រំលង​​ទៅ​មាតិកា​សំខាន់​

25 មេសា 2024 - ព័ត៌មាន

សិក្ខាសាលាបិទគម្រោងស្ទៀរ និងបើកគម្រោង ការីប

បច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំរបស់កសិករគោលដៅ ពី១,៤០១ ដល់២,២៣៤ ដុល្លារសហអាមេរិក ក្នុងរយៈពេល ៥ឆ្នាំនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោងស្ទៀរ)។

អង្គការ Save the Children ប្រចាំកម្ពុជា និងដៃគូ iDE Cambodia បានសហការជាមួយក្រសួងកសិកម្ម អប់រំ បរិស្ថាន កិច្ចការនារី និងមន្ទីរពាក់ព័ន្ធខេត្តកោះកុង រៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការផ្តួចផ្តើមអភិវឌ្ឍន៍កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងការអភិវឌ្ឍមនុស្ស កាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

ថ្លែងបើកវេទិកានេះ លោកស្រី Heidi Coetzee នាយកប្រតិបត្តិនៃអង្គការ Save the Children នូវែលសេឡង់ មានប្រសាសន៍ថា គម្រោង ស្ទៀរ បានបណ្តុះបណ្តាលកសិករជាង ១ពាន់នាក់ លើការអនុវត្តកសិកម្មឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ។ កសិករចំនួន ៥៣នាក់ ត្រូវបានទទួលស្គាល់សម្រាប់ការងារឆ្នើម ហើយឥឡូវនេះពួកគេ កំពុងគាំទ្រ និងបង្វឹកកសិករផ្សេងទៀត។ គម្រោងនេះ ក៏បានបង្កើតកសិដ្ឋានបង្ហាញ និងក្រុមកសិករអ្នកផលិត ផ្តល់ជំនួយអាជីវកម្មដើម្បីពង្រីកផលិតកម្ម និងគាំទ្រកសិករឱ្យទទួលបានទីផ្សារ នៅខាងក្រៅសហគមន៍របស់ពួកគេ តាមរយៈកិច្ចព្រមព្រៀងជាមួយអ្នកប្រមូលទិញផលកសិកម្ម។

អ្នកស្រី Heidi បាននិយាយថា៖ "ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ កសិករ ទទួលបានការកើនឡើងជិត៦០% នៃប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានពីដំណាំ ក្នុងរយៈពេល ៥ឆ្នាំនៃគម្រោង។ ការកើនឡើងនៃប្រាក់ចំណូលនេះ បានអនុញ្ញាតឱ្យគ្រួសារវិនិយោគកាន់តែច្រើនលើតម្រូវការ និងសុខុមាលភាពរបស់កុមារ ដូចជាសម្ភារៈសិក្សា និងអាហារដែលមានសុខភាពល្អ ព្រមទាំងពេលវេលាកាន់តែច្រើនជាមួយគ្រួសារពួកគេ ដែលឈានទៅរកភាពលទ្ធផលល្អប្រសើរ។

លើសពីនេះ លោកស្រី Heidi បានកត់សម្គាល់ថា មូលនិធិបន្ថែមដែលផ្តល់ក្នុងឆ្នាំទី២ នៃគម្រោងបានចាប់ផ្តើមដោះស្រាយបញ្ហាអត្រាពលកម្មកុមារកម្រិតខ្ពស់ និងអំពើហិង្សាលើកុមារ។ លទ្ធផលចុងក្រោយបង្ហាញពីឥទ្ធិពលវិជ្ជមានលើអត្រាពលកម្មកុមារ និងអំពើហិង្សាលើកុមារ។

គម្រោងស្ទៀរ ទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ មានគោលបំណងធ្វើយ៉ាងលើកកម្ពស់សេដ្ឋកិច្ច សុខមាលភាពគ្រួសារ និងភាពធន់របស់សហគមន៍ តាមរយៈវិធីសាស្ត្រដោយឈរលើគោលការណ៍ទីផ្សារ ក្នុងស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។

យោងតាមលោកស្រី សេង គឹមហ៊ាន នាយកផ្នែកកសិកម្មនៃ iDE Cambodia ក្នុងអំឡុងពេលបីឆ្នាំដែល iDE ធ្វើការលើជាមួយគម្រោងស្ទៀរ ពួកគេ បានប្រើប្រាស់វិធីសាស្រ្តជាច្រើនដូចជា ការបណ្តុះបណ្តាលគ្រូបង្គោល ការចុះទស្សនកិច្ចផ្ទាល់ ការបង្កើតសៀវភៅណែនាំពីបច្ចេកទេស និងផែនការមេរៀនសម្រាប់បណ្តុះបណ្តាល ព្រមទាំងការបណ្ដុះបណ្ដាល និងការបង្វឹកពីការងារជាដើម។

អ្នកស្រី គឹមហ៊ាន បានមានប្រសាសន៍ថា៖ "ក្រឡេកមើលទៅក្រោយ យើងជឿថា នេះគឺជាការសហការដ៏រឹងមាំ និងមានប្រសិទ្ធភាព ហើយយើង មានកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយរបស់គម្រោង"។

លោក Mathew Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលនូវែលហ្សេឡង់ មានមោទនភាពយ៉ាងខ្លាំងចំពោះការងារដែលធ្វើដោយអង្គការ Save the Children ដើម្បីគាំទ្រដល់គ្រួសារនៅជនបទ និងសហគមន៍របស់ពួកគេក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈគម្រោងស្ទៀរនេះ។

លោកថា៖ "ការគាំទ្រដែលបានផ្តល់តាមរយៈគម្រោងស្ទៀរ ដល់ការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុបាន និងបន្តជះឥទ្ធិពលយ៉ាងសំខាន់ទៅលើគ្រួសារគោលដៅ សម្រាប់ឆ្នាំខាងមុខ" ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គម្រោងស្ទៀរ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍ និងសម្រេចលទ្ធផល ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

“ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត ស្រុក និងឃុំ បន្តសហការគ្នាឱ្យបានល្អ និងកៀរគរធនធានជាមួយដៃគូពាក់ព័ន្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ហើយសូមអរគុណអង្គការ Save the Children, iDE និងសហការី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងស្ទៀរ ដែលបានធ្វើអោយជីវិតរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង”។

ទោះបីជាគម្រោង ស្ទៀរ បានបញ្ចប់ក៏ដោយ អង្គការ Save the Children ប្រចាំកម្ពុជា បាន និងកំពុងអនុវត្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុ (គម្រោងការីប) ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយដៃគូ អង្គការ មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ក្នុងស្រុកគោលដៅ៤ គឺស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកកោះកុង (ស្រុកថ្មី) ក្រោមថវិកាគាំទ្ររបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand៕