រំលង​​ទៅ​មាតិកា​សំខាន់​

21 កុម្ភៈ 2024 - Story

សេចក្តីប្រកាសព័ត៌មាន | កសាងទំនុកចិត្ត បំបែកភាពស្ងៀមស្ងាត់: បន្ទប់ពិគ្រោះយោបល់កុមារមេត្រី ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់កុមារកម្ពុជា

ភ្នំពេញ/ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ - អង្គការ Save the Children ប្រចាំកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យដំណើរការបន្ទប់ពិគ្រោះយោបល់កុមារមេត្រី នៅសាលាចំនួន ៥ ក្នុងខេត្តកំពង់ចាម។ បន្ទប់ ទាំងនេះ នឹងផ្តល់ជាទីតាំងសុវត្ថិភាព និងឯកជនសម្រាប់កុមារ ដើម្បីចែករំលែកកង្វល់របស់ពួកគេ ក៏ដូចជាពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់ពិគ្រោះយោបល់កុមារមេត្រី បានធ្វើឡើងនៅថ្ងៃពុធនេះ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអ្នកពាក់ព័ន្ធថ្នាក់ខេត្ត ស្រុក និងឃុំ ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ថ្លែងបើកកម្មវិធី លោក ម៉ូត សាណា នាយកប្រតិបត្តិកម្មវិធីរបស់អង្គការ Save the Children ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបន្ទប់ពិគ្រោះយោបល់កុមារមេត្រី។ បន្ទប់ទាំងនេះ ត្រូវបានបង្កើតឡើងដោយគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន (EVACiS) ដែលផ្តល់មូលនិធិដោយក្រសួងការបរទេសជប៉ុន ដើម្បីផ្តល់ជាកន្លែងឯកជនមួយ ដែលកុមារ អាចពិភាក្សាបញ្ហា ដែលប៉ះពាល់ដល់ពួកគេ ជាមួយគ្រូរបស់ពួកគេ ជនបង្គោលកិច្ចគាំពារកុមារ និងមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តផ្សេងទៀត។ ការរក្សាការសម្ងាត់ គឺជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់កុមារ ក្នុងការចែករំលែកកង្វល់របស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា បន្ទប់នេះ នឹងធ្វើឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងបង្កើនឱកាសសម្រាប់កុមារក្នុងការស្វែងរកការគាំទ្រពីមនុស្សពេញវ័យ ដោយមិនស្ទាក់ស្ទើរនៅពេលចាំបាច់។ យើងក៏សង្ឃឹមផងដែរថា បន្ទប់ទាំង៥ ដែលបង្កើតដោយគម្រោង EVACiS នឹងបង្ហាញពីសារៈសំខាន់ នៃវត្តមានរបស់បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនៅតាមសាលារៀន ហើយសាលារៀនដទៃផ្សេងទៀត នឹងអាចចម្លងការអនុវត្តនេះ ដើម្បីជួយឱ្យឱកាសនៃការស្វែងរកការគាំទ្រពីកុមារ អាចកើនឡើងនៅសាលាផ្សេងៗទៀត»។

លោក KAMEGAI Einosuke លេខាទូតទី២នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា ជឿជាក់ថា បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនេះ នឹងជួយដល់សិស្ស និយាយអំពីកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងអំពើហិង្សា ទៅកាន់មនុស្ស ដែលពួកគេទុកចិត្ត និងស្វែងរកជំនួយ។
លោក មានប្រសាសន៍ថា៖ «ខ្ញុំ ក៏សូមជម្រាបផងដែរថា កាលពីឆ្នាំមុន គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ហើយដើម្បីរម្លឹកដល់ឱកាសនេះ ទំនាក់ទំនងទ្វេភាគីរបស់យើង ត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យើងពេញចិត្តចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាព ដែលមានរវាងប្រទេសទាំងពីររបស់យើង ហើយយើងជឿថា បន្ទប់ទាំងនេះ នឹងតំណាងឱ្យ ស្ពាន មួយបន្ថែមទៀត សម្រាប់ពួកយើង ដែលនឹងពង្រឹងទំនាក់ទំនងរបស់យើងនាពេលអនាគត»។

ក្នុងសុន្ទរកថារបស់ខ្លួន ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់តួនាទីយ៉ាងសំខាន់របស់បន្ទប់ពិគ្រោះយោបល់កុមារមេត្រី ដែលជាផ្នែកមួយនៃយន្តការការកុមារ និងរាយការណ៍នៅតាមសាលារៀន ដែលស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រទី៤ នៃគោលនយោបាយកម្មវិធីកុមារមេត្រី។
ឯកឧត្តម មានប្រសាសន៍ថា៖ «ក្រសួងអប់រំ សង្ឃឹមយ៉ាងមុតមាំថា បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនេះ នឹងត្រូវបានប្រើប្រាស់ និងបន្តប្រើប្រាស់ជាកន្លែងសុវត្ថិភាពសម្រាប់កុមារ ហើយសាលាផ្សេងទៀត នឹងអាចចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ពីការបង្កើត និងអនុវត្តបន្ទប់នេះ នាពេលខាងមុខជាក់ជាមិនខាន»។

គ្របដណ្តប់លើសាលាបឋមសិក្សាចំនួន ៤៣ ក្នុងខេត្តកំពង់ចាម សម្រាប់រយៈពេល ៣ឆ្នាំ នៃការអនុវត្តចាប់តាំងពីឆ្នាំ ២០២២ គម្រោង EVACiS ត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការរក្សាបាននូវដំណើរការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធការពារកុមារ រួមទាំងយន្តការរាយការណ៍នៅក្នុងសាលារៀន និងសហគមន៍ ដោយធ្វើសកម្មភាពលើកកម្ពស់ការយល់ដឹង បង្កើនចំណេះដឹង និងជំនាញរបស់អ្នកពាក់ព័ន្ធនៅសាលា រួមទាំងកុមារ គ្រូបង្រៀន និងការពង្រឹងការសម្របសម្រួលរវាងសាលារៀន និងសហគមន៍ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។

កុមារី អឿន រីយ៉ា អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ និងជាប្រធានក្រុមប្រឹក្សាកុមារ នៃសាលាបឋមសិក្សាថ្លុកជ្រៅ បានឡើងថ្លែងសុន្ទរកថា អរគុណចំពោះការចូលរួមពីភាគីពាក់ព័ន្ធ និងបានលើកឡើងពីសកម្មភាពផ្សេងៗដែលគាំទ្រដោយគម្រោង EVACiS ដែលបានជួយបង្កើនចំណេះដឹង និងការយល់ដឹងរបស់កុមារអំពីសិទ្ធិកុមារ និងរបៀបដែលពួកគេការពារខ្លួនពីអំពើហិង្សា។
រីយ៉ា បានថ្លែងថា៖ «ជាការកត់សំគាល់ឃើញរបស់ខ្លួនខ្ញុំផ្ទាល់ កុមារភាគច្រើនមានការយល់ដឹង ពាក់ព័ន្ធនឹងសិទ្ធិកុមារ របៀបការពារខ្លួនពីហានិភ័យ និង មធ្យោបាយរាយការណ៍នៅក្នុងសាលារៀន»។
###

កំណត់ចំណាំសម្រាប់ការីនិពន្ធ៖

ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការ Save the Children ប្រចាំកម្ពុជា បានអនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន (EVACiS) នៅក្នុងសាលាបឋមសិក្សាចំនួន៤៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយមានមូលនិធីគាំទ្រពីក្រសួងការបរទេសជប៉ុន។

ការស្ទង់មតិដែលធ្វើឡើងនៅដើមដំបូងនៃគម្រោងក្នុងឆ្នាំ ២០២២ ដែលផ្តោតលើសាលាបឋមសិក្សាទាំង ៤៣ បានបង្ហាញថា ៣០% នៃសិស្ស បានជួបប្រទះនូវអំពើហិង្សាមួយចំនួននៅក្នុងខែមុនតែមួយ។ អំពើហិង្សាលើកុមារអាចមានផលជះយ៉ាងធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ពួកគេពេញមួយជីវិត។ អំពើហិង្សាបែបនេះ ក៏រួមចំណែកយ៉ាងធ្ងន់ធ្ងរដល់ការបោះបង់ការសិក្សា និងប៉ះពាល់ជាអវិជ្ជមានដល់លទ្ធផលសិក្សា។ បន្ទាប់ពីអនុវត្តគម្រោងរយៈពេលមួយឆ្នាំ ការស្ទង់មតិមួយផ្សេងទៀតបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាបានកាត់បន្ថយមកត្រឹម ២២%៕

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
• លោក តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ / Save the Children ប្រចាំកម្ពុជា
អ៊ីម៉ែល: vida.taing@savethechildren.org លេខទូរស័ព្ទ: 016 541616