Joint Op-ed International Children Day COVID-19 recovery and children in Cambodia: Time to give them back their childhood
បទវិចារណកថារួម
ទិវាកុមារអន្តរជាតិ
ដំណាក់កាលស្តារឡើងវិញពីជម្ងឺកូវីដ-១៩ និងកុមារនៅកម្ពុជា៖
ដល់ពេលត្រូវប្រគល់កុមារភាពឱ្យកុមារវិញហើយ
ការសិក្សាថ្មីៗមួយចំនួន1 បង្ហាញថាប្រមាណជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១នៃជម្ងឺកូវីដ-១៩ត្រូវបាន រកឃើញនៅប្រទេសកម្ពុជា ជំងឺរាតត្បាតសកលនេះបន្តិចម្តងៗបានដកហូតនូវសិទ្ធិជាមូលដ្ឋានដ៏សំខាន់ បំផុតចេញពីកុមារ និងធ្វើឱ្យកុមារភាពរបស់ពួកគេនៅទ្រឹង។ ក្នុងរយៈពេល១៥ ខែដំបូង កុមារត្រូវបានតម្រូវឱ្យនៅផ្ទះដោយសារការបិទសាលារៀន និងការរឹតត្បិតផ្សេងៗទៀតដែលនាំឱ្យបាត់បង់ទម្លាប់ ប្រចាំថ្ងៃ និងឃ្លាតឆ្ងាយពីមិត្តភក្តិ គ្រូ និងសាច់ញាតិ។ លើសពីភាពឯកោ ពួកគេត្រូវ ប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាច និងភាពតានតឹងដែលកំពុងតែកើនឡើង។ ពួកគេភ័យខ្លាចពីបញ្ហាសុខភាពដែលអាចកើតឡើងលើខ្លួន និងគ្រួសារ របស់ពួកគេ នៅពេលដែលប្រទេសកំពុងជួបប្រទះករណីឆ្លងសហគមន៍ជាបន្តបន្ទាប់។ ពួកគេក៏ភ័យព្រួយពីមុខរបរ របស់ខ្លួននាពេលអនាគតព្រោះតែសាលារៀនត្រូវបានបិទជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០រហូតមកដល់ថ្ងៃនេះ។ ពួកគេក៏មានការភ័យខ្លាចរៀនមិនទាន់គេ ដោយសារមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការរៀនសូត្រពីចម្ងាយ ។ បញ្ហាតានតឹង នៅពេលដែលពួកគេបានឃើញឪពុកម្តាយ និងសាច់ញាតិគ្រួសារបាត់បង់ប្រាក់ចំណូល និងមានការលំបាកក្នុងការចំណាយលើការរស់នៅ។ ការស្ទង់មតិក៏បានបង្ហាញផងដែរថា អំពើហិង្សាក្នុងគ្រួសារ បានកើនឡើងក្នុងកំឡុងពេលមានជម្ងឺរាតត្បាត ហើយលទ្ធភាពដែលកុមារអាចស្វែងរកសេវាគាំទ្រត្រូវបានកាត់បន្ថយ។
វាអាចជារឿងពិបាកដែលឪពុកម្តាយ និងអាណាព្យាបាលជាច្រើននិយាយធានាចំពោះកូនៗពួកគេក្នុងការដោះស្រាយបញ្ហានេះ ជាពិសេសក្នុងស្ថានភាពនៃការឆ្លងជាសហគមន៍ជាលើកទី៣នេះ ស្របពេលដែលបញ្ហាសេដ្ឋកិច្ចរបស់ពួកគេក៏មានការកើនឡើងច្រើនថែមទៀត។ ទោះបីជាស្ថានភាពបច្ចុប្បន្នហាក់បីដូចជានៅងងឹតក៏ពិតមែន ប៉ុន្តែក៏មានសញ្ញាខ្លះ ដែលផ្តល់ក្តីសង្ឃឹមដល់យើងថាជម្ងឺរាតត្បាតនេះអាចនឹងត្រូវបានកម្ចាត់បាត់នាពេលខាងមុខនេះ។ ជាមួយនឹងអត្រាប្រហែល ២៣ភាគរយនៃពលរដ្ឋពេញវ័យរបស់ខ្លួនបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ម្តងរួចហើយ កម្ពុជាជាប្រទេសដែលឈរនៅលំដាប់ទី២ក្នុងចំណោមប្រទេសដែលជោគជ័យបំផុតក្នុងតំបន់សម្រាប់យុទ្ធនាការចាក់វ៉ាក់កូវីដ-១៩។ របាយការណ៍ពីបណ្តាប្រទេសដែលពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ជារឿងល្អសម្រាប់លើកទឹកចិត្តដល់ប្រទេសដទៃដែរ។ នៅក្នុងប្រទេសទាំងនេះ ការឆ្លងនិងចំនួនអ្នកស្លាប់កំពុងធ្លាក់ចុះដែលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព។ ក្នុងបរិបទនេះ ពួកយើងជឿជាក់ថាវាដល់ពេលដែលត្រូវគិតដល់សមរភូមិមួយទៀតដែលចាំយើងនាពេលខាងមុខ។ សម្រាប់កុមារជាច្រើននៅកម្ពុជា “ការវិលរកភាពប្រក្រតីវិញ” អាចនឹងត្រូវការកិច្ចប្រឹងប្រែងច្រើនជាងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ទៅទៀត ដែលក្នុងនោះរួមមានការប្រយុទ្ធនឹងផលប៉ះពាល់ដែលអាចមានរយៈពេលវែង លើការសិក្សារៀនសូត្រ ភាពក្រីក្រ និងសុខភាពផ្លូវចិត្ត។ អង្គការរបស់យើងទាំងអស់គ្នា ថ្មីៗនេះ បានធ្វើការស្ទង់មតិ និងការសន្ទនាជាបន្តបន្ទាប់ជាមួយកុមារជាច្រើន ដើម្បីសួរនាំពួកគេអំពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ទៅលើជីវិត និងក្តីសង្ឃឹមរបស់ពួកគេទៅលើការស្តារប្រទេសឡើងវិញ។ តាមរយៈការសន្ទនានោះ ចំណុចអាទិភាពចំនួន៣ ត្រូវបានកំណត់ដោយកុមារ ហើយជាចំណុចដ៏សំខាន់បំផុត ប្រសិនបើយើងចង់ផ្តល់កុមារភាពទៅឱ្យពួកគេវិញ។
អាទិភាពទីមួយគឺការបើកសាលារៀនឡើងវិញ។ ទោះបីជាមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធក៏ដោយ ក៏ការស្ទង់មតិជាច្រើនបានលើកឡើងថាកុមារប្រហែល ១ភាគ៣ មិនបានបន្តការរៀនសូត្រក្នុងពេលបិទសាលារៀន នោះទេ។ អ្នកដែលបន្តការរៀនសូត្រនោះ ក៏រៀនបានតែពីរបីម៉ោងក្នុងមួយសប្តាហ៍ និងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ “រ៉ាវី” កុមារអាយុ ១៤ ឆ្នាំមកពីខេត្តមណ្ឌលគីរីបាននិយាយថា៖“ការរៀនតាមអ៊ីនធឺណិតមិនងាយស្រួលទេ។ ខ្ញុំមិនអាចចាប់យកមេរៀនបានទេនៅពេលគ្រូពន្យល់ ហើយដល់ពេលម៉ោងចប់ថ្នាក់ ក៏គ្មាននរណាម្នាក់អាចពន្យល់ខ្ញុំបានទៀតទេ”។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការសម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ ជាការចាំបាច់ណាស់ក្នុងការសម្រេចបញ្ចប់ផែនការនេះ ហើយអនុវត្ត ឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពតាមតែអាច ធ្វើទៅបាន ជាពិសេសនៅពេលដែលបុគ្គលិកវិស័យអប់រំជាង ៨៥ភាគរយបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។ លើសពីនេះទៅទៀត អ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវចូលរួមជាមួយគ្នានៅដើមឆ្នាំសិក្សាបន្ទាប់ ដើម្បីអនុវត្តយុទ្ធនាការចុះឈ្មោះចូលរៀនដោយសស្រាក់សស្រាំ ដើម្បីនាំកុមារមកកាន់សាលារៀនវិញ។ វាតម្រូវឱ្យមានវិធានការចម្រុះ ដូចជាកម្មវិធីអាហារូបករណ៍ដើម្បីគាំទ្រដល់សិស្សដែលមានហានិភ័យនឹងបោះបង់ចោលការសិក្សា វគ្គសិក្សាដើម្បីគាំទ្រដល់សិស្សដែលបានឈប់រៀនក្នុងកំឡុងពេលបិទសាលារៀន -ល-។ កិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងការបោះបង់ការសិក្សានឹងត្រូវមានរហូតដល់សេដ្ឋកិច្ចបានស្តារពេញលេញឡើងវិញ ដែលកន្លងមក ភាពលំបាកផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន និងដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យនៃការបោះបង់ចោលការសិក្សា ពលកម្មកុមារ និងរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ។
ទីពីរ គួរតែធានាថាមានការគាំទ្រផ្នែកហិរញ្ញវត្ថុចំពោះគ្រួសារដែលងាយរងគ្រោះបំផុត។ ក្នុងរយៈពេល១៥ ខែកន្លងមកនេះ មនុស្សជាច្រើនបានបាត់បង់ការងារ ឬថយចុះនូវប្រាក់ចំណូល។ កុមារាឈ្មោះ សុផលដែលមាន អាយុ ១៧ ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឱ្យដឹងថា “គ្រួសាររបស់ខ្ញុំមិនមានចំណូលអ្វីទេ មានតែការចំណាយ ហើយយើងបានជំពាក់ប្រាក់ជាច្រើន” ។ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការទស្សនៈពិភពលោកថ្មីៗនេះបង្ហាញថា មានតែ ៥០ ភាគរយ នៃអ្នកដែលចូលរួមឆ្លើយសំណួរបានប្រាប់ថាពួកគេមានលទ្ធភាពទាំងស្រុងក្នុងការចំណាយលើថ្លៃអាហារហូបចុក។ ដើម្បីទប់ទល់នឹងស្ថានភាពនេះពួកគាត់ត្រូវខ្ចីបំណុលថ្មី ឬលក់ទ្រព្យសម្បត្តិដែលនូវមានផលិតភាព។ ម្យ៉ាងវិញ អស្ថិរភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងនេះ អាចនឹងបង្កឱ្យមានហានិភ័យទៅលើសន្តិសុខស្បៀង បន្ទាប់ពីការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្វីដែលសំខាន់នោះគឺត្រូវបន្តកម្មវិធីជំនួយសង្គមដែលបានចាប់ផ្តើមក្នុងអំឡុងពេលមានជម្ងឺរាតត្បាតដ៏កាចសាហាវនេះ រហូតដល់សេដ្ឋកិច្ចអាចដំណើរការជាធម្មតា វិញ។ លើសពីនេះទៅទៀតនោះ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារ ដែលងាយទទួលរងគ្រោះបំផុតដែលត្រូវការ អាហារូបត្ថម្ភ ស្បៀង និងកម្មវិធីចិញ្ចឹមជីវិតបន្ថែម ដើម្បីកាត់បន្ថយ ផលប៉ះពាល់ធំបំផុតនៃការបាត់បង់ការងារនៅក្នុងប្រទេស។
ចំនុចអាទិភាពទីបី គប្បីដោះស្រាយនូវផលប៉ះពាល់នៃការរីករាយដាលនូវជម្ងឺរាតត្បាតនេះទៅលើសុខភាពផ្លូវចិត្ត របស់កុមារ។ កុមារីឈ្មោះ គន្ធា ដែលមានអាយុ ១២ ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា “ខ្ញុំព្រួយបារម្ភអំពីការរៀនមិនទាន់គេ និងការដែលគ្រួសារខ្ញុំអាចនឹងឆ្លងជម្ងឺកូវីដ-១៩”។ ការវិនិយោគជាចាំបាច់លើបរិយាប័នសង្គម សេវាកម្មគាំពារសង្គម និងកម្មវិធីមានសារៈសំខាន់ដទៃទៀត ត្រូវធ្វើឡើង ដើម្បីធានាបាននូវការផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់កុមារ និងគ្រួសាររបស់កុមារងាយរងគ្រោះ។ ការអូសបន្លាយឱ្យមានភាពឯកោ និងភាពតានតឹងអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដូចជា បណ្តាលឱ្យ បាត់បង់ទំនុកចិត្ត អសុវត្ថិភាព និងការផ្តាច់ ខ្លួនចេញពីសង្គម ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះបានបញ្ចប់ក៏ដោយ។
តាមចំណុចអាទិភាពដែលបានលើកឡើងខាងលើ ប្រទេសកម្ពុជាគួរដាក់ការអភិវឌ្ឍ និងការរៀនសូត្ររបស់កុមារទៅក្នុងចំណុចស្នូលនៃផែនការការស្តារឡើងវិញ ដែលមិនត្រឹមតែសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនេះប៉ុណ្ណោះទេ ថែមទាំងដើម្បីជម្នះផលប៉ះពាល់រយៈពេលវែងរបស់វាផងដែរ។
កំណត់សម្គាល់សម្រាប់ការីនិពន្ធ៖