រំលង​​ទៅ​មាតិកា​សំខាន់​

2 វិច្ឆិកា 2023 - ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន | កុមារ បង្កើតឧបករណ៍ច្នៃប្រឌិត ដើម្បីស្ទាក់សំរាមនៅតាមភូមិបណ្តែតទឹក

Veha, 11, and his friends collecting plastic waste. Photo by Sacha Myers/Save the Children

វេហា អាយុ ១១ឆ្នាំ និងមិត្តភិក្តិរបស់គេប្រមូលសម្រាមប្លាស្ទិក។ រូបភាពដោយ៖ Sacha Myers នៃអង្គការ Save the Children

ភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា៖ កុមាររស់នៅក្នុងសហគមន៍បណ្តែតទឹកភាគខាងជើងបឹងទន្លេសាបនៃប្រទេសកម្ពុជា កំពុងធ្វើសកម្មភាពក្នុងការបញ្ឈប់ការបំពុល និងកាកសំណល់ប្លាស្ទិក តាមរយៈគម្រោង #របាស្ទាក់សម្រាម ដ៏ច្នៃប្រឌិតរបស់អង្គការ Save the Children។

ការបំពុល គឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្រិតនៃការប្រើប្រាស់ផ្លាស្ទិកច្រើន គួបផ្សំនឹងកង្វះខាតកន្លែងកែច្នៃឡើងវិញ និងការគ្រប់គ្រងកាកសំណល់។ ប្រមាណជា ១០លាននៃថង់ប្លាស្ទិកត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅទីក្រុងភ្នំពេញ។ ប្លាស្ទិកភាគច្រើនត្រូវបានបោះចោលក្នុងផ្លូវទឹកនៃប្រទេស ប៉ុន្តែ #របាស្ទាក់សម្រាម ត្រូវបានរចនាឡើង ដើម្បីការពារសំណល់រឹងមិនឱ្យហូរចូលទឹក។ #របាស្ទាក់សម្រាម ធ្វើពីដបប្លាស្ទិកទទេដែលប្រើប្រាស់រួច និងសំណាញ់ត្រីចាស់ៗដែលមានរាងស៊ីឡាំង។  

ប្រជាជនប្រហែល ១.២លាននាក់រស់នៅភូមិបណ្តែតទឹកលើបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ កន្លែងផ្ទុកសម្រាមមានការខ្វះខាត ដូច្នេះប្រជាជនបោះសម្រាមចូលទៅក្នុងបឹងដែលបំពុលទឹក បាត់បង់ស្តុកត្រី និងប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ។

កុមារី កញ្ញា មានអាយុ ១១ឆ្នាំ និងគ្រួសាររស់នៅបឹងទន្លេសាប បានលើកឡើងថា៖ «ខ្ញុំ មានអារម្មណ៍រំខានដោយសារតែក្នុងសហគមន៍របស់ខ្ញុំមានសម្រាមច្រើន ហើយវាកើនឡើងកាន់តែច្រើនឡើងៗ ហើយគ្មានភ្ញៀវទេសចរណ៍មកលេងទេ។ ការនេសាទរបស់ឪពុកម្តាយខ្ញុំក៏រកមិនសូវបានច្រើនដែរ»។

លោក ចន្ធូ មានអាយុ ៣៩ឆ្នាំ ជាគ្រូបង្រៀននៅសាលាបណ្តែតទឹកនៅទន្លេសាប បានកត់សម្គាល់ពីផលប៉ះពាល់នៃការបំពុលដល់សុខភាពកុមារ។ គាត់បាននិយាយថា៖ «ពួកគេ មិនអាចមករៀនបានទៀងទាត់ទេ ព្រោះពួកគេ ឈឺ និងក្តៅខ្លួន។ ទឹកនេះមានផ្ទុកមេរោគដែលអាចបណ្តាលឱ្យរលាកស្បែក។ ដូច្នេះវាក៏បានរំខានដល់ការសិក្សារបស់កុមារផងដែរ»។

គម្រោង #របាស្ទាក់សម្រាម របស់អង្គការ Save the Children ផ្តល់នូវដំណោះស្រាយដ៍សន្សំសំចៃ និងបរិស្ថាន។ សិស្សានុសិស្សត្រូវបានបង្រៀនពីរបៀបបង្កើត #របាស្ទាក់សម្រាម ដោយប្រើសំណាញ់នេសាទចាស់ៗ និងដបទឹក។ លោកគ្រូអ្នកគ្រូ និងប្រជាជនមកពីសហគមន៍មូលដ្ឋាន បានដាក់ #របាស្ទាក់សម្រាម នៅជុំវិញបឹងដើម្បីការពារកាកសំណល់មិនឱ្យហូរចូលទៅក្នុងសហគមន៍។ ហើយអ្នកប្រមូលសម្រាមក្នុងតំបន់ជាអ្នកយកសម្រាមចេញ។

កុមារក៏បានរៀនអំពីការការពារបរិស្ថាន ហើយពួកគេក៏បានផ្សព្វផ្សាយក្នុងសហគមន៍របស់ពួកគេអំពីហានិភ័យនៃការ

កុមារី រតនា មានអាយុ ១៣ឆ្នាំ រស់នៅបឹងទន្លេសាប ហើយបានចូលរួមក្នុងគម្រោង #របាស្ទាក់សម្រាម កាលពីឆ្នាំមុន។ រតនាបានបន្ថែមថា៖ «#របាស្ទាក់សម្រាម មានសារៈសំខាន់ខ្លាំងណាស់ចំពោះបរិស្ថាន។ មានសម្រាមច្រើន ប៉ុន្តែឆ្នាំនេះ មិនសូវមានច្រើនទេ។ ខ្ញុំ ពិតជាមានមោទនភាពណាស់ដែលបានឃើញប្រជាពលរដ្ឋបានសម្អាត និងកាត់បន្ថយការបំពុលផងដែរ»។

លោក ហុង រស្មី នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ Save the Children មានប្រសាសន៍ថា៖ «កុមារដែលរស់នៅលើបឹងទន្លេសាប ងាយរងគ្រោះរួចហើយទៅនឹងការប្រែប្រួលអាកាសធាតុដែលបានកើតឡើង ដូចជាគ្រោះទឹកជំនន់ជាដើម។ វា ជារឿងអយុត្តិធម៌ណាស់ដែលពួកគេត្រូវរស់នៅជាមួយកាកសំណល់ដែលកំពុងកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំង។ វា ពិតជាអស្ចារ្យណាស់ដែលបានឃើញកុមារៗក្រោកឈរឡើង ដើម្បីខ្លួនពួកគេ និងបរិស្ថានរបស់ពួកគេ តាមរយៈការជម្រុញលើកទឹកចិត្តប្រជាជននៅទីនោះឱ្យឈប់បំពុលបឹង។

សម្រាមប្លាស្ទិកអណ្តែត គឺជាបញ្ហាសកល - មានតែ ៩%នៃប្លាស្ទិកដែលត្រូវបានកែច្នៃឡើងវិញបានត្រឹមត្រូវនៅទូទាំងពិភពលោក។ គម្រោង #របាស្ទាក់សម្រាម អាចជាផ្នែកមួយនៃដំណោះស្រាយសកល។ គម្រោងនេះបង្កើតឡើងពីភាពជោគជ័យនៃគម្រោង 'biobar' ស្រដៀងគ្នា ដែលបានអនុវត្តដោយ អង្គការ Save the Children នៅអាមេរិកកណ្តាល ហើយក៏អាចធ្វើបានយ៉ាងងាយស្រួលនៅក្នុងតំបន់ផ្សេងទៀត។

អង្គការ Save the Children គាំទ្រកុមារដែលខ្វះខាត និងជួបការលំបាកបំផុតនៅបឹងទន្លេសាប ជាពិសេសកុមារដែលរស់នៅតាមតំបន់ដាច់ស្រយាល។ អង្គការ Save the Children ធ្វើការជាមួយសហគមន៍ រដ្ឋាភិបាល និងដៃគូអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដើម្បីធ្វើឱ្យជីវិតរបស់កុមារកាន់តែប្រសើរឡើង - កម្មវិធីរបស់យើងរួមមានការគាំពារ និង អភិវឌ្ឍន៍កុមារតូច និងការអប់រំជាមូលដ្ឋាន។

អង្គការ Save the Children បានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៧០។ រួមគ្នាជាមួយកុមារ និងដៃគូក្នុងស្រុក អង្គការ Save the Children ដឹកនាំកម្មវិធីប្រកបដោយភាពច្នៃប្រឌិតក្នុងការការពារកុមារ ការអប់រំ ភាពក្រីក្ររបស់កុមារ និងសុខភាព និងអាហារូបត្ថម្ភ ដោយផ្តោតលើយេនឌ័រ បរិយាបន្នពិការភាព និងបម្រែបម្រួលអាកាសធាតុ។ អង្គការ Save the Children មានទំនាក់ទំនងជាមួយក្រសួងនានារបស់រដ្ឋាភិបាល ហើយបង្កើតការស្រាវជ្រាវ និងភស្តុតាង ដើម្បីបង្កើនឥទិ្ធពលដល់គោលនយោបាយ និងការអនុវត្តដែលលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។