រំលង​​ទៅ​មាតិកា​សំខាន់​

11 មិថុនា 2024 - Story

ក្តីស្រឡាញ់របស់ម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនដែលមានបញ្ហាជើងខ្វេរ

អ្នកស្រី ភិន សាម៉ុន អាយុ ៣៤ឆ្នាំ ជាម្តាយកុមារមានប្រអប់ជើងខ្វេរ បានបេ្តជ្ញាចិត្តផ្តល់ការថែទាំ និងយកចិត្តទុកដាក់ល្អបំផុតដល់កូននូវតម្រូវការក្នុងការអភិវឌ្ឍ ដោយអ្នកស្រីសង្ឃឹមថា កូនប្រុសរបស់ខ្លួននឹងធំធាត់ឡើងមានសុខភាពល្អ និងរឹងមាំ។​

អ្នកស្រី សាម៉ុន ជាកម្មការិនី​កាត់ដេរ និង​ប្តី​ឈ្មោះ ខូវ ម៉េងលី អាយុ​៣៥​ឆ្នាំ ជាជាងសំណង់ បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ​២០១០។ ប្តី​ប្រពន្ធមួយគូនេះ មានកូនបីនាក់ និងរស់នៅក្នុងភូមិទ្រាន ឃុំទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ កូនពៅរបស់ពួកគេឈ្មោះ ស៊ីនួន កើតនៅខែតុលា ឆ្នាំ២០២៣។

អ្នកស្រី សាម៉ុន បានប្រាប់ពីអារម្មណ៍នៅពេលដែលឆ្មបប្រាប់អ្នកស្រីពីកូន ដែលទើបនឹងកើតមកមានបញ្ហាជើងខ្វេរនោះថា៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំសួរថា មានរឿងអ្វីកើតឡើងចំពោះកូនខ្ញុំ ហើយតើខ្ញុំគួរតែធ្វើយ៉ាងម៉េចចំពោះរឿងនេះ? ខ្ញុំភ្ញាក់ផ្អើល និងច្របូកច្របល់ណាស់ពេលនោះ។»

រឿងភ្លាមៗនោះ បានធ្វើឱ្យអ្នកស្រី សាម៉ុន ច្របូកច្របល់ និងមិនដឹងថា អនាគតកូនរបស់ខ្លួននឹងទៅជាយ៉ាងណា ហើយអ្នកស្រី ពិបាកក្នុងការស្រមៃពីការលំបាកដែលកូនរបស់ខ្លួននឹងជួបប្រទះក្នុងជីវិត ប្រសិនបើស៊ីនួន មិនអាចដើរ ឬផ្លាស់ទីបានស្រួល។ ទោះជាយ៉ាងណា ក្តីបារម្ភរបស់អ្នកស្រី ត្រូវបានធូរស្រាលវិញ ដោយសារតែស្ថានភាពរបស់កូនអ្នកស្រីអាចនឹងប្រសើរឡើងជាមួយនឹងការព្យាបាលទាន់ពេលវេលា។

តាមរយៈការណែនាំរបស់អ្នកគ្រូ ឆន នារតី ដែលជាឆ្មបនៅមណ្ឌលសុខភាពទ្រាន ស្ថិតក្នុងឃុំទ្រាន អ្នកស្រី សាម៉ុន បានបន្តយកកូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទីនោះ មានគ្រូពេទ្យជំនាញ និងឧបករណ៍ព្យាបាលគ្រប់គ្រាន់។​

អ្នកគ្រូ នារតី បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី​ «ការប្រើប្រាស់ឧបករណ៍ពិនិត្យកាយសម្បទាសម្រាប់ទារក ដែលទើបកើត រហូតដល់អាយុ៥ឆ្នាំ» នៅខែសីហា ឆ្នាំ២០២៣ រៀបចំឡើងដោយគម្រោង «លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថ សហគមន៍ និងអ្នកថែទាំ ដើម្បីកុមារតូច ឱ្យមានជីវិតប្រសើរឡើង» ក្រោមមូលនិធិគាំទ្ររបស់ អង្គការ Save the Children ហុងកុង ដែលត្រូវបានណែនាំកាលពីខែកក្កដា ឆ្នាំ ២០២២។

វគ្គបណ្តុះបណ្តាលនេះ បានជួយបង្កើនការយល់ដឹង និងជំនាញដល់របស់បុគ្គលិកសុខាភិបាល រួមមាន គិលានុបដ្ឋាយិកា និងឆ្មបដែលមកពីមណ្ឌលសុខភាព និងមន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកកំពង់ចាម - ស្រុកកំពង់សៀម។ វគ្គនេះ បានបំពាក់បំប៉នឱ្យពួកគេមានសមត្ថភាពកំណត់អត្តសញ្ញាណគ្រួសារដែលកុមារមានពិការភាព ឬមានហានិភ័យខ្ពស់ក្នុងការលូតលាស់យឺត ដើម្បីអាចទទួលបានព័ត៌មានអំពីការបង្ការ និងគាំពារទាន់ពេល។ 

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកគ្រូ នារតី បានឱ្យដឹងថា អ្នកគ្រូ ក៏បានរៀនពីរបៀបប្រើប្រាស់ឧបករណ៍ពិនិត្យពិការភាព និងណែនាំឪពុកម្តាយរបស់ទារកក្នុងការស្វែងរកការព្យាបាលបន្ថែមទៀត និងបន្ថែមថា ករណីរបស់ ស៊ីនួន គឺជាករណីដំបូងបង្អស់នៅមណ្ឌលសុខភាពនេះ។

អ្នកគ្រូ នារតី មានប្រសាសន៍ថា៖ «វា ពិតជាមានសារៈសំខាន់សម្រាប់អ្នកស្រី សាម៉ុន និងឪពុកម្តាយដទៃទៀត គួរតែស្គាល់កន្លែងដែលពួកគេអាចស្វែងរកការព្យាបាលបន្ថែមទៀត។​ សម្រាប់ទារកទើបនឹងកើត ការពិនិត្យកាយសម្បទា ដូចជាការពិនិត្យក្បាល ទ្រូង និងប្រវែងដងខ្លួន រួមទាំងមាត់ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ការព្យាបាលសមស្រប និងប្រកបដោយប្រសិទ្ធភាពសម្រាប់ទាំងបញ្ហាស្រាល និងធ្ងន់ធ្ងរ ឬសញ្ញាពិការភាព។»

ជើងរបស់ស៊ីនួន ត្រូវការការម៉ាស្សាថ្នមៗ ដើម្បីតម្រង់ឱ្យត្រង់។ ស៊ីនួន ត្រូវបានតម្រូវឱ្យពាក់ស្បែកជើងកវែងពិសេស ដែលភ្ជាប់ជាមួយនឹងរបារដើម្បីការពារជើងខ្វេររបស់គេ។ គេត្រូវបានតម្រូវឱ្យពាក់ស្បែកជើងកវែងទាំងនេះញឹកញាប់ក្នុងរយៈពេល ៥ ឆ្នាំ។

បើយោងតាមអ្នកស្រី សាម៉ុន គ្រូពេទ្យ ក៏បានណែនាំឱ្យពិនិត្យ និងតាមដានជាប្រចាំ ដើម្បីតាមដានការវិវត្តរបស់កូនប្រុសអ្នកស្រី ព្រមទាំងធ្វើការកែតម្រូវចាំបាច់ណាមួយចំពោះការព្យាបាលរបស់គាត់។

អ្នកស្រី បានប្រសាសន៍ថា៖ «ទោះបីជាមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុក៏ដោយ ក៏ស្វាមីខ្ញុំ និងខ្ញុំប្តេជ្ញាថា យើងផ្តល់ការព្យាបាលដល់ស៊ីនួន និងការយកចិត្តទុកដាក់ដែលអាចធ្វើឱ្យគេមានអារម្មណ៍សុវត្ថិភាព និងសប្បាយរីករាយ»។

នៅចុងឆ្នាំ ២០២៣ អ្នកស្រី សាម៉ុន បានចូលរួមជាមួយក្រុមអ្នកថែទាំកុមារតូច ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង GRAND បង្កើតឡើងដើម្បីផ្តល់ជាទីសុវត្ថិភាព និងបង្កើនការយល់ដឹងដល់អ្នកថែទាំ និងជំនាញទាក់ទងនឹងការថែទាំកុមារ និងការអភិវឌ្ឍកុមារ៕

សម្ភាសន៍ដោយ៖ ដាំ ទិត្យាវ័ណ្យ មន្ត្រីគម្រោងកុមារតូច

សរសេរដោយ៖ តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ

រូបថតដោយ៖ យស់ រដ្ឋា មន្រ្តីផ្នែកទំនាក់ទំនង

ពិនិត្យដោយ៖ ជិន កិត្យា អ្នកឯកទេសទទួលបន្ទុកផ្នែករបាយការណ៍ម្ចាស់ជំនួយ