរួមក្នុងវេទិកានេះ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃចន្ទ ចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច តាមរយៈតំណរ Zoom, https://bit.ly/3lNacf5 លេខសម្គាល់បន្ទប់៖ 932 4410 7872 និងលេខកូដសម្ងាត់៖ 881994

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

  • លោក តាំង វីដា ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយរបស់អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា ទូរស័ព្ទ៖ 016 541616 /012 261540 ឬអ៊ីម៉ែល៖ vida.taing@savethechildren.org

---

កំណត់សំគាល់សម្រាប់និពន្ធនាយក

សូមចូលទៅកាន់តំណភ្ជាប់ទាំងនេះ ដើម្បីអានរបាយការណ៍បោះពុម្ពផ្សាយថ្មីៗរបស់យើង៖