រំលង​​ទៅ​មាតិកា​សំខាន់​

6 មេសា 2024 - ព័ត៌មាន

ពិធីចែកសម្ភារឧបទេស និងវគ្គបណ្តុះបណ្តាលការប្រើប្រាស់ សម្រាប់គ្រូមត្តេយ្យសិក្សារដ្ឋ និងសហគមន៍

តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមការងារគម្រោង“បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ភាគខាងកើតបឹងទន្លេសាប”  ហៅកាត់ថា ហ្គ្រីន របស់អង្គការ Save the Children ប្រចាំកម្ពុជា កាលពីម្សិលមិញ បានរៀបចំពិធីចែកសម្ភារឧបទេស និងវគ្គបណ្តុះបណ្តាលការប្រើប្រាស់ សម្រាប់គ្រូមត្តេយ្យសិក្សារដ្ឋ និងសហគមន៍។ 

សម្ភារឧបទេសចំនួន៥មុខវិជ្ជា រួមមាន សិក្សាសង្គម ភាសាខ្មែរ បុរេគណិត វិទ្យាសាស្រ្ត និងចិត្តចលភាព ត្រូវបានដំណើរការផលិតឡើងក្នុងរយៈពេល ៦ខែ ដោយប្រើថវិកាចំណាយសរុប ១ម៉ឺន៧ពាន់ដុល្លារ ដោយមានការចូលរួមពីគ្រូមត្តេយ្យ និងអាណាព្យាបាល ដើម្បីចែកជូនទៅដល់មត្តេយ្យសិក្សារដ្ឋ និងសហគមន៍សរុប ៣៦ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំ។

សម្ភារឧបទេសទាំងនេះ ត្រូវបានផលិតឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ដែលស្របតាមកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ និងតម្រូវការរបស់មត្តេយ្យសិក្សា ក៏ដូចជាពង្រឹងប្រសិទ្ធិភាពនៃការបង្រៀន និងការរៀនសូត្ររបស់កុមារតូច។ ក្នុងមតិស្វាគមន៍ លោក តុន គន្ធែល ប្រធានគម្រោងហ្គ្រីន បានឱ្យដឹងថា ការចែកសម្ភារឧបទេស និងវគ្គបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ គឺជាផ្នែកមួយដ៏សំខាន់ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងមុំទី១ ការអភិវឌ្ឍមូលធនមនុស្ស ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ។

លោកបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ផ្តោតលើកុមារអាយុពី៣ ទៅ៥ឆ្នាំ អភិវឌ្ឍប្រាជ្ញាស្មារតីជាមូលដ្ឋានត្រៀមជាស្រេច ដើម្បីចូលរៀនថ្នាក់ទី១ នៅអាយុ ៦ឆ្នាំ។ ការវិនិយោគលើការអប់រំរបស់កុមារ នាំឱ្យអនាគតកុមារភ្លឺត្រចះត្រចង់  សម្រាប់ការចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សង្គមជាតិ»។

លោក អ៊ី សារី អភិបាលរង នៃគណ:អភិបាលស្រុកបរិបូណ៌ ជឿជាក់ថា គ្រូមត្តេយ្យរដ្ឋ និងសហគមន៍ក្នុងតំបន់គោលដៅរបស់គម្រោង នឹងប្រើប្រាស់សម្ភារឧបទេសទាំងនេះ សម្រាប់បង្ហាត់បង្រៀនបន្តដល់កុមារតាមថ្នាក់មត្តេយ្យគោលដៅ នៅតាមតំបន់ដែលជួបការលំបាក ដើម្បីជួយកុមារតូចឲ្យទទួលបាននូវវិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទាជានវានុបវត្តន៍ក្នុងការលើកតម្កើនការអប់រំ ការថែទាំសុខភាព និងការការពារកុមារពីការរំលោភបំពាន សំដៅធ្វើយ៉ាងណាឲ្យកុមារទាំងអស់ យល់ពីសិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងចូលរួមពង្រឹងតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ឪពុកម្តាយចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូន ។

អ្នកគ្រូ វុន ធារិទ្ធ គ្រូមត្តេយ្យសហគមន៍សាលាអ្នកតាពោធិ៍ ស្ថិតក្នុងស្រុកបរិបូណ៌ បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពសម្ភារឧបទេស នឹងជួយសម្រួលដល់ដំណើរការបង្រៀន កាត់បន្ថយពេល និងចំណាយផ្ទាល់ខ្លួនរបស់គ្រូ។

 

អ្នកគ្រូថា៖ «សម្ភារឧបទេសទាំងនេះ ធ្វើឡើងស្របតាមកម្មវិធីសិក្សាសម័យថ្មីរបស់ក្រសួងអប់រំ។ វាជួយឱ្យក្មេងងាយយល់ ឆាប់ចាប់បានមេរៀន ហើយទាក់ទាញកុមារឱ្យមករៀនទៀងទាត់ផងដែរ»។

ក្នុងពិធីនេះ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងប្រធានគណៈកម្មការពិគ្រោះ និងប្រឹក្សាយោបល់កិច្ចការស្រ្តី និងកុមារ បានរម្លឹកពីតួនាទីដ៏សំខាន់របស់គ្រូមត្តេយ្យក្នុងកិច្ចការការងារអប់រំគ្រឹះមូលដ្ឋានសម្រាប់កុមារតូច និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ការលះបង់ពេលវេលា និងចំណាយផ្សេងៗរបស់គ្រូមត្តេយ្យ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមពីអាជ្ញាធរឃុំ និងថ្នាក់ជាតិ។ 

លោកជំទាវថា៖ «ខ្ញុំជឿថា គ្រូមត្តេយ្យ មានឆន្ទៈខ្ពស់ណាស់។ ពួកគាត់ហត់នឿយណាស់ ហ៊ានលះបង់ណាស់ ដើម្បីការបង្រៀនកូនចៅនៅក្នុងសហគមន៍នីមួយៗ។ មិនមានមនុស្សច្រើនទេ ដែលអាចធ្វើដូចពួកគាត់បាន ហេតុហើយត្រូវយកចិត្តទុកដាក់លើពួកគាត់»។

លោកជំទាវ បានស្នើឱ្យគណៈអភិបាលស្រុកបរិបូណ៌ ពិនិត្យតម្លើងប្រាក់ឧបត្ថម្ភជូនគ្រូមត្តេយ្យសហគមន៍ចាប់ពី៥៥ ឬ៦៥ម៉ឺនរៀលឡើងទៅ ដែលស្មើនឹងមន្រ្តីកិច្ចសន្យាតែម្តង ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ ព្រមទាំងបានសន្យាលើកយកបញ្ហានេះ ទៅធ្វើការតស៊ូមតិ និងស្នើក្នុងកម្រិតថ្នាក់ជាតិ ដើម្បីឱ្យគ្រូមត្តេយ្យនៅបណ្តាខេត្តផ្សេងៗ អាចទទួលបានការឆ្លើយតបសមរម្យចំពោះការខិតខំ និងការលះបង់របស់ពួកគេ។ 

បច្ចុប្បន្នសហគមន៍នេសាទ ក្នុងតំបន់ភាគខាងកើតបឹងទន្លេសាប កំពុងប្រឈមនឹងស្ថានភាពលំបាកក្នុងការចិញ្ចឹមជីវិត ពិសេសថយចុះប្រាក់ចំណូលពីផលនេសាទថយចុះ ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការនេសាទលើសលុប ជាដើម។

គួរបញ្ជាក់ថា គម្រោង ហ្គ្រីន ទទួលបានថវិកាគាំទ្រពី សហភាពអ៊ឺរ៉ុប អនុវត្តរយៈពេល៤ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោង មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត អនាម័យ ការគ្រប់គ្រងសំណល់រឹង គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំក្នុងសហគមន៍នេសាទងាយរងគ្រោះ នៅតំបន់ខាងកើតបឹងទន្លេសាប៕