សេចក្តីប្រកាសព័ត៌មាន | ការកែលម្អសាលារៀន បានធ្វើឱ្យការរៀនសូត្ររបស់សិស្សកាន់តែប្រសើរឡើង
ភ្នំពេញ/ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ - ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិ KSFC ពីប្រទេសកូរ៉េខាងត្បូង អង្គការ Save the Children ប្រចាំកម្ពុជា បានបញ្ចប់ការងារកែលម្អនៅសាលាបឋមសិក្សាកំពង់ព្រះ ដើម្បីបង្កើនលទ្ធភាពចូលរៀន ដែលជាផ្នែកមួយនៃអន្តរាគមន៍របស់គម្រោង ការវិលត្រឡប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅកាន់សមធម៌ និងភាពធន់នៃការអប់រំ (PEER)។ ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ ផ្តល់ជាអត្ថប្រយោជន៍ដល់ក្មេងស្រី ៤៩នាក់ និងក្មេងប្រុស ៤០នាក់ តាមរយៈការកែលម្អបរិយាកាសសិក្សា និងគុណភាពសិក្សា ព្រមទាំងការបង្រៀន។
ដើម្បីអបអរសាទរការបញ្ចប់ការកែលម្អនេះ ពិធីប្រគល់អំណោយបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចូលរួមពីលោក លី ផល្លីន អភិបាលរងស្រុក និងលោក Myung-jin Huh នាយកមូលនិធិ KSFC ព្រមទាំងភ្ញៀវផ្សេងទៀត មកពីមូលនិធិ ពីអង្គការ Save the Children កូរ៉េ និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យអប់រំស្រុក ឃុំ និងសាលារៀន។
ក្រៅពីការជួសជុលកែលម្អនេះ គម្រោង PEER ក៏បានផ្តល់ការគាំទ្របន្ថែមជាច្រើនដល់សាលាផងដែរ។ គាំទ្របន្ថែមទាំង នេះរួមបញ្ចូលទាំងការកសាងសមត្ថភាពរបស់នាយកសាលា និងលោកគ្រូអ្នកគ្រូ លើកញ្ចប់អាននិងកញ្ចប់គណិតវិទ្យាថ្នាក់ដំបូង សម្រាប់ថ្នាក់ទី១ ដល់ទី៣ ការផ្តល់ម៉ាស៊ីនបោះពុម្ព និងក្រដាសសម្រាប់បោះពុម្ពសម្ភារៈបង្រៀន និងរៀន តម្លើងសម្ភារៈបរិក្ខារផ្នែកអនាម័យ ផ្តល់ការបណ្តុះបណ្តាលអំពីសមភាពយេនឌ័រ និងបរិយាបន្ន ផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន កសាងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងសាលារៀន និងផ្តល់សៀវភៅរឿង ធ្នើរ និងទូ សម្រាប់គ្រូបង្រៀន ក្នុងការរក្សាទុកសម្ភារៈបង្រៀន និងសិក្សា។
លោក លី ផល្លីន អភិបាលរងស្រុកបរិបូណ៍ បានគូសបញ្ជាក់ក្នុងពិធីនេះថា ការងារកែលម្អនេះ បានឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោលក្នុងដំណាក់កាលទី១នេះ ដែលមុំទី១ បានផ្តោតលើការលើកកម្ពស់គុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកថា៖ «ខ្ញុំសូមសំណូមពរដល់អ្នកណាព្យាបាលសិស្សទាំងអស់ក្នុងភូមិ សូមបញ្ចូនកូនចូលរៀនឱ្យគ្រប់គ្នា និងអស់ពីភូមិ ជួយជំរុញការសិក្សារបស់កូនៗបន្ថែម។ សូមកុំឱ្យកូនលេងទូរសព្ទច្រើននាំឱ្យភ្នែកខូច ដើម្បីឱ្យកូនៗក្លាយជាទំពាំងស្នងឬស្សីនាពេលអនាគត»។
លោក Myung-jin Huh នាយកមូលនិធិ KSFCមានប្រសាសន៍ថា មូលនិធិបានជួយដល់ការជួសជុលកែលម្អនេះ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសអប់រំដល់កុមារនៅកម្ពុជា។ លោកថា៖ «កុមារ គឺជាអនាគតមេដឹកនាំនៃប្រទេសកម្ពុជា និងអាស៊ី។ បើពួកគេ សុបិន្តធំហើយខំរៀន នោះសុបិន្តរបស់ពួកគេ នឹងក្លាយជាការពិត។ មូលនិធិយើង ទន្ទឹងរង់ចាំការធំឡើងប្រកបដោយសុខភាពល្អ និងសមិទ្ធិផលសិក្សារបស់ក្មេងៗទាំងនេះ»។
អគារ ដែលបានកែលម្អនេះ មានបន្ទប់រៀនសម្រាប់សិស្សថ្នាក់ទី ៣ បណ្ណាល័យ បន្ទប់សុខភាព និងបន្ទប់ទឹកក្មេងប្រុស និងក្មេងស្រី។ មុនពេលជួសជុល សាលាបឋមសិក្សាកំពង់ព្រះ ដំណើរការសម្រាប់តែសិស្សថ្នាក់ទី ១ និងទី ២ ប៉ុណ្ណោះ ដោយសារកង្វះបន្ទប់សិក្សា។ ការកែលម្អនេះ បានប្រែក្លាយអគារឈើដែលខូច និងលែងប្រើជាយូរមក ជាកន្លែងសិក្សាដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់កុមារ។ កន្លែងសិក្សាបន្ថែមដែលធ្វើឡើងដោយការកែលម្អនេះ បានអនុញ្ញាតឱ្យសាលា ដំណើរការថ្នាក់ទី៣ ចាប់តាំងពីឆ្នាំសិក្សាថ្មីនេះ។
កុមារា ប៉ូលីន សិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សាកំពង់ព្រះ បានរម្លឹកពីបទពិសោធន៍អតីតកាល ពេលកំពុងសិក្សានៅអគារចាស់ និងបង្ហាញពីក្តីរំភើបរបស់ខ្លួនចំពោះអគារថ្មីនេះ។ ប៉ូលីនថា៖ «ពេលខ្ញុំរៀននៅអគារចាស់ ថ្នាក់រៀនតូចចង្អៀត ហើយពេលខ្លះខ្ញុំធ្លាក់ពីកៅអីពេលកំពុងរៀន ដោយសាររលកធំៗមកពីទូកលឿន ហើយជញ្ជាំងក៏បាក់ដែរ» ។ ឥលូវយើងមាន បន្ទប់ស្អាតដែលទើបលាបពណ៌ថ្មីៗ កង្ហារ សម្ភារៈសិក្សាជាច្រើន ហើយនៅលើជញ្ជាំង មានមេរៀនតុបតែងថ្នាក់រៀនកាន់តែទាក់ទាញ ក៏មានបន្ទប់ទឹកមួយ កន្លែងលាងដៃ និងបណ្ណាល័យមួយទៀត ដែលមានសៀវភៅនិទានរឿងជាច្រើនបានមកពីអង្គការ Save the Children។ លើសពីនេះក៏មាន បន្ទប់សុខភាព ពេលយើងឈឺ ហើយអាចទៅសម្រាកនៅទីនោះបាន”។
ក្រៅពីការជួយកែលម្អដល់សាលាបឋមសិក្សាកំពង់ព្រះ អង្គការ Save the Children កំពុងតែជួយដល់ការសាងសង់អគារសាលាបឋមសិក្សាក្រចាប់ ហិរញ្ញវត្ថុគាំទ្រពីមូលនិធិ KSFC និងអង្គការ Save the Children កូរ៉េ ដើម្បីផ្តល់នូវការរៀនសូត្រប្រកបដោយបរិយាកាសសុវត្ថិភាព មេត្រីភាព និងបរិយាបន្នដល់កុមារដែលរស់នៅតំបន់ងាយរងគ្រោះទឹកជំនន់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ការសាងសង់នឹងបញ្ចប់នៅចុងខែ មេសា ឆ្នាំ២០២៤។
###
កំណត់ចំណាំសម្រាប់ការីនិពន្ធ៖
គិតចាប់ពីខែកក្កដា ឆ្នាំ២០២១មក អង្គការ Save the Children ប្រចាំកម្ពុជា បានអនុវត្តគគម្រោង ការវិលត្រឡប់មកសាលារៀនដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅកាន់សមធម៌ និងភាពធន់នៃការអប់រំ (PEER) ដើម្បីធានាបាននូវការបន្តទទួលបានការអប់រំ ប្រកបដោយគុណភាពសម្រាប់កុមារនៅក្នុងសាលារៀនចំនួន ៣២ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ដើម្បីធានាថា កុមារទទួលបានការអប់រំប្រកបដោយគុណភាព ដោយមិនមានការរំខាន គម្រោង បានផ្តល់សម្ភារៈសិក្សា និងបង្រៀនដល់សាលាគោលដៅ និងគ្រូបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពបង្រៀនរបស់ពួកគេ។
ការសិក្សាចុងក្រោយដែលធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បានរកឃើញថា ជាង ៩៦ភាគរយ នៃកុមារថ្នាក់ទី៣ បានប្រលងជាប់មុខវិជ្ជាភាសាខ្មែរ កើនឡើង បើធៀបនឹង ៦៩,៨ភាគរយ នៃការសិក្សាដំបូងនៅឆ្នាំ២០២១។ អត្រាប្រលងគណិតវិទ្យាបានកើនឡើងពី ៣៨,៩ភាគរយទៅ ៩៣,៨ភាគរយ។
មូលនិធិ KSFC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានការរួមចំណែកសាជីវកម្មហិរញ្ញវត្ថុមូលបត្រកូរ៉េ គឺជាសាជីវកម្មសាធារណៈមិនរកប្រាក់ចំណេញ។ ដោយចូលរួមក្នុងសកម្មភាពរួមចំណែកសង្គមផ្សេងៗ រួមទាំងកម្មវិធីសុខុមាលភាព និងអាហារូបករណ៍ មូលនិធិ បានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការកែលម្អគម្រោងបរិស្ថានអប់រំ នៅក្នុងតំបន់ចំនួនប្រាំមួយនៅទូទាំងបួនប្រទេស៖ ម៉ុងហ្គោលី កម្ពុជា ឡាវ និងវៀតណាម។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
- លោក តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ / Save the Children ប្រចាំកម្ពុជា
អ៊ីម៉ែល:vida.taing@savethechildren.org លេខទូរស័ព្ទ: 016 541616