កិច្ចប្រឹងប្រែងរបស់អ្នកស្រី ពិសី ក្នុងតម្រូវការការអប់រំ និងទឹកស្អាត
អ្នកស្រី ហេង ពិសី អាយុ ៤២ឆ្នាំ ជាប្រធានគណៈកម្មការគ្រប់គ្រងថ្នាក់រៀន មានជំនឿយ៉ាងមុតមាំថា ការដោះស្រាយបញ្ហាទាក់ទងនឹងទឹក ក៏ដូចជា ការធានាថាសិស្សានុសិស្សទទួលបានប្រភពទឹកស្អាត និងទុកចិត្តបាននៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ អាចជួយលើកកម្ពស់សុខភាពទូទៅ និងការសិក្សារបស់ពួកគេ។
អ្នកស្រី ពិសី និងស្វាមី គឹម អាត រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពួកគេ មានកូនបួននាក់ ក្នុងនោះពីរនាក់ បានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបច្ចុប្បន្នប្រកបរបរកសិកម្ម។ កូនពីរនាក់ទៀត កំពុងរៀននៅសាលាបឋមសិក្សា និងមត្តេយ្យសិក្សាផ្លូវទូក។
ប្តីប្រពន្ធមួយគូនេះ រកចំណូលបានតាមរយៈការធ្វើស្រែចម្ការ ការនេសាទ ការលក់ដូរនៅផ្ទះតូចមួយ និងការផ្តល់សេវាកម្មផ្នែកជួលរោងសម្រាប់កម្មពិធីបុណ្យ និងអាពាហ៍ពិពាហ៍។ អ្នកស្រី ពិសី ត្រូវបានគេស្គាល់ថាបានចូលរួមយ៉ាងសកម្ម និងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងការអភិវឌ្ឍន៍អគារសិក្សា។
អ្នកស្រី ពិសី កាលពីមុន មិនបានដឹងថា អ្នកស្រី អាចដើរតួនាទីក្នុងការគាំទ្រដល់ការគ្រប់គ្រងសាលាបឋមសិក្សា ផ្លូវទូក និងមត្តេយ្យសិក្សារហូតដល់គម្រោង «បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប» (ហ្គ្រីន) ត្រូវបានណែនាំក្នុងឆ្នាំ២០២២។ គម្រោងនេះ ទទួលបានថវិកាគាំទ្រដោយសហភាពអឺរ៉ុប (EU) និងមូលនិធិ Norton Rose Fulbright (NRF)។
អ្នកស្រី ពិសី ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មការគ្រប់គ្រងថ្នាក់រៀនសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ព្រោះតែការសសើរចំពោះវត្តមានរបស់អ្នកស្រី ដែលផ្តល់ភាពជឿជាក់ដល់អ្នកស្រី។ ក្នុងតួនាទីនេះ អ្នកស្រី មើលការខុសត្រូវលើតម្រូវការរបស់សិស្ស និងកៀងគរការគាំទ្រ និងថវិកា ដើម្បីកែលម្អសម្ភារៈសិក្សា។ ជាងនេះទៅទៀត អ្នកស្រី បានទទួលបន្ទុកគ្រប់គ្រង និងចែកចាយទឹកស្អាតចំនួន ១៣ធុង ដែលធុងនីមួយៗ មានទឹកស្អាតចំនួន ២០លីត្រ ជូនដល់សាលាបឋមសិក្សាផ្លូវទូក និងសាលាបឋមសិក្សាប្រឡាយមាស។ សាលារៀនទាំងនេះ មានសិស្សសរុប ១៦៩៩នាក់ ដែលប្រើប្រាស់ទឹកផ្គត់ផ្គង់នេះប្រចាំថ្ងៃ។
គម្រោង ហ្គ្រីន បានចាប់ផ្តើមកម្មវិធីអប់រំកម្រិតមូលដ្ឋាន ក្នុងគោលបំណងគាំទ្រសាលារៀនក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិ៍សាត់ បង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន និងគណៈកម្មាធិការគ្រប់គ្រងសាលារៀន ព្រមទាំងពង្រីកតួនាទីដ៏សំខាន់របស់សហគមន៍។ គម្រោងនេះ បានផ្តល់វគ្គបំប៉នសមត្ថភាពដល់គ្រូបង្រៀនពីវិធីសាស្រ្តបង្រៀន និងការធ្វើផែនការ គាំទ្រដល់សាលារៀនក្នុងយុទ្ធនាការប្រមូលសិស្សឱ្យចូលរៀនវិញ និងបង្កើនការយល់ដឹងដល់សហគមន៍អំពីការការពារបរិស្ថាន។ គម្រោងនេះ ក៏ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក្នុងការជួសជុល និងតុបតែងសាលារៀនជាមួយនឹងសម្ភារៈសិក្សាផងដែរ។
អ្នកស្រី ពិសី បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃគម្រោងហ្គ្រីន។ ការធ្វើជាប្រធានគណៈកម្មការគ្រប់គ្រងថ្នាក់រៀន បានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ថ្មី និងបានយល់ដឹងពីការងាររដ្ឋបាល ការនិយាយស្តី និងការយល់ដឹងអំពីបរិបទនៃការអប់រំនាពេលបច្ចុប្បន្ន»។ អ្នកស្រី បានបន្ថែមទៀតថា៖ «ការទទួលទានទឹកដែលមានមេរោគអាចបណ្តាលឱ្យមានបញ្ហាសុខភាព និងជំងឺជាច្រើន ដែលបណ្តាលមកពីបាក់តេរី និងមេរោគ។ ខ្ញុំគិតថា នេះជារឿងប្រពៃណាស់ ដែលបានរួមចំណែកក្នុងការផ្តល់ទឹកស្អាតដល់សិស្សានុសិស្សទាំងអស់នេះ ដែលអាចការពារពួកគេពីហានិភ័យសុខភាព»។
អ្នកស្រី ពិសី លក់ទឹកស្អាតជូនដល់សហគមន៍តម្លៃ ២ ពាន់រៀលក្នុងមួយធុង។ អ្នកស្រី អាចលក់បានដល់ទៅ ៤០ ធុងក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់បាន ៨៨២ គ្រួសារ។ អ្នកស្រី បានបរិច្ចាគថវិកាចំនួន ៣០០រៀលក្នុងមួយធុង ដល់ក្រុមប្រឹក្សាកុមារ ដើម្បីទិញធុងសម្រាម សម្ភារៈសិក្សា និងការចំណាយផ្សេងៗ នៅសាលាបឋមសិក្សា និងមត្តេយ្យសិក្សាផ្លូវទូក។
លោក ថន សុភ័ក្រ្ត អាយុ៤២ ឆ្នាំ និងជានាយករង បានឃើញថា ការគ្រប់គ្រងសាលាដោយមិនមានការចូលរួមពីសហគមន៍ និងឪពុកម្តាយរបស់សិស្សពិតជាមានឧបសគ្គ។ កង្វះធនធាន និងការគាំទ្រពីពួកគេ ធ្វើឱ្យសាលាពិបាកក្នុងថែរក្សាបរិស្ថាន និងធានាក្នុងការផ្តល់ទឹកស្អាតដល់កុមារ។ ប៉ុន្តែចាប់តាំងពី អ្នកស្រី ពិសី ចូលជាសមាជិកគណៈកម្មការគ្រប់គ្រងថ្នាក់រៀនមក អ្នកស្រី បានធ្វើសកម្មភាពក្នុងការលើកកម្ពស់សុខុមាលភាពរបស់សាលា។
លោក សុភ័ក្រ ថា៖ «អ្នកស្រី បានចូលរួមយ៉ាងសកម្មក្នុងការកែលម្អការអប់រំរបស់កុមារ តាមរយៈការជួសជុលសាលារៀន និងថ្នាក់រៀន តាមរយៈការបំពាក់ភ្លើង និងកង្ហារ ក៏ដូចជាផ្តល់សម្ភារៈសិក្សាដល់កុមារ»។
លោក វ៉ាន់ ឆន អាយុ៦៥ ឆ្នាំ ជាប្រធានគណៈកម្មាធិការគ្រប់គ្រងសាលារៀន ក៏បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់អ្នកស្រី ពិសី និងបានថ្លែងអំណរគុណចំពោះគម្រោង ហ្គ្រីន ដែលទទួលមូលនិធិគាំទហរពីសហភាពអ៊ឺរ៉ុប និងមូលនិធិ Norton Rose Fullbright ។
លោក ឆន បាននិយាយថា៖ «ការជួយគាំទ្របានឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សាលារៀន និងសហគមន៍។ ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាតម្រូវការចាំបាច់របស់សិស្សានុសិស្ស និងអ្នកភូមិនៅទីនេះ»។
កុមារា តាំងលី អាយុ ១១ឆ្នាំ ជាសិស្សថ្នាក់ទី៦ បានរំលឹកឡើងវិញពីបញ្ហាប្រឈមដែលខ្លួន និងមិត្តភក្តិជួបប្រទះ ដោយសារកង្វះទឹកស្អាត។
តាំងលី បានប្រាប់ថា៖ «កាលពីមុន នៅពេលដែលយើងស្រេកទឹក យើងត្រូវផឹកទឹកដែលយកមកពីទន្លេដោយមិនបានច្រោះ ឬពេលខ្លះត្រូវទិញទឹកសុទ្ធដែលមានតម្លៃថ្លៃ»។ ប៉ុន្តែឥឡូវនេះ ពួកគេសប្បាយចិត្ត និងមានសុវត្ថិភាពក្នុងការមកសាលារៀន។
សម្ភាសន៍ដោយ៖ ឈន ប៊ុនឈុំ មន្ត្រីគម្រោងហ្គ្រីន
សរសេរដោយ៖ តាំង វីដា ប្រធានក្រុមទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ
រូបថតដោយ៖ យស់ រដ្ឋា មន្រ្តីផ្នែកទំនាក់ទំនង
ពិនិត្យដោយ៖ ជិន កិត្យា អ្នកឯកទេសទទួលបន្ទុកផ្នែករបាយការណ៍ម្ចាស់ជំនួយ