រំលង​​ទៅ​មាតិកា​សំខាន់​

27 មករា 2022 - Story

គ្រូបង្រៀនម្នាក់ នៃអតីតសាលាបណ្ដែតទឹក ប្រាថ្នាបង្កើនការអភិវឌ្ឍន៍ជំនាញព័ត៌មានវិទ្យា ICT

ក្នុងសង្ឃឹមដើម្បីឱ្យកុមារតូចៗ នៅក្នុងភូមិអាចរៀនសូត្រ និងធំឡើងដោយក្តីសប្បាយរីករាយ លោកគ្រូ ស៊ុំ សើ អាយុ២៧ឆ្នាំ បានកំពុងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ទៅលើវិធីសាស្រ្តបង្រៀន និងជំនាញទាក់ទងនឹងព័ត៌មានវិទ្យា(ICT) ក្នុងគោលបំណងបន្តផ្តល់ឱកាសសិក្សាប្រកបដោយប្រសិទ្ធិភាព ដល់សិស្សរបស់លោក។

លោកគ្រូ សើ ដែលមានឪពុកម្តាយជាកសិករ បានប្រឡងចូលធ្វើជាគ្រូបង្រៀន បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៥ និងបានចំណាយពេលពីរឆ្នាំ សិក្សានៅសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ឆ្នាំង។ ក្រោយមក លោក ត្រូវបានចាត់តាំងឱ្យបង្រៀន នៅសាលាបឋមសិក្សាបណ្តែតទឹក ព្រះនរោត្តម សីហមុនី(សេះស្លាប់) នៅឆ្នាំ២០១៧ ។

នៅគ្រានោះ សាលានេះ មានទីតាំងនៅលើទឹកក្នុងភូមិសេះស្លាប់ ដែលជាកន្លែងជម្លៀសខ្លួន ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ក្រោយមក តំបន់នេះ ក៏បានក្លាយជាភូមិនេសាទ សម្រាប់អ្នកនេសាទជាច្រើនគ្រួសារ។

លោកគ្រូ សើ បានប្រាប់ថា៖ «ខ្ញុំចាំបានថា ៥ខែដំបូង ខ្ញុំ បានពុលរលក និងក្អួតរហូត។ ខ្ញុំ មិនអាចឈរបង្រៀន បាននឹងនៅមួយកន្លែង ដោយសារថ្នាក់រៀន អង្រួនគ្រប់ពេល។ ខ្ញុំ ចង់បោះបង់ការបង្រៀននៅទីនោះជាច្រើនដង ប៉ុន្តែខ្ញុំ តែងផ្លាស់ប្តូរចិត្តវិញ ក្រោយបានឃើញកុមារទាំងអស់នោះ ស្រែកហ៊ោរកញ្ជ្រៀវ និងសើចយ៉ាងសប្បាយរីករាយ គ្រប់ពេលដែលខ្ញុំដើរចូលថ្នាក់រៀនម្តងៗ។ ខ្ញុំ ពិតជាអាណិតពួកគេខ្លាំងណាស់។»

នៅខែសីហា ឆ្នាំ២០១៩ សាលាបឋមសិក្សាសេះស្លាប់ ត្រូវបានផ្លាស់ប្តូរទីតាំងមកលើគោក។ សាលានេះ ត្រូវបានសាងសង់ឡើងវិញ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ក្នុងខែមេសា ឆ្នាំ២០២០ ក្រោមជំនួយឧបត្ថម្ភថវិកាពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងត្រូវបានប្តូរឈ្មោះទៅជាសាលាបឋមសិក្សា និងអនុវិទ្យាល័យ ព្រះនរោត្តម សីហមុនី ប៉ុន្តែអ្នកភូមិភាគច្រើននៅតែបន្តហៅឈ្មោះពីមុន គឺសេះស្លាប់។

សាលារៀនេះ មានអគារ២ ខ្នង សរុប១២បន្ទប់ ហើយបច្ចុប្បន្នមានសិស្សសរុបចំនួន ១៦៧នាក់ (ស្រី ៩៣នាក់) និងគ្រូ ៧នាក់ (ស្រី ៣នាក់)។ ដោយសារកត្តាជីវភាព លោកគ្រូ សើ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងបន្ទប់តូចមួយក្នុងសាលារៀននេះ។

មិនខុសពីសាលារដ្ឋ និងសាលាឯកជនដទៃទៀតដែរ លោកគ្រូ សើ បានឱ្យដឹងថា សាលារៀននេះ ត្រូវបានផ្អាកជាញឹកញាប់ ក្នុងឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងការបិទខ្ទប់។ បើទោះបីជា សិស្ស អាចសិក្សាពីចម្ងាយក៏ដោយ តែការបង្រៀនតាមប្រព័ន្ធអ៊ីនធើណែត មានភាពលំបាក ព្រោះកូនសិស្សភាគច្រើន មិនមានលទ្ធភាពទិញ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះទេ។ ចំណែកគ្រូបង្រៀនជាងពាក់កណ្តាល ក៏មិនអាចប្រើប្រាស់បច្ចេកវិទ្យាដែរ។

«សិស្ស និងឪពុកម្តាយភាគច្រើន មិនមានទូរស័ព្ទស្មាតហ្វូនទេ។ ត្រឹមតែ១៥% ទៅ២០%ប៉ុណ្ណោះ នៃសិស្សនៅថ្នាក់ទី៥ និង ទី៦ ដែលអាចប្រើទូរស័ព្ទស្មាតហ្វូនរបស់ឪពុកម្តាយ ដើម្បីចូលរៀនតាមប្រព័ន្ធអ៊ីនធើណែត។»  លោក សើ បានបន្តទៀតថា៖ «អ៊ីនធើណែត នៅក្នុងតំបន់នេះ ខ្សោយ ហើយពួកយើង មិនធ្លាប់បានដឹងពីការផ្ញើសារ ឬការបង្កើតក្រុមតាមបណ្តាញសង្គម ដូចជា Telegram, Facebook, Messenger ហើយនិង Google Meet ទាំងអស់នោះទេ»

ជាលទ្ធផល លោក សើ បានបញ្ជាក់ថា លទ្ធផលសិក្សារបស់សិស្ស បានធ្លាក់ចុះ ហើយលោក ក៏មិនអាចចែកសន្លឹកកិច្ចការដល់សិស្សទាំងអស់បានទេ ដោយសារសិស្សភាគច្រើន រស់នៅលើផ្ទះបណ្តែតទឹក។ 

នៅខែកក្កដា ឆ្នាំ២០២១ ដោយមានការគាំទ្រថវិកាពីអង្គការ Save the Children ប្រចាំប្រទេសកូរ៉េ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ខេត្ត និងស្រុក ដើម្បីអនុវត្តគម្រោង «ការវិលត្រលប់មកសាលារៀន ដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ» (PEER) ដែលផ្តល់វគ្គបណ្តុះបណ្តាល ដល់លោកគ្រូអ្នកគ្រូ ក្នុងការរៀបចំថ្នាក់រៀនពីចម្ងាយ ក៏ដូចជាផ្តល់នូវវិធីសាស្រ្តបង្រៀន ដោយប្រើព័ត៌មានវិទ្យា ក្នុងការផលិតវីដេអូ ក៏ដូចជាការបង្កើតក្រុមរៀនផ្សេងៗតាមអនឡាញ។ 

បើតាមលោកគ្រូ សើ ការចូលរួមរបស់គម្រោងបានជួយលោក ក្នុងការពង្រឹងជំនាញបង្រៀន ហើយសិស្សរបស់លោកជាង៩០% អាចរៀនពីចម្ងាយបានផងដែរ។ លោកថា៖«ពេលនេះ ខ្ញុំ អាចប្រើជំនាញ និងកម្មវិធីបច្ចេកវិទ្យាទាំងអស់នេះ ដើម្បីបង្រៀន និងទាក់ទងជាមួយសិស្សរបស់ខ្ញុំ»។

លោក សឹង សំបូណា ដែលជានាយកសាលា យល់ថា លោកគ្រូ សើ គឺជាមនុស្សអត់ធ្មត់ សុភាពរាបសារ ហើយថែមទាំងមានឆន្ទៈមោះមុត ក្នុងការបង្រៀនសិស្ស ដោយបានប្រើប្រាស់នូវជំនាញ ICT ដែលគាត់បានរៀនពីគម្រោង។ 

លោកនាយក សំបូណា ថា៖ «គាត់ គឺជាមនុស្សពូកែ ហើយរៀនឆាប់ចេះ។ គាត់ អាចប្រើជំនាញITC របស់គាត់ ដើម្បីបង្រៀនបានប្រសើរជាងគ្រូផ្សេងៗទៀត»។ 

កុមារី ហៃ ពិសី ជាសិស្សថ្នាក់ទី៦ និងជាសិស្សរបស់លោកគ្រូ សើ បាននិយាយថា ឥឡូវនេះប្អូន អាចរៀនពីវីដេអូ ដែលលោកគ្រូបង្កើត ហើយចែករំលែកតាមរយៈក្រុមរៀនក្នុងប្រព័ន្ធអ៊ីនធើណែត។

កុមារី ហៃ ពិសី៖ «ពេលនេះ ខ្ញុំ អាចនិយាយជាមួយលោកគ្រូ គ្រប់ពេលវេលា ដោយប្រើប្រាស់ក្រុមរៀនតាមអ៊ីនធើណែត ហើយវា ពិតជាងាយស្រួលមែនទែន។ លោកគ្រូ បានលើកទឹកចិត្តខ្ញុំ ក៏ដូចជាមិត្តរួមថ្នាក់ផ្សេងទៀត ឱ្យបន្តរៀនសូត្រ ហើយត្រូវត្រឡប់ចូលរៀនវិញ នៅពេលសាលាបើកធម្មតាឡើងវិញ»៕