រំលង​​ទៅ​មាតិកា​សំខាន់​

3 សីហា 2023 - Story

កុមារីម្នាក់ ជឿជាក់ថាគន្លឹះ ដើម្បីដោះសោរទ្វារទៅកាន់ក្តីស្រមៃបែបព្រេងនិទានរបស់នាង គឺការអប់រំ

កុមារី យ៉េន លីហ្សា ដែលជាសិស្សថ្នាក់ទី៦ មានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្តិរបស់នាង ចំពោះសមត្ថភាពរៀបរាប់សាច់រឿង និងទេពកោសល្យក្នុងការធ្វើត្រាប់សម្លេងទៅតាមតួអង្គនៅក្នុងរឿងព្រេងនិទានរបស់នាង។

លីហ្សា ជាសមាជិកក្រុមប្រឹក្សាកុមារ នៅសាលាបឋមសិក្សាផាត់សណ្តាយ ស្ថិតនៅលើបឹងទន្លេសាប ដែលជាតំបន់សំបូរទៅដោយធនធានធម្មជាតិស្រស់បំព្រង និងត្រីដ៏សម្បូរបែប។

លីហ្សា បាននិយាយជាមួយនឹងស្នាមញញឹមថា៖ «ខ្ញុំ ចូលចិត្តអាន ព្រោះវាធ្វើឱ្យការរៀនផ្នែកអក្សរសាស្រ្តរបស់ខ្ញុំ មានភាពប្រសើរឡើង។ ខ្ញុំ ចូលចិត្តនិទានរឿង ហើយអាចធ្វើតម្រាប់សំឡេងរបស់តួអង្គផ្សេងៗ ពីក្នុងរឿងព្រេងទៀតផង។ កុមារតូចៗចូលចិត្តស្តាប់ខ្ញុំ នៅពេលខ្ញុំនិទានរឿងទាំងនោះ»។

ការរស់នៅដូចជាព្រះនាងម្ចាស់ ដែលមានសក់ និងសម្លៀកបំពាក់ស្រស់ស្អាត ក៏ដូចជាអាហារគ្រប់គ្រាន់ នៅក្នុងរឿងព្រេងនិទាន តែងតែជាក្ដីស្រមៃមួយដែលលីហ្សាចង់បាន។

កុមារី លីហ្សា អាយុ១៣ឆ្នាំ រស់នៅលើផ្ទះបណ្តែតទឹកតូចមួយជាមួយឪពុក ម្តាយ និងបងប្អូន ៣នាក់ នៅភូមិកោះតាពៅ ស្រុកផាត់សណ្តាយ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រួសារនេះ ប្រកបរបរនេសាទខ្នាតតូចមួយ ហើយប្រឈមការពិបាកក្នុងការរស់នៅ ដោយសារតែចំណូលមិនទៀងទាត់។

ជារៀងរាល់ថ្ងៃ លីហ្សា ជិះទូកតូចមួយយ៉ាងចង្អៀត ដែលមានដឹកកុមារប្រមាណម្ភៃនាក់ រួមទាំងអ្នកបើកទូក។ ការធ្វើដំណើរនេះ ចំណាយពេលប្រហែល ២០នាទី ទៅកាន់សាលារបស់ពួកគេ ហើយវា មានហានិភ័យណាស់សម្រាប់កុមារទាំងអស់ ដែលមិនមានអាវពោងសុវត្ថិភាព បើទោះបីជា ពួកគេ ចេះហែលទឹកក៏ដោយ។ ការធ្វើដំណើរម្តងមានតម្លៃ ១០០០ រៀលក្នុងម្នាក់ - ពាក់កណ្តាលនៃចំណាយប្រចាំថ្ងៃរបស់លីហ្សា ប៉ុន្តែនាង បានគិតថា ការចាយនេះមានតម្លៃ ដើម្បីទៅកាន់សាលារៀន និងដើម្បីបានរៀន ។

មុនពេលគម្រោង «បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប» ដែលគាំទ្រដោយ សហភាពអឺរ៉ុប ត្រូវបានណែនាំទៅដល់សាលារបស់នាង កាលដើមឆ្នាំ ២០២១ លីហ្សា បានរៀបរាប់ពីស្ថានភាពសាលានោះថា៖ «សាលារបស់យើង មិនមានថាមពល ឬកង្ហារប្រើប្រាស់ទេ។ ពិដានក្នុងថ្នាក់ ត្រូវបានរហែក និងខូច។ ដំបូលសាលា ក៏ខូចខាត និងលេចធ្លាយផងដែរ។ សាលាមើលទៅមិនស្អាតនោះទេ។ វា មិនមានលាបព័ណ៌បានត្រឹមត្រូវទេ»។

លោក ទឹម គឹមស៊ត គ្រូរបស់លីហ្សាបាននិយាយថា៖ «នៅពេលដែលពពកប្រែងងឹត ហើយធ្លាក់ខ្យល់ខ្លាំង ធូលីនៅលើពិដាន តែងតែធ្លាក់មក ដែលធ្វើឱ្យរំខានដល់កាលវិភាគរៀនសូត្ររបស់យើង។ ពេលខ្លះ យើងត្រូវបិទសាលារៀន ហើយសុំឱ្យកុមារចាកចេញមុនម៉ោង ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតមាន ពេលធ្វើដំណើរទៅផ្ទះ។ វាពិបាកណាស់សម្រាប់កុមារក្នុងការបន្តការសិក្សារបស់ពួកគេ នៅពេលមានអាកាសធាតុមិនល្អ ប៉ុន្តែយើងតែងតែខិតខំអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ»។

កុមារក្នុងសហគមន៍នេសាទនេះ តែងប្រឈមនឹងការលំបាកក្នុងការបន្តការសិក្សារបស់ពួកគេ ដែលជាលទ្ធផល ពួកគេរៀនយឺត និងមានអត្រាបោះបង់សាលាកាន់តែខ្ពស់។

តាមរយៈគម្រោង «បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប» នេះ អង្គការ Save the Children ប្រចាំកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ដើម្បីគាំទ្រដល់សាលាបឋមសិក្សាផាត់សណ្តាយ ដែលជាសាលាគោលដៅមួយរបស់គម្រោងនេះ។ លោកគ្រូ និងអ្នកគ្រូ ទទួលបាននូវឱកាសបង្កើនជំនាញ និងចំណេះដឹងរបស់ខ្លួន ខណៈដែលសាលា ក៏ទទួលបានការជួសជុល និងកែលម្អឡើងវិញ ដោយមានបន្ទប់រៀនប្រកបដោយសុវត្ថិភាព និងមេត្រីភាពដល់កុមារ។

លីហ្សា បាននិយាយថា៖ «ឥឡូវសាលារបស់យើងស្រស់បំព្រង និងមានអនាម័យ។ ពួកយើង រីករាយក្នុងការរៀននៅក្នុងថ្នាក់រៀនរបស់យើង»។ លីហ្សា ក៏បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន បណ្ណាល័យសាលា មានសម្ភារៈសិក្សា និងសៀវភៅជាច្រើនប្រភេទ ដែលអាចឱ្យលីហ្សា និងសិស្សផ្សេងទៀត អាចមកលេង និងចំណាយពេលអាន។

លីហ្សា បានបន្ថែមថា៖ «ខ្ញុំ ចូលចិត្តនៅក្នុងពិភពនៃរឿងនិទាន ពេលខ្ញុំអានរឿងមួយ។ ខ្ញុំ អាចរៀនពាក្យថ្មី និងបង្កើតនូវការ ស្រមើស្រមៃបែបវេទមន្ដ ក្នុងបរិយាកាសមួយដែលខ្ញុំចង់បាន។ ខ្ញុំចូលចិត្តនិទានរឿង។ ខ្ញុំ និទានឱ្យមិត្តរួមថ្នាក់ផ្សេងទៀតដោយត្រាប់សម្លេងតាមតួអង្គផ្សេងៗគ្នា»។

ពីមួយថ្ងៃទៅមួយថ្ងៃ ជំនាញនៃការនិទានរឿងរបស់លីហ្សា កាន់តែមានភាពប្រសើរឡើង ដែលធ្វើឱ្យនាង អាចសង្ខេបរឿងឡើងវិញតាមរបៀបសាមញ្ញ ហើយងាយស្រួលយល់។ មិត្តរួមថ្នាក់របស់នាង និងសិស្សានុសិស្សតូចៗផ្សេងទៀតមានការចាប់អារម្មណ៍ពីរឿងនេះ ហើយទទួលស្គាល់ថា សៀវភៅពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើលីហ្សា។

ទេពកោសល្យរបស់លីហ្សា ពិតជាសាកសមទៅនឹងអ្វីដែលនាងបានខិតខំ! ឥឡូវនេះ នាង បានក្លាយសិស្សពូកែប្រចាំថ្នាក់ ហើយវា មិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារតែសមត្ថភាពរបស់នាងក្នុងការនិទានរឿងឡើងវិញបានល្អ៕ 

 

សម្ភាសន៍ និងសរសេរដោយ៖ យស់ រដ្ឋា មន្រ្តីទំនាក់ទំនង
កែសម្រួលដោយ៖ តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ