រំលង​​ទៅ​មាតិកា​សំខាន់​

16 ឧសភា 2024 - Story

ភាពជោគជ័យនៃ EDTECH៖ ព័ត៌មានបច្ចេកវិទ្យា និងទំនាក់ទំនងរបស់គ្រូ

លោក សន រាជសី អាយុ ៣១ ឆ្នាំ ជាគ្រូបង្រៀន បានមើលឃើញពីសក្តានុពលនៃព័ត៌មានបច្ចេកវិទ្យា និងទំនាក់ទំនង (ICT) ក្នុងការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន និងការរៀនបែបបុរាណ។ លោកជឿថាការបញ្ចូល ICT ទៅក្នុងថ្នាក់រៀនអាចពង្រីកបទពិសោធន៍សិក្សាសម្រាប់សិស្ស និងជួយការបង្រៀនរបស់អ្នកគ្រូលោកគ្រូឱ្យកាន់តែមានគុណភាព និងមានប្រសិទ្ធភាព។

លោក រាជសី ជាគ្រូបង្រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សា ក្រាំងស្រម៉ ស្ថិតក្នុងឃុំស្វាយជក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សាលានេះ គឺជាថ្នាក់មួយក្នុងចំណោមថ្នាក់ទាំងប្រាំពីរដែលត្រូវបានបំពាក់បច្ចេកវិទ្យាអប់រំ (EdTech) ដោយមានការគាំទ្រពីគម្រោង «ការវិលត្រឡប់មកសាលារៀន ដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ»  (PEER)។

លោក​ រាជសី បានចាប់ផ្តើមអាជីពជាគ្រូបង្រៀន​នៅឆ្នាំ២០១៤។ នៅពេលនោះ លោក មានត្រឹមតែចំណេះដឹងមូលដ្ឋានអំពីភាសាអង់គ្លេស និងការប្រើប្រាស់ Microsoft Word និង Excel ប៉ុណ្ណោះ។ ប៉ុន្តែ សាលារៀន មិនមានកុំព្យូទ័រសម្រាប់ប្រើប្រាស់នោះទេ។ លោក បានប្រើក្តារខៀនពេលបង្រៀនមេរៀន ដើម្បីសរសេរ គូរ និងពន្យល់ដល់សិស្សរបស់ខ្លួន។ ជារឿយៗ លោកបានសរសេររបាយការណ៍លើក្រដាស ហើយផ្ញើវាដោយផ្ទាល់តាមរយៈមិត្តរួមការងារ ដែលត្រូវចំណាយពេលយូរ។

លោក បាននិយាយថា៖ «ខ្ញុំ មិនធ្លាប់បានដឹងពីទម្រង់បច្ចេកវិទ្យាឌីជីថលណាមួយសម្រាប់ការបង្រៀនឡើយ។ សម្ភារៈបង្រៀនភាគច្រើនត្រូវបានធ្វើឡើងដោយដៃ និងមានគុណភាពទាប។ ខ្ញុំ ធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីផ្ញើ ឬប្រមូលឯកសារ។ លើសពីនេះទៅទៀត ខ្ញុំ បានកត់សម្គាល់ឃើញថា ចំណាត់ថ្នាក់សិស្ស ក៏មានកម្រិតទាបដែរ។

ក្រោមការគាំទ្រមូលនិធិពីអង្គការ Save the Children កូរ៉េ គម្រោង PEER បានសហការជាមួយនាយកដ្ឋានអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដើម្បីគាំទ្រដល់សាលារៀនគោលដៅចំនួន៣២ ក្នុងខែកក្កដា ឆ្នាំ ២០២១។ ការគាំទ្រទាំងនោះរួមមាន ការពង្រឹងសមត្ថភាពដល់គ្រូបង្រៀន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងគណៈកម្មការថ្នាក់រៀន និងការផ្តល់ធនធានបច្ចេកវិទ្យាឌីជីថល រួមមានកុំព្យូទ័រ ថេប្លេត និងឧបករណ៍ភ្ជាប់ Wi-Fi ដល់ថ្នាក់រៀន EdTech ចំនួនប្រាំពីរ។

ការគាំទ្រនេះបានធ្វើឱ្យលោក រាជសី​ ស្វែងរកវិធីសាស្រ្តដែល ICT អាចត្រូវបានប្រើប្រាស់ ដើម្បីពង្រីកដំណើរការនៃការបង្រៀន និងការរៀនដោយខ្លួនឯង ដូចជាការប្រើប្រាស់កម្មវិធីអប់រំ ធនធានលើអនឡាញ និងឧបករណ៍ពហុព័ត៌មានដែលធ្វើឱ្យការសិក្សាកាន់តែមានភាពទាក់ទាញ និងអន្តរកម្មសម្រាប់សិស្សរបស់ខ្លួន។

លោក បាននិយាយថា៖ «ឥឡូវនេះ ខ្ញុំអាចប្រើប្រាស់ Google, Google Docs, Google Sheets, Google Meet, Telegram, PowerPoint, អ៊ីម៉ែល និងជាពិសេសប្រព័ន្ធសិក្សាអេឡិចត្រូនិច  Inclusive Learning Platform (ILP) ដើម្បីគាំទ្រថ្នាក់រៀន និងការបង្រៀនពីចម្ងាយរបស់ខ្ញុំ។ ឧបករណ៍ទាំងនេះពិតជាមានប្រយោជន៍ និងល្អសម្រាប់ការរៀន»។

លោក ក៏បានកត់សម្គាល់ផងដែរថា ប្រព័ន្ធសិក្សាអេឡិចត្រូនិច  គឺជាកន្លែងផ្ទុកមេរៀនជាច្រើន និងបម្រើជាបណ្ណាល័យឌីជីថលសម្រាប់គ្រូបង្រៀន និងសិស្ស ដោយបន្ថែមថា លទ្ធផលសិក្សារបស់សិស្សានុសិស្សរបស់លោក មានភាពប្រសើរឡើងពេលប្រើប្រាស់ឧបករណ៍ឌីជីថល ។

លោក ព្រាប ថុន ជានាយកសាលា បានប្រាប់ថា ជាមួយការចូលរួមយ៉ាងសស្រាក់សស្រាំ និងភាពដ៍ឆ្នើមនៅសាលា លោក រាជសី តែងតែត្រូវបានអញ្ជើញ​​​​​​​ឱ្យចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយលោកគ្រូ អ្នកគ្រូ និងសាលារៀនផ្សេងៗទៀត។ 

 លោក ថុន​ បានបន្តទៀតថា៖ «ខ្ញុំ បានកត់សម្គាល់ឃើញពីភាពប្រសើរឡើងគួរឱ្យចាប់អារម្មណ៍នៅក្នុងការបង្រៀន និងជំនាញគ្រប់គ្រងកិច្ចការរបស់គាត់។ ជាលទ្ធផល ថ្មីៗនេះ យើងបានផ្តល់វិញ្ញាបនបត្រសរសើរដល់គាត់ និងបានគាំទ្រគាត់ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់ សម្តេចតេជោ សែន សម្រាប់គ្រូល្អ នៅឆ្នាំ ២០២៤។»

អូ រតនៈ អាយុ ១១ឆ្នាំ ជាសិស្សរបស់លោករាជសី ដែលកំពុងអង្គុយក្នុងថ្នាក់ EdTech ចូលចិត្តប្រើសម្ភារៈ ICT និងធ្វើលំហាត់នៅក្នុងប្រព័ន្ធសិក្សាអេឡិចត្រូនិច នៅពេលទំនេររបស់ខ្លួន។ រតនៈ បានសម្គាល់ថា ខ្លួនរៀនបានលឿន និងឆាប់យល់ពេលដែលគ្រូរបស់ខ្លួនបង្ហាញរូបថត និងវីដេអូ ដើម្បីពន្យល់មេរៀន។

រតនៈ បន្តទៀតថា៖ «ខ្ញុំអាចស្រាវជ្រាវ និងស្វែងរកប្រធានបទដែលខ្ញុំមិនបានរៀនក្នុងថ្នាក់លើថេប្លេតរបស់ខ្ញុំជាមួយនឹងសម្ភារៈ ICT ។ កាលណាខ្ញុំធ្វើកិច្ចការកាន់តែច្រើន ខ្ញុំកាន់តែរីកចម្រើន។ ក្នុងខែនេះ ខ្ញុំថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៨ ដែលបង្ហាញពីតម្លៃរបស់ ICT ក្នុងកិច្ចជំរុញការរៀនសូត្ររបស់ខ្ញុំ៕»

 

 

សម្ភាសន៍ដោយ៖ យ៉ាវ ចាន់ថន មន្ត្រីព័ត៌មានវិទ្យា

សរសេរដោយ៖ តាំង វីដា អ្នកឯកទេសផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ

រូបថតដោយ៖ យស់ រដ្ឋា មន្រ្តីផ្នែកទំនាក់ទំនង

ពិនិត្យដោយ៖ ជិន កិត្យា អ្នកឯកទេសទទួលបន្ទុកផ្នែករបាយការណ៍ម្ចាស់ជំនួយ