រំលង​​ទៅ​មាតិកា​សំខាន់​

27 មករា 2022 - Story

គម្រោង PEER គាំទ្រក្តីស្រមៃរបស់កុមារីម្នាក់ ដែលចង់ក្លាយជាគ្រូបង្រៀន

កុមារី ស្រី ខេត បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយ និងប្អូនប្រុស២នាក់ ដែលឪពុករបស់នាងមានឈ្មោះ សុខ ស៊ីម អាយុ៤០ឆ្នាំ ជាអ្នកនេសាទ ចំណែកម្តាយមានឈ្មោះ មាស ចាន់ដេត អាយុ៣៥ឆ្នាំ ប្រកបរបបស៊ីឈ្មួលកាត់ក្បាលត្រីប្រហុក។ អ្នកទាំងពីរ អាចរកចំណូលបាន ៥ម៉ឺនរៀល (ប្រហែល ១២.៥០ ដុល្លារ) ក្នុងមួយថ្ងៃ នៅរដូវវស្សា ប៉ុន្តែនៅរដូវប្រាំង ពួកគេ អាចរកបានត្រឹមតែ ១ម៉ឺនរៀល (២.៥០ ដុល្លារ) ប៉ុណ្ណោះ ដែលបង្កការលំបាកសម្រាប់ពួកគេក្នុងការចិញ្ចឹមជីវិត។

ឪពុកម្តាយរបស់ស្រីខេត យល់ថា កូនស្រីរបស់ពួកគេ មានការពិបាកក្នុងការចងចាំតាំងពីតូចមកម្ល៉េះ ដូច្នេះហើយ ពួកគេ មិនសូវខ្វល់នឹងការសិក្សារបស់នាង ហើយតែងតែនាំនាងទៅធ្វើការជាមួយ។

អៀក សុជាតា អ្នកគ្រូរបស់ស្រីខេត បានមានប្រសាសន៍ថា៖ “ខ្ញុំ សង្កេតឃើញថា ស្រីខេត ងាយនឹងភ្លេចពីអ្វីដែលគេបានរៀនណាស់ ដូច្នេះហើយទើបខ្ញុំ យកចិត្តទុកដាក់ក្នុងការរំលឹកគាត់។ គាត់ តែងតែស្តាប់ដោយយកចិត្តទុកដាក់ ហើយក៏សួរពេលមានសំណួរ ឬចម្ងល់ផ្សេងៗ» ។

បើទោះបីជា ស្រីខេត មិនមែនជាសិស្សពូកែក្តី តែនាង បានខិតខំរៀនសូត្រ និងមិនបោះបង់ការព្យាយាម ឬការរៀនសូត្រឡើយ។ នេះបើតាមការអះអាងរបស់អ្នកគ្រូ សុជាតា។ 

មិនដូចសិស្សភាគច្រើន ដែលអាចចូលរៀនអនឡាញ តាមរយៈឧបករណ៍អេឡិចត្រូនិករបស់ពួកគេ ក្នុងអំឡុងពេលបិទសាលាញឹកញាប់ កាលពីឆ្នាំ ២០២១ ដែលជាផលជះនៃជំងឺរាតត្បាតកូវីដ១៩ និងការបិទខ្ទប់នោះ ស្រីខេតបានចេញទៅធ្វើការជាមួយឪពុកម្តាយរបស់នាង ព្រោះពួកគេ ពុំមានលទ្ធភាពទិញស្មាតហ្វូនប្រើប្រាស់។

ស្រីខេត និងមិត្តរួមថ្នាក់មួយចំនួន អាចសិក្សាពីសន្លឹកកិច្ចការផ្ទះ ដែលលោកគ្រូ អ្នកគ្រូ បានផ្តល់ឱ្យពីរដងក្នុងមួយសប្តាហ៍ និងបានប្រមូលពីពួកគេវិញ នៅខ្លោងទ្វារខាងមុខសាលា កំឡុងពេលបិទសាលារៀន ដើម្បីរក្សាគម្លាតសង្គម។­­

ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើងកាលពីចុងឆ្នាំមុន លោក សឹង សំបូរណា នាយកសាលាបាន សម្គាល់ថា សាលារៀន បានបើកឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែមានសិស្សត្រឹមតែ ៧០%ប៉ុណ្ណោះ ដែលបានត្រលប់មកចូលរៀនវិញ។

លោកបានបន្តថា៖ «សិស្សប្រហែល ៣០% មិនបានមកសាលារៀន ដោយសារតែពួកគេ ចេញទៅធ្វើការនេសាទជាមួយឪពុកម្ដាយនៅតំបន់ដាច់ស្រយាល»។

ទោះជាយ៉ាងណាក៏ដោយ លោក សំបូរណា បានបន្តថា ដោយមានការគាំទ្រពីគម្រោង «ការវិលត្រលប់មកសាលារៀន ដោយសុវត្ថិភាព ផ្លូវឆ្ពោះទៅរកសមធម៌ និងភាពធន់នៃការអប់រំ» (PEER) គាំទ្រថវិកាដោយអង្គការ Save the Children  ប្រចាំប្រទេសកូរ៉េ សាលា បានធ្វើយុទ្ធនាការប្រមូលសិស្សឱ្យចូលរៀនវិញ ដោយសុវត្ថិភាព កាលពីខែធ្នូ ឆ្នាំមុន ហើយបានប្រមូលសិស្សចូលរៀនវិញ រហូតដល់ ៩០% ក្នុងនោះ រួមមាន ស្រីខេតផងដែរ។

លោកបានបន្ថែមថា គម្រោងក៏បានពង្រឹងសមត្ថភាព និងផ្តល់វគ្គបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបានប្រគល់សម្ភារៈអនាម័យ និងសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។

ទន្ទឹមនឹងមានឱកាសត្រឡប់មកសាលាវិញ ព្រមទាំងទទួលបានសម្ភារៈសិក្សាផងនោះ  ស្រីខេត បាននិយាយដោយក្តីសប្បាយរីករាយថា នាង ប្តេជ្ញាចិត្តក្នុងការរៀនសូត្រ និងបន្តការសិក្សាឱ្យបានខ្ពស់។

ស្រីខេត បាននិយាយថា៖ “ខ្ញុំមិនចង់ទៅធ្វើការនៅតំបន់នេសាទទេ។ ទីនោះ ក្តៅ ហើយខ្ញុំតែងតែមុតដៃនឹងកាំបិត។ ខ្ញុំចង់រៀនបន្ថែមទៀត»។