រំលង​​ទៅ​មាតិកា​សំខាន់​

1 មិថុនា 2022 - ព័ត៌មាន

[សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធ Joining Forces ក្នុងទិវាកុមារអន្តរជាតិ ឆ្នាំ២០២២] សម្ព័ន្ធ Joining Forces អំពាវនាវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ១៩

រាជធានីភ្នំពេញ/ថ្ងៃពុធទី១ ខែមិថុនា ឆ្នាំ២០២២ - សម្រាប់ទិវាកុមារអន្តរជាតិ Joining Forces ដែលជាសម្ព័ន្ធភាពសកលនៃអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារធំជាងគេទាំងប្រាំមួយ បានសួរនាំកុមារ និងយុវជនកម្ពុជា អំពីស្ថានភាព បទពិសោធន៍ និងការរំពឹងទុកដែលពួកគេមាន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ ការស្ទង់មតិមួយ ត្រូវបានធ្វើឡើងក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។ ការពិភាក្សាជាក្រុម ក៏ត្រូវបានធ្វើឡើងជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។ ជាលទ្ធផលឃើញថា បើទោះបីជាពួកគេ បានត្រលប់ទៅរកការរស់នៅធម្មតាវិញក៏ដោយ ជាង៧០% នៃកុមារ និងយុវជនដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភអំពីអនាគត។ នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើងពីមូលហេតុសំខាន់ៗចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹងដោយសារការលំបាកផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ការសិក្សាបន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើងនៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជាការរើសអើងលើយេនឌ័រ។

បើទោះបីជាមានការគ្រប់គ្រងដោយជោគជ័យលើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ទាន់ពេលវេលានូវកម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែលងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់សមត្ថភាពគ្រប់គ្រងតម្រូវការមូលដ្ឋានរបស់ពួកគេ។ ប្រហែល៨០% នៃកុមារ និងយុវជនដែលផ្តល់សម្ភាសន៍បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ និង/ឬកំពុងជួបបញ្ហាជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។ នេះបណ្តាលឱ្យមានសម្ពាធដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ របាយការណ៍សង្ខេបឆ្លុះបញ្ចាំងស្តីពី «ការវិលត្រឡប់ទៅកាន់សាលារៀនវិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា» ដែលចេញផ្សាយដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់១០% ប្រឈមហានិភ័យនៃការមិនត្រឡប់ទៅសាលារៀនវិញ។

ប្រហែល៤៥%នៃកុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាពនៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺ

 

ទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ ការវាយតម្លៃការសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡាក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹងផ្នែកភាសាខ្មែរ និងគណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃចុងក្រោយដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦[1]។ ដោយបង្ហាញពីស្ថានភាព និងតម្រូវការក្នុងការបំពេញចន្លោះប្រហោងនេះ រដ្ឋា[2]* ដែលជាម្នាក់ក្នុងចំណោមអ្នកផ្តល់ការស្ទង់មតិ បានលើកឡើងថា កុមារត្រូវការការគាំទ្របន្ថែមទៀត «ពីឪពុកម្តាយ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀត» ដើម្បីបង្ហាញពីអារម្មណ៍ និងអាចគ្រប់គ្រងភាពតានតឹងរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។

ជាចុងក្រោយ កុមារ និងយុវជន ក៏បានរាយការណ៍ពីកម្រិតគួរឱ្យព្រួយបារម្ភនៃបញ្ហាសុខភាពផ្លូវចិត្ត។ ៦៧% នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍អំពីអំពើហិង្សាផ្លូវអារម្មណ៍មួយចំនួន ដូចជាត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិនថានៅផ្ទះ ឬក្នុងសាលារៀន ខណៈដែល១៥%ផ្សេងទៀត បានរាយការណ៍អំពីអំពើហិង្សាលើរាងកាយ។ កុមារភាគច្រើន ព្យាយាមដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង៖ «ខ្ញុំសុខចិត្តជួយខ្លួនឯង ព្រោះនេះមិនមែនជាក្តីសង្ឃឹមរបស់ខ្ញុំនោះទេ ក្នុងការចម្លងភាពតានតឹង ឬកង្វល់ទៅអ្នកដ៏ទៃ » នេះជាសំដី រស្មី* សិស្សថ្នាក់ទី១១។ «ខ្ញុំ អាចយកបណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយនៃការលើកទឹកចិត្ត ជាពិសេស តាមរយៈអ្នកមានឥទ្ធិពលក្នុងសង្គម»។ កុមារកម្ពុជា កំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជាយន្តការដោះស្រាយកាន់តែកើនឡើង ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យតាមអ៊ីនធើណែត ដូចជា ការធ្វើបាប ការបោកបញ្ឆោតតាមអនឡាញ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាដើម។ នៅចន្លោះឆ្នាំ២០២០ និង២០២១ អត្រានៃសេចក្តីរាយការណ៍ស្តីពី ការរំលោភបំពានលើអ៊ីនធើណែត ដែលចងក្រងដោយបណ្តាញរាយការណ៍បន្ទាន់ (Internet Hotline Cambodia) គ្រប់គ្រងដោយអង្គការ APLEបានកើនឡើងទ្វេដង។

ការគូសបញ្ជាក់ជាវិជ្ជមានពីការពិគ្រោះយោបល់ បង្ហាញថា កុមារ និងយុវជន បានដឹងពីសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ និងអាចកំណត់បាននៅពេលដែលការរើសអើងកើតឡើងចំពោះខ្លួនគេ ឬមិត្តភក្តិរបស់ពួកគេ។ ២១% នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ថា ពួកគេ បានប្រឈមនឹងការរើសអើង រួមទាំងចំពោះកុមារ ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះផងដែរ។ ដូចអ្វីដែល សុខា* និស្សិតវ័យក្មេងម្នាក់ ដែលទើបតែចាប់ផ្តើមចូលរៀនសាកលវិទ្យាល័យ បាននិយាយយ៉ាងត្រឹមត្រូវថា៖ «ប្រសិនបើអ្នកមានអារម្មណ៍ថា មិនមានសុវត្ថិភាព អ្នកអាចរាយការណ៍ទៅអ្នកណាម្នាក់ ដែលអ្នកទុកចិត្តបំផុត។ កុំខ្លាចក្នុងការបញ្ចេញសំឡេងរបស់អ្នក»។

ស្របពេលយើង កំពុងប្រារព្ធទិវាកុមារអន្តរជាតិ និងការថយចុះយ៉ាងខ្លាំងនៃករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងត្រូវតែស្តាប់កុមារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធ Joining Forces នេះគឺជាការប្តេជ្ញាចិត្តសំខាន់ៗ ដែលយើងនឹងធ្វើការដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលដទៃទៀត៖

 

  • ផ្តល់ជំនួយជាសាច់ប្រាក់ដល់កុមារ និងគ្រួសារ ដែលងាយរងគ្រោះនិងមានតម្រូវការបំផុត ដើម្បីជៀសវាងបញ្ហាការបោះបង់ការសិក្សា
  • អនុវត្តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីទូទាត់សងការបាត់បង់ការរៀនសូត្រ ដែលបង្កដោយការរាតត្បាតនៃជម្ងឺកូវីដ១៩ រួមទាំងការផ្តល់ថ្នាក់បន្ថែម និងការរៀនសង ព្រមទាំងការវាយតម្លៃជាប្រចាំទៅលើសមត្ថភាពសិស្ស
  • ទប់ស្កាត់ និងឆ្លើយតបរាល់ឧប្បត្តិហេតុនៃអំពើហិង្សាលើកុមារនៅក្នុងសាលារៀន ដោយបញ្ចប់ការងារដែលបានចាប់ផ្តើមជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីអនុវត្តគោលនយោបាយការពារកុមារដោយភាពមុតមាំ និងមានប្រសិទ្ធភាពនៅក្នុងសាលារៀន
  • លើកកម្ពស់ការប្រើប្រាស់អ៊ីនធើណែតប្រកបដោយសុវត្ថិភាព ដើម្បីការពារ និងឆ្លើយតបទៅនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធើណែត ដោយប្រមូលផ្តុំការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធ អ្នកផ្គត់ផ្គង់សេវាអ៊ីនធើណែត និងឌីជីថល និងអ្នកពាក់ព័ន្ធផ្នែកឯកជនដទៃទៀត
  • ផ្សព្វផ្សាយចំណេះដឹងបន្ថែម ទាក់ទងនឹងសិទ្ធិកុមារនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាមួយកុមារ យុវជន ឪពុកម្តាយ និងអ្នកថែទាំ ដើម្បីធានាថា កុមារមកពីគ្រប់មជ្ឈដ្ឋានសេដ្ឋកិច្ចសង្គម និងយេនឌ័រ អាចរីករាយនឹងសិទ្ធិរបស់ពួកគេ ហើយរាយការណ៍អំពីឧប្បត្តិហេតុនានា។

 

កំណត់សម្គាល់សម្រាប់ការីនិពន្ធ៖

អ្វីទៅជា Joining Force?

Joining Force គឺជាសម្ព័ន្ធភាពសកលនៃអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ ដែលផ្តោតសំខាន់លើកុមារដោយរួបរួម ក្នុងការស្វែងរកមតិគាំទ្រ ដើម្បីសម្រេចបាននូវសិទ្ធិរបស់កុមារទាំងអស់។ យើង ស្វែងរកមតិគាំទ្រជាមួយរដ្ឋាភិបាលទាំងអស់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគាត់ចំពោះបទដ្ឋានអន្តរជាតិ ដែលបានព្រមព្រៀងជាអន្តរជាតិសម្រាប់សិទ្ធិកុមារ ជាពិសេសគាំទ្រអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ។

ទំនាក់ទំនង៖

Amilia Green, អ្នកសម្របសម្រួលសម្ព័ន្ធ Joining Force ប្រចាំកម្ពុជា, អ៊ីម៉ែល៖ amilia.green@savethechildren.orgRilian Agunos, មន្ត្រីទំនាក់ទំនងក្នុងតំបន់របស់អង្គការ Terre des Hommesហូឡង់, អ៊ីម៉ែល៖ r.agunos@tdh.nl



[1] ភាគរយ នៃសិស្សដែលបរាជ័យក្នុងការបង្ហាញសមត្ថភាពមូលដ្ឋាន បានកើនឡើងពី ៣៤% ទៅ ៤៥% ជាភាសាខ្មែរ និងពី៤៩% ទៅ៧៤% នៅក្នុងគណិតវិទ្យា

[2] ឈ្មោះទាំងអស់ ត្រូវបានដាក់អនាមិកដើម្បីការពារអត្តសញ្ញាណរបស់កុមារ