[សេចក្តីប្រកាសព័ត៌មានរួម] វេទិកាភស្តុតាងសម្រាប់គោលនយោបាយ – ភស្តុតាងនៃការយល់ដឹង និងចំណេះដឹងដែលប្រសើរឡើងរបស់អ្នកទទួលផល ទាក់ទងនឹងបញ្ហាហិង្សាលើកុមារ
ភ្នំពេញ/ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២: អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា (SCI), World Vision International (WVI-C) និង Plan International Cambodia (PLAN) ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀនក្នុងប្រទេសកម្ពុជា។ វេទិកានេះ ចែករំលែកភស្តុតាង ដែលបានមកពីរបាយការណ៍នៃការវាយតម្លៃឯករាជ្យរបស់គម្រោង ព្រមទាំងសម្របសម្រួលនូវកិច្ចសន្ទនារវាងវិស័យអប់រំ និងផ្នែកការពារកុមារ រួមទាំងគ្រូបង្រៀន ក្រុមប្រឹក្សាកុមារ និងនាយកសាលា ទាក់ទងទៅនឹងការអនុវត្ត និងការធ្វើមាត្រដ្ឋាននៃយន្តការការពារកុមារនៅតាមសាលារៀន។
បន្ថែមពីនេះ វេទិកា ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ពុធ សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា និងការថ្លៃងសុន្ទរកថាបើកពី លោកស្រី ប៊ីយ៉ាងកា ខលីយ័រ នាយកស្តីទីអង្គការ Save the Children ប្រចាំកម្ពុជា រួមទាំងវត្តមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។
គ្របដណ្តប់លើសាលារៀនគោលដៅ ៥២ ក្នុងខេត្តសៀមរាប និងព្រះវិហារ សម្រាប់រយៈពេល២១ខែនៃការអនុវត្ត គម្រោងនេះត្រូវបានចាត់ទុកថា មានលក្ខណៈពាក់ព័ន្ធ សមស្រប និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទទួលផលក្នុងបរិបទនៃប្រទេសកម្ពុជា ដោយរបាយការណ៍នៃការវាយតម្លៃឯករាជ្យ។ នោះគឺ យុទ្ធសាស្ត្រអន្តរាគមន៍ សមស្របដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះហិង្សាលើកុមារ នៅក្នុងសាលារៀនក្នុងកម្ពុជា។ ជាពិសេស គម្រោងនេះ បានសម្របខ្លួនទៅនឹងការរឹតបន្តឹង ក៏ដូចជាបញ្ហាប្រឈមនៃជម្ងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ ដោយការពិនិត្យមើល និងការកែសម្រួលសកម្មភាព ព្រមទាំងលទ្ធផល ទៅនឹងការប្រើប្រាស់វិធីសាស្ត្រផ្តល់ឱ្យពីចម្ងាយបន្ថែមទៀត ដូចជាការរៀនតាមអ៊ីនធើណែតជាដើម។ សម្ភារៈបណ្តុះបណ្តាល និងកម្មវិធីសិក្សា ត្រូវបានកែសម្រួល។ ជាងនេះទៅទៀត គម្រោងនេះ បានកើតឡើងនៅចំណុចសំខាន់មួយនៅក្នុងពេលដែលក្រសួងអប់រំ និងដៃគូកំពុងធ្វើការលើសៀវភៅណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន ក្នុងឆ្នាំ២០២០។
នៅក្នុងគម្រោងនេះ របាយការណ៍នៃការវាយតម្លៃឯករាជ្យ ត្រូវបានធ្វើឡើងនៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ជាមួយអ្នកឆ្លើយសំណួរ ១៥៦នាក់ (ស្រី ៥៦%) ហើយបានរកឃើញថា មានភស្តុតាងនៃការយល់ដឹងកាន់តែប្រសើរឡើងរបស់អ្នកទទួលផល ជាពិសេសចំណេះដឹង និងការយល់ដឹងទាក់ទងនឹងអាកប្បកិរិយាបែបណា ដែលបង្កើតជាអំពើហិង្សាលើកុមារ ក៏ដូចជារចនាសម្ព័ន្ធនៃការរាយការណ៍ និងការឆ្លើយតប។ អ្នកឆ្លើយសំណួរ បានកត់សម្គាល់ពីការកើនឡើងនៃការយល់ដឹងលើបញ្ហាហិង្សាលើកុមារ និងការរាយការណ៍ឆ្លើយតបនៅក្នុងគ្រួសារ និងសហគមន៍ ដោយក្មេងស្រី និងសិស្សដែលមានពិការភាព បានបង្ហាញពីការយល់ដឹងកាន់តែច្រើន បើធៀបនឹងមិត្តភក្ដិប្រុសរបស់ពួកគេ។ ខណៈដែលគម្រោងនេះ មានរយៈពេលកំណត់ តិចជាងពីរឆ្នាំ ហើយមួយផ្នែកធំ សាលារៀន ត្រូវបានបិទដោយសារតែជម្ងឺកូវីដ១៩ របាយការណ៍នៃការវាយតម្លៃឯករាជ្យ បានបង្ហាញពីការថយចុះនៃភាគរយនៃសិស្សដែលជួបប្រទះអំពើហិង្សាពី ៤០% ទៅ៣១%។ ខណៈដែលនេះគឺជាការកែលម្អមួយ វានៅតែមានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ ហើយវាបង្ហាញពីតម្រូវការក្នុងការងារបន្ថែមទៀតដើម្បីការពារ និងឆ្លើយតបទៅនឹងហិង្សាលើកុមារនៅក្នុងសាលារៀន។
របាយការណ៍នៃការវាយតម្លៃឯករាជ្យនេះ ក៏បានបង្ហាញផងដែរថា ការបណ្តុះបណ្តាលជុំវិញការយល់ដឹងអំពីសៀវភៅណែនាំប្រតិបត្តិ ស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន និងបរិបទនៃហិង្សាលើកុមារ គឺទទួលបាននូវភាពជោគជ័យ។ គម្រោងនេះបានគាំទ្រសាលារៀនក្នុងការអភិវឌ្ឍន៍ និងធ្វើឱ្យដំណើរការនូវក្រមសីលធម៌របស់សាលា បញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវជុំវិញបញ្ហាហិង្សាលើកុមារ និងរៀបចំបន្ទប់ប្រឹក្សា ព្រមទាំងយន្តការត្រួតពិនិត្យ និងគណនេយ្យភាព។ មន្ត្រីរដ្ឋាភិបាល នាយកសាលា គ្រូបង្រៀន ក្រុមប្រឹក្សាកុមារ អ្នកថែទាំនិងមាតាបិតា អាជ្ញាធរមូលដ្ឋាន និងសិស្សទាំងអស់ បានលើកឡើងអំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតនៅចំកណ្តាលនៃភាពជោគជ័យរបស់គម្រោង។
សរុបមក គម្រោងនេះ បានគាំទ្រដោយជោគជ័យនូវការអភិវឌ្ឍន៍ ការគាំទ្រ និងការផ្សព្វផ្សាយសៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន កំណត់វិធីពង្រឹងការការពារ និងការឆ្លើយតបលើហិង្សាលើកុមារ នៅកម្រិតសាលា និងសហគមន៍ ព្រមទាំងបញ្ហាប្រឈមជាមួយនឹងសកម្មភាពផ្សេងៗ ហើយបានបង្ហាញពីវឌ្ឍនភាពដំបូងមួយចំនួនក្នុងការផ្លាស់ប្រែបទដ្ឋានសង្គម និងការផ្លាស់ប្តូរអាកប្បកិរិយា បើទោះបីជាគម្រោងនេះ មានរយៈពេលខ្លីក៏ដោយ។
«ខ្ញុំសូមថ្លែងអំណរគុណ និងអរគុណចំពោះអ្នកគាំទ្រទាំងអស់របស់យើង ជាពិសេស ភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងគំនិតផ្តួចផ្តើមនៃសុវត្ថិភាពក្នុងការសិក្សា។ គម្រោងដែលយើងកំពុងបង្ហាញ គឺអាចធ្វើទៅបានដោយការគាំទ្រដ៏សប្បុរសរបស់ពួកគេ ហើយនឹងមានផលប៉ះជះរយៈពេលវែង មិនត្រឹមតែសម្រាប់កុមារ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងប៉ុណ្ណោះទេ ថែមទាំងបានមកពីមេរៀនដែលបានរៀនផងដែរ ដែលអាចបង្កើតបាននៅក្នុងគម្រោង និងគោលនយោបាយនាពេលអនាគត» នេះបើតាមការលើកឡើងរបស់ នាយកស្តីទីអង្គការ Save the Children ប្រចាំកម្ពុជា លោកស្រី ប៊ីយ៉ាងកា ខលីយ័រ ។
«អង្គការទស្សនៈពិភពលោក ដឹងថា បញ្ហានេះ ទាមទារការចូលរួមពីសហគមន៍មួយទាំងមូល ដើម្បីការពារកុមារពីអំពើហិង្សា។ គម្រោងសាកល្បងរបស់យើងបានបង្ហាញថា នៅពេលដែលសិស្សានុសិស្ស សមាជិកនៃគណៈកម្មាធិការឃុំដើម្បីស្ត្រី និងកុមារ គ្រូបង្រៀន និងឪពុកម្តាយធ្វើការជាមួយគ្នា ពួកគេអាចធ្វើឱ្យសាលារៀន និងសហគមន៍ក្លាយជាកន្លែងមានសុវត្ថិភាពទាំងអស់ដែលកុមារសមនឹងទទួលបាន» នេះបើតាមលោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកកម្ពុជា។
«អំពើហិង្សាលើកុមារ ជាពិសេសអំពើហិង្សាលើយេនឌ័រ និងការធ្វើបាប គឺជាការរួមចំណែកយ៉ាងសំខាន់ទៅលើការបោះបង់ការសិក្សា ដោយក្មេងស្រី ទំនងជាជួបប្រទះការគំរាមកំហែងផ្លូវចិត្ត ការគំរាមកំហែងតាមអ៊ីនធើណែត អំពើហិង្សាផ្លូវភេទ និងការបៀតបៀន។ គម្រោងរួមគ្នានេះ បានផ្តល់នូវសិទ្ធិអំណាចដល់ក្មេងស្រី ក្មេងប្រុស សិស្សដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង កុមារដែលមានពិការភាព និងតួអង្គការពារកុមារតាមសហគមន៍ ឱ្យហ៊ាននិយាយ និងចាត់វិធានការជាវិជ្ជមានប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពាននៅក្នុងសាលារៀន ដែលជាលទ្ធផល អ្នកទាំងអស់គ្នា អាចរៀនដោយសុវត្ថិភាព» នេះបើតាម នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង។
###
គម្រោង បញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀន៖
គម្រោង បញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀន ស្ថិតនៅក្រោមភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាសមូហភាពសម្រាប់ការតស៊ូមតិផ្អែកលើភស្តុតាង និងសកម្មភាពដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព១៦.២៖ ការបញ្ចប់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារនៅឆ្នាំ២០៣០។ គម្រោងនេះ មានគោលបំណង កាត់បន្ថយអំពើហិង្សាលើកុមារដោយការកសាង តាមរយៈការផ្តល់ឧបករណ៍ និងវិធីសាស្រ្តផ្អែកលើភស្តុតាង ដែលជាវប្បធម៌សិក្សាដោយសុវត្ថិភាព ដែលគ្មានអំពើហិង្សាគ្រប់ទម្រង់ក្នុងចំណោមអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់ក្នុងប្រទេសកម្ពុជា។
គម្រោងនេះ បានបង្កើតសម្ព័ន្ធដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានអង្គការ Save the Children International, ព្រមទាំង Plan International Cambodia និង World Vision International-Cambodia ជាដៃគូអនុវត្ត។ សម្ព័ន្ធនេះ បានប្រើប្រាស់កិច្ចសហការលើកិច្ចការប្រឆាំងអំពើហិង្សាលើកុមារដែលមានស្រាប់ និងភាពជាដៃគូដែលមានមូលដ្ឋាននៅសាលាក្នុងខេត្តសៀមរាប (Plan International Cambodia) និងខេត្តព្រះវិហារ (WVI-C)។ គម្រោងនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការបច្ចេកទេស និងគណៈកម្មាធិការដឹកនាំ និងសម្របសម្រួល ដើម្បីគាំទ្រដល់ការចេញផ្សាយសៀវភៅណែនាំប្រតិបត្តិ ស្តីពី កិច្ចការពារកុមារនៅក្នុងសាលារៀន។ គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២១ខែ ចន្លោះពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ (ដោយរួមទាំងការបន្ថែមរយៈពេល ៦ខែ)។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
- លោក តាំង វីដា ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយនៃអង្គការ Save The Children ប្រចាំកម្ពុជា
អ៊ីម៉ែល:vida.taing@savethechildren.org លេខទូរស័ព្ទ: 016 541616
- កញ្ញា ហ៊ីង សុជាតា មន្រ្តីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Plan International Cambodia (PLAN)
អ៊ីម៉ែល:socheata.hing@plan-international.org លេខទូរស័ព្ទ: 016 976 000
- លោក ឈីម តារា អ្នកឯកទេសជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃអង្គការ Word Vision International-Cambodia
អ៊ីម៉ែល:dara_chhim@wvi.org លេខទូរស័ព្ទ: 099 999 193