រំលង​​ទៅ​មាតិកា​សំខាន់​

24 មករា 2024 - Story

ជីដូនជីតា ប្តេជ្ញាចិត្តផ្តល់ការថែទាំដ៏ល្អបំផុតដល់ចៅៗទាំងប្រាំមួយរបស់ពួកគេ

ប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលជាជីដូនជីតានៃចៅប្រាំមួយនាក់ បានប្តេជ្ញាចិត្តផ្តល់ការថែទាំ និងឱកាសសម្រាប់ការអភិវឌ្ឍដ៏ល្អបំផុតដល់ចៅៗរបស់ពួកគេ។ នេះ ជាទំនួលខុសត្រូវដែលពួកគេអះអាងពុំធ្លាប់បានផ្តល់ឱ្យ នៅពេលចិញ្ចឹមកូនៗរបស់ពួកគេ។

ប្តីប្រពន្ធមួយគូនេះ លោក ឌុច ចន្ថា អាយុ ៦៣ឆ្នាំ និងអ្នកស្រី ឆយ សារ៉ាន់ អាយុ ៦២ឆ្នាំ រស់នៅភូមិកំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពួកគេ ប្រកបរបបចិញ្ចឹមជីវិតដោយការដាំដំណាំបន្តិចបន្តួច។ ពួកគេ មានកូនប្រាំមួយនាក់ និងចៅដប់នាក់។ បច្ចុប្បន្ន ពួកគេមើលថែចៅប្រុស៤នាក់ និងចៅស្រី២នាក់ ដែលឪពុកម្តាយរបស់ក្មេងទាំងនេះ ទៅធ្វើការឆ្ងាយពីផ្ទះ ចំណែកឯ ក្មេង៤នាក់ទៀត រស់នៅជាមួយឪពុកម្តាយនៅកន្លែងផ្សេងៗគ្នា។

ក្មេងទាំង ៦នាក់នេះ មានអាយុចាប់ពី២ ឆ្នាំដល់ ១៥ឆ្នាំ។ ពួកគេ បានរស់នៅជាមួយជីដូនជីតាតាំងពីកើតមកម្លេះ ដោយសារឪពុកម្តាយរបស់ពួកគេ មិនអាចយកពួកគេទៅធ្វើការជាមួយបាន។ លោក ចន្ថា បានប្រាប់ថា៖ «ឪពុកម្តាយរបស់ពួកគេមកលេងក្មេងៗទាំងនេះម្តង ឬរៀងរាល់ពីរ បីខែម្តង ហើយពេលខ្លះ មកតែម្តងក្នុងមួយឆ្នាំ។ ពួកគេ ពឹងទៅលើប្រពន្ធខ្ញុំ និងខ្ញុំ ដែលជាឪពុកម្តាយរបស់ពួកគេ ជួយមើលថែចៅៗរបស់យើង»។

អ្នកស្រី សារ៉ាន់ បានមានប្រសាសន៍ថា៖ «ការមើលថែចៅៗទាំងប្រាំមួយនាក់ ក្នុងវ័យរបស់ខ្ញុំគឺពិតជាពិបាក និងហត់នឿយណាស់ ប៉ុន្តែខ្ញុំស្រលាញ់ពួកគេ ហើយខ្ញុំសង្ឃឹមថាឪពុកម្តាយរបស់ពួកគេ អាចមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការ និងចិញ្ចឹមគ្រួសាររបស់ពួកគេ»។

According to both, the children’s parents provided them with a monthly spending of USD 100 per child used for buying them daily meals and milk.

បើតាមអ្នកទាំងពីរ ឪពុកម្តាយរបស់ក្មេងៗទាំងនេះ បានផ្តល់ប្រាក់ឧបត្តម្ភប្រចាំខែចំនួន ១០០ដុល្លារ សម្រាប់ម្នាក់ៗ ដើម្បីទិញអាហារប្រចាំថ្ងៃ និងទឹកដោះគោឱ្យពួកគេ។

ដំបូងឡើយ លោក ចន្ថា និងអ្នកស្រី សារ៉ន បានចិញ្ចឹមចៅៗដូចដែលគាត់ធ្លាប់ចិញ្ចឹមកូនៗកាលនៅក្មេង។ វិធីសាស្រ្តរបស់ពួកគេបានផ្លាស់ប្តូរ នៅពេលដែលពួកគេចាប់ផ្តើមចូលរួមក្នុងកិច្ចប្រជុំអ្នកថែទាំកុមារតូច ដែលជាការប្រមូលផ្តុំក្រុមម្តាយ និងជីដូនជាច្រើន មកធ្វើការចែករំលែកការយល់ដឹង និងវិធីសាស្រ្ត សម្រាប់កែលម្អនូវជំនាញការថែទាំកុមារឱ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំអ្នកថែទាំកុមារតូច គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀតរបស់គម្រោង «លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថ សហគមន៍ និងអ្នកថែទាំ ដើម្បីកុមារពី០ ទៅ៣ឆ្នាំ មានជីវិតប្រសើរឡើង» (GRAND) ក្រោមជំនួយរបស់អង្គការ Save the Children ហុងកុង ដែលបានចាប់ផ្តើមប្រតិបត្តិកាលពីខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ដឹកនាំដោយអ្នកសម្របសម្រួលដែលបានទទួលការបណ្តុះបណ្តាល បំប៉នចំណេះដឹង និងជំនាញទាក់ទងនឹងការថែទាំកុមារ និងការអភិវឌ្ឍន៍កុមារតូច។ លើសពីនេះ អ្នកថែទាំ ទទួលបានការយល់ដឹងអំពីកិច្ចការពារ និងការអភិវឌ្ឍន៍កុមារតូច។

កិច្ចប្រជុំអ្នកថែទាំកុមារតូចលើកដំបូង បានធ្វើឡើងនៅដើមឆ្នាំ ២០២៣ នៅទីធ្លាសាធារណៈក្នុងសហគមន៍ ប៉ុន្តែក្រោយមក ត្រូវបានប្តូរទីតាំងទៅផ្ទះរបស់លោក ចន្ថា និងអ្នកស្រី សារ៉ាន់ ដែលជាកន្លែងជួបជុំគ្នាមានភាពងាយស្រួល និងសមរម្យសម្រាប់សមាជិកក្រុមទាំងអស់។

អ្នកស្រី សារ៉ាន់ បានមានប្រសាសន៍ថា៖ «មុនពេល ដែលខ្ញុំចូលរួមក្នុងកិច្ចប្រជុំអ្នកថែទាំកុមារតូចនេះ ខ្ញុំតែងតែឆ្លើយឮខ្លាំងៗ ជាមួយចៅៗរបស់ខ្ញុំដូចដែលខ្ញុំធ្លាប់ធ្វើចំពោះឪពុកម្តាយរបស់ពួកគេដែរ។ ខ្ញុំបានបិទមាត់ និងទះកំផ្លៀងពួកគេ នៅពេលដែលពួកគេមិនស្តាប់ ឬធ្វើអ្វីខុស។ «ខ្ញុំ បានដឹងថាអាកប្បកិរិយាទាំងនេះមិនសមរម្យ និងមិនល្អសម្រាប់ទំនាក់ទំនងរបស់យើងទេ។ ពេលនេះ ខ្ញុំប្រែប្រើពាក្យផ្អែមល្ហែម និងរៀបចំអាហារទាំងស្រុងជំនួសឱ្យចំណីកញ្ចប់សម្រាប់ចៅៗរបស់ខ្ញុំ។ ផ្ទុយទៅវិញ ពួកគេបានស្តាប់ដំបូន្មាន និងសម្តែងនូវក្តីស្រឡាញ់ និងការគោរព»។

កិច្ចប្រជុំអ្នកថែទាំកុមារតូច បានផ្លាស់ប្តូរការចិញ្ចឹមកូន និងបង្ហាញពីតួនាទីសំខាន់ៗរបស់អ្នកថែទាំបុរស។ លោក ចន្ថា ទទួលស្គាល់តម្លៃនៃសកម្មភាពបន្តិចបន្តួច ដែលលើកកម្ពស់សុខុមាលភាពអ្នកថែទាំ ខណៈដែលលោកក៏បានចូលរួមប្រជុំជាមួយភរិយាផងដែរ។

លោក ចន្ថា មានប្រសាសន៍ថា៖ «ខ្ញុំ ដឹងថាកិច្ចការផ្ទះមានច្រើន ហើយបន្ទុកធ្ងន់សម្រាប់ស្ត្រី។ បុរសខ្លះមើលរំលងរឿងនេះ ហើយមិនអើពើនឹងទំនួលខុសត្រូវរបស់ពួកគេក្នុងគ្រួសារ។ ខ្ញុំ យកចិត្តទុកដាក់ចំពោះភរិយាខ្ញុំ និងចៅៗរបស់ខ្ញុំ ហើយផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់ និងគាំទ្រពួកគេបន្ថែមទៀត ផ្លាស់ប្តូររបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឱ្យកាន់តែល្អប្រសើរ។

ចៅស្រីឈ្មោះ ចាន់ មុន្នីរ័ត្ន អាយុ ១១ឆ្នាំ បាននិយាយថា ជីដូន និងជីតារបស់នាងស្ថិតក្នុងកន្លែងពិសេសមួយក្នុងចិត្តរបស់នាង ហើយនាងប្រាថ្នាចង់នៅជាមួយពួកគេឱ្យបានយូរតាមតែអាចធ្វើទៅបាន។

នាងបាននិយាយថា៖ «ខ្ញុំ ស្រឡាញ់ជីដូនជីតារបស់ខ្ញុំ ព្រោះឥឡូវនេះពួកគាត់ចិត្តល្អ ហើយស្លូតណាស់។ ពួកគាត់ ធ្លាប់ស្តីបន្ទោសខ្ញុំ និងបងប្អូនជីដូនមួយផ្សេងៗទៀត ប៉ុន្តែដោយសារតែពួកយើងបានធ្វើខុស»។

ច័ន្ទមុន្នីរ័ត្ន បានប្រាប់ថា ជីដូនជីតារបស់នាងតែងតែចំណាយពេលជាមួយនាង និងបងប្អូនជីដូនមួយផ្សេងៗទៀតជារៀងរាល់ថ្ងៃ បន្ទាប់ពីរៀន។ ពួកគេ បានទៅលេងវត្ត ស្ពាន និងមើលសត្វ។ ជីដូនជីតារបស់នាងក៏កំដរពួកគេ អាន និងគណនាលេខនៅពេលទំនេរផងដែរ។

អ្នកស្រី មុំ គង់ សមាជិកក្រុមអ្នកថែទាំកុមារតូច ជឿជាក់ថា ប្ដីប្រពន្ធលោក ចន្ថា និងអ្នកស្រី សារ៉ាន់ ជាជីដូនជីតាដ៏ល្អ។ អ្នកស្រី គង់ រីករាយក្នុងការចូលរួមកិច្ចប្រជុំនៅផ្ទះរបស់ពួកគេ ព្រោះប្ដីប្រពន្ធនេះ ត្រូវបានគេស្គាល់ថាមានចិត្តសប្បុរស និងរួសរាយរាក់ទាក់ចំពោះអ្នកជិតខាង។

អ្នកស្រី គង់ បាននិយាយថា៖ «ខ្ញុំ ចូលរួមកិច្ចប្រជុំអ្នកថែទាំកុមារតូចនេះជាប្រចាំ ពីព្រោះពួកគេតែងតែស្វាគមន៍យើងយ៉ាងកក់ក្តៅ។ កិច្ចប្រជុំអ្នកថែទាំកុមារតូចនេះ គឺជាការជួបជុំដ៏រីករាយ ដែលសមាជិកគ្រប់រូបអាចនិយាយដោយបើកចំហរ និងចែករំលែកទុក្ខកង្វល់សម្រាប់ជាការណែនាំ»៕

 

សម្ភាសន៍ដោយ៖ ថា សុភី មន្ត្រីគម្រោង
សរសេរដោយ៖ តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ 
រូបភាព៖ យស់ រដ្ឋា មន្រ្តីទំនាក់ទំនង