រំលង​​ទៅ​មាតិកា​សំខាន់​

11 មិថុនា 2024 - ព័ត៌មាន

មត្តេយ្យសហគមន៍ បានជួយឱ្យសុមាសយកឈ្នះលើភាពអៀនខ្មាស និងបង្កើនទំនុកចិត្ត

ការអប់រំកម្រិតមត្តេយ្យ ដើរតួយ៉ាងសំខាន់ក្នុងកសាងសមត្ថភាពយល់ដឹងផ្នែកបញ្ញារបស់កុមារ តាមរយៈការផ្តល់បរិយាកាសមួយសមស្របសម្រាប់សិស្ស ដូចជាកុមារា សុមាស អាយុ ៦ឆ្នាំ ដែលបានផ្លាស់ប្តូរពីក្មេង ដែលមានភាពខ្មាសអៀន មកជាមានភាពក្លាហាន មានការប្រាស្រ័យទាក់ទងល្អជាមួយមិត្តភក្តិ និងមនុស្សពេញវ័យក្នុងសហគមន៍។

សុមាស បានចូលរៀនមត្តេយ្យសហគមន៍ស្ទឹងជ្រៅ ក្នុងភូមិកំពង់ព្រះ ឃុំគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២០ នៅពេលគេមានអាយុ ៣ឆ្នាំ។ អ្នកគ្រូ លន ចាន់នីតា អាយុ២៥ឆ្នាំ បាននិយាយថា៖ «សុមាស [ពីមុន] មានភាពអៀនខ្មាស និងភ័យខ្លាច ហើយគេចវេសពីការប្រាស្រ័យទាក់ទងនៅក្នុងថ្នាក់រៀន។ ពេល សុមាស នៅតូច គាត់ភ័យខ្លាចក្នុងការទាក់ទងជាមួយក្មេងៗផ្សេងទៀត។ គាត់​មិនសូវនិយាយ​ច្រើន​ទេ ក្នុងថ្នាក់រៀន»។

អ្នកគ្រូ ចាន់នីតា ដែលដំបូងឡើយជាគ្រូមត្តេយ្យស្ម័គ្រចិត្ត នៅសាលាមត្តេយ្យសហគមន៍ស្ទឹងជ្រៅក្នុងឆ្នាំ ២០១៦  បានឃើញពីការអភិវឌ្ឍរបស់មត្តេយ្យសហគមន៍ ដែលមានបន្ទប់រៀនចំនួនពីរ ទទួលបានការគាំទ្រមូលនិធិដោយអង្គការ Save the Children និងក្រុមប្រឹក្សាឃុំកំពង់គគីរក្នុងឆ្នាំ ២០១៦។ មត្តេយ្យសហគមន៍នេះ បានគោរពតាមតម្រូវការស្តង់ដារផ្លូវការ ហើយត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងអប់រំ យុវជន និងកីឡាក្នុងឆ្នាំ ២០២០ ។ ក្នុងឆ្នាំសិក្សា ២០២០-២០២១ អ្នកគ្រូ ចាន់នីតា បានបម្លែងខ្លួនពីគ្រូស្ម័គ្រចិត្តទៅជាគ្រូមត្តេយ្យក្របខណ្ឌរដ្ឋ ។

អ្នកគ្រូ ចាន់នីតា បាននិយាយថា សាលាមត្តេយ្យ​ខ្វះខាតនូវកម្មវិធីសិក្សា ការចូលរួម អន្តរកម្មសិក្សា និងផែនការដែលត្រូវបរិបទរៀនចម្រុះរបស់កុមារ ព្រមទាំសម្ភារៈសិក្សា។ ជាលទ្ធផល កុមារមិនអាចបង្ហាញវត្តមាននៅក្នុងថ្នាក់ពេញលេញឡើយ។ យ៉ាងណាមិញ ស្ថានភាពបានផ្លាស់ប្តូរនៅពេលដែល គម្រោង «បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប» (ហ្គ្រីន) ត្រូវបានណែនាំកាលដើមឆ្នាំ ២០២១។ គម្រោងនេះ គាំទ្រមូលនិធិពីសហភាពអ៊ឺរ៉ុប និងមូលនិធិ Norton Rose Fulbright (NRF)។

គម្រោង #ហ្គ្រីន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរអប់រំ យុវជន និងកីឡាស្រុកខេត្ត ដើម្បីផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស រួមទាំងការទំនាក់ទំនង និងការអនុវត្តកម្មវិធីអប់រំប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងពេលវេលា និងសម្ភារៈដល់គ្រូមត្តេយ្យសិក្សា។ គោលបំណង គឺដើម្បីពង្រឹងបច្ចេកទេសបង្រៀនរបស់ពួកគេ និងជួយពួកគេឱ្យប្រកាន់ខ្ជាប់នូវកម្មវិធីសិក្សាស្តង់ដា។ គម្រោងនេះ ក៏តាមដានយ៉ាងដិតដល់នូវសកម្មភាពប្រចាំខែ និងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍។ លើសពីនេះ គម្រោងបានជួយក្នុងការធ្វើតេស្ត និងរៀបចំផែនការបង្រៀន ការលើកកម្ពស់សុវត្ថិភាព និងអនាម័យ និងការបង្កើតក្រុមអ្នកថែទាំកុមារ។ គម្រោង​នេះ ​ក៏​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ដើម្បី​គាំទ្រ​ដល់​ការចុះ​សួរសុខទុក្ខ​នៅផ្ទះ និង​ផ្តល់​ការអប់រំ​បន្ថែម​ផងដែរ។

ជាផ្នែកនៃការគាំទ្ររបស់គម្រោង អ្នកគ្រូ ចាន់នីតា បានពន្យល់ពីរបៀបដែលអ្នកគ្រូ និងគ្រូបង្រៀនផ្សេងៗទៀតជួយសិស្សរបស់ពួកគេឱ្យរៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការធ្វើផែនការមេរៀនប្រចាំថ្ងៃ ការពិភាក្សាក្រុម និងការផ្តល់សម្ភារៈសម្រាប់សកម្មភាពនៅផ្ទះ។ អ្នកគ្រូ ក៏បានព្យាយាមស្វែងយល់ពីស្ថានភាពគ្រួសាររបស់សិស្ស ដើម្បីផ្តល់ការគាំទ្រចាំបាច់ និងបំពេញចន្លោះប្រហោងក្នុងការសិក្សាដែលអាចកើតមាន។

អ្នកគ្រូ ចាន់នីតា បាននិយាយថា៖ «យើងក៏បានការសាកល្បងបីដំណាក់កាលដោយប្រើកម្រងសំណួរដូចគ្នា ដើម្បីតាមដានវឌ្ឍនភាពសិក្សា ដោយប្រើកម្រងសំណួរដូចគ្នា។ បន្ទាប់ពីដំណាក់កាលនីមួយៗ យើងពិនិត្យឡើងវិញនូវអ្វីដែលសិស្សត្រូវការ និងបង្កើតផែនការដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់។ វិធីសាស្រ្តដ៏សាមញ្ញនេះធានាថា សិស្សគ្រប់រូបទទួលបានការគាំទ្រដែលពួកគេត្រូវការសម្រាប់ដំណើរការសិក្សាដ៏ជោគជ័យមួយ»។ អ្នកគ្រូបានកត់សម្គាល់ឃើញថា សុមាស​កាន់តែមានការចូលរួម ហើយជាលទ្ធផលការសិក្សារបស់គេបានប្រសើរឡើងបន្តិចម្តងៗ។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ គម្រោង #ហ្គ្រីន បានសហការជាមួយមន្ត្រីអប់រំនៅស្រុកបរិបូណ៍ ដើម្បីអនុវត្តការវាយតម្លៃដោយប្រើប្រាស់ឧបករណ៍វាស់ស្ទង់ការការអភិវឌ្ឍ និងការហាត់រៀនតាំងពីដំបូងរបស់កុមារតូចជាលក្ខណៈសកល (IDELA) សម្រាប់សិស្សមត្តេយ្យ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល សុមាស បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សសាលាមត្តេយ្យសហគមន៍ស្ទឹងជ្រៅ ចំនួន ៣៥នាក់។

សុមាស បាននិយាយថា​​​៖ «នៅពេលខ្ញុំធំឡើង ខ្ញុំមានបំណងចង់ក្លាយជាប៉ូលីស។ ខ្ញុំ​ចង់​ចូល​រួម​ការពារ​សន្តិសុខ​ភូមិ​ និង​ប្រជាជន​ដែល​ខ្ញុំ​រស់​នៅ​ជាមួយ។ ជា​ពិសេស ខ្ញុំ​ចង់​ពង្រឹង​ការ​ការពារ​កុមារ និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យទៅសាលា​រៀន»។

ប៉ប់ គឹមស្រៀង អាយុ ៣៨ឆ្នាំ ជាឪពុករបស់ សុមាស និងអ្នកនេសាទ បានក្លាយជាសមាជិកនៃក្រុមអ្នកថែទាំកុមារ នៅឆ្នាំ ២០២២ ហើយបានចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីស្វែងយល់ពីការចិញ្ចឹមកូនបែបវិជ្ជមាន។ ទាំងនេះបានជួយគាត់ និងប្រពន្ធរបស់គាត់ឱ្យយល់កាន់តែច្បាស់អំពីរបៀបអប់រំកូនទាំងពីរ ហើយឥឡូវនេះពួកគេចំណាយពេលច្រើនជាមួយកូនប្រុសរបស់គាត់ ពេលកូនរៀននៅផ្ទះ។

លោក គឹមស្រៀង បាននិយាយថា៖ «ក្រុមអ្នកថែទាំកុមារបានឱ្យពួកយើងរៀនសូត្រពីគ្នា និងចែករំលែកចំណេះដឹងទៅវិញទៅមក។ ខ្ញុំ​ មិន​សូវ​បាន​រៀន​ច្រើន​ទេ​កាល​ពី​ក្មេង ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ចំណាយ​ពេល​ជាមួយ​ការរៀនរបស់កូនខ្ញុំ»។

គឹមស្រៀង បានថ្លែងដឹងគុណចំពោះការគាំទ្រដែលផ្តល់ដោយសហភាពអ៊ឺរ៉ុប និងមូលនិធិ Norton Rose Fulbright (NRF) ក្នុងគម្រោង #ហ្គ្រីន។ លោក សង្ឃឹមថា សុមាស ដែលសព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១ នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិ ដែលគេអាចសម្រេចបាននូវបំណងក្លាយជាប៉ូលីស ដើម្បីការពារប្រទេស និងធានាផលប្រយោជន៍សហគមន៍។

សម្ភាសន៍ដោយ៖ សៀង​ សុខុម មន្ត្រីអប់រំកុមារតូច

សរសេរដោយ៖ តាំង វីដា អ្នកឯកទេសផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ

រូបថតដោយ៖ យស់ រដ្ឋា មន្រ្តីផ្នែកទំនាក់ទំនង

ពិនិត្យដោយ៖ ជិន កិត្យា អ្នកឯកទេសទទួលបន្ទុកផ្នែករបាយការណ៍ម្ចាស់ជំនួយ