[សេចក្តីប្រកាសព័ត៌មាន] គាំទ្រកុមារឱ្យចុះឈ្មោះរៀន និងត្រឡប់មកសាលារៀនវិញដោយសុវត្ថិភាពក្នុងអំឡុងពេលកូវីដ-១៩
ភ្នំពេញ - ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ - ថ្ងៃនេះ អង្គការ Save the Children និងអង្គការ CARE International ប្រចាំនៅកម្ពុជា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការUNICEF រួមគ្នារៀបចំកិច្ចប្រជុំស្តីពី ភស្តុតាង និងការសិក្សា សម្រាប់គម្រោងការផ្សព្វផ្សាយអប់រំ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ចែករំលែកនូវសមិទ្ធិផល និងការអនុវត្តល្អបំផុត ក្នុងការគាំទ្រការចុះឈ្មោះចូលរៀនវិញ ការបន្តការសិក្សា និងការវិលត្រឡប់មកសាលារៀនវិញដោយសុវត្ថិភាព សម្រាប់កុមារា និងកុមារី បន្ទាប់ពីការបិទសាលារៀនទូទាំងប្រទេសនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩។
គ្របដណ្តប់លើខេត្តចំនួន ៦ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំនៃការអនុវត្ត (២០២០-២០២១) អន្តរាគមន៍របស់គម្រោងបានបង្ហាញពីបទពិសោធន៍ជោគជ័យ និងភស្តុតាងទាក់ទងនឹងការប្រើប្រាស់ការផ្សព្វផ្សាយអប់រំ ដើម្បីធានាដល់ការបន្តការសិក្សារបស់កុមារក្នុងអំឡុងពេលបិទសាលារៀន ក៏ដូចជាការគាំទ្រដល់ការចុះឈ្មោះចូលរៀនវិញ និងការវិលត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព នៅពេលដែលសាលារៀនត្រូវបានបើកឡើងវិញ។
នៅក្នុងគម្រោងនេះ អង្គការ Save the Children និងអង្គការ CARE International បានធ្វើការវិភាគលើការបោះបង់ការសិក្សានៅដើមឆ្នាំសិក្សា ២០២១ ដើម្បីកំណត់អត្តសញ្ញាណកុមារ ដែលមានហានិភ័យនៃការបោះបង់ការសិក្សា និង/ឬ បានបោះបង់ការសិក្សារួចហើយ។ ការសិក្សានេះ បានបង្ហាញអំពីការជ្រើសរើសសាលាដែលមានសិស្សប្រឈមបោះបង់ការសិក្សាខ្ពស់ និងដោយមានការសម្របសម្រួលជាមួយគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងមន្រ្តីអប់រំថ្នាក់ខេត្ត និងស្រុក គម្រោងនេះ បានបង្កើតយុទ្ធសាស្រ្តមួយចំនួន ដើម្បីធានាឱ្យកុមារបានរៀន ក្នុងអំឡុងពេលបិទសាលារៀន។ ជាឧទាហរណ៍ គម្រោង បានបង្កើតនូវសម្ភារៈផ្សព្វផ្សាយអប់រំ ប្រកបដោយភាពច្នៃប្រឌិតមួយចំនួន សម្រាប់យុទ្ធនាការចុះឈ្មោះចូលរៀនវិញនៅសាលា ក្នុងនោះមាន វីដេអូ ផ្ទាំងរូបភាព ឬកាបូបរៀន ដែលមានជាភាសាខ្មែរ និងបួនភាសាផ្សេងទៀត ដើម្បីធានាថាកុមារ និងក្រុមគ្រួសារមកពីជនជាតិដើមភាគតិច ត្រូវបានជូនដំណឹង។ លើសពីនេះ ការអនុវត្តដ៏ជោគជ័យបំផុតមួយ ដែលការវាយតម្លៃបានរកឃើញនោះ គឺការផ្តល់អាហារូបករណ៍ដល់កុមារដែលងាយរងគ្រោះ។ សិស្សប្រមាណ ៦០០នាក់ នៅក្នុងខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង បានទទួលសម្ភារៈសិក្សាដូចជា សៀវភៅកត់ត្រា ខ្មៅដៃ កាបូប និងបន្ទាត់ជាដើម។
ការអនុវត្តដ៏ល្អបំផុតមួយ ដែលត្រូវបានសម្គាល់ដោយការវាយតម្លៃពីខាងក្រៅ ក្នុងការគាំទ្រការរៀនសូត្ររបស់កុមារ គឺការប្រើប្រាស់នូវយុទ្ធសាស្ត្រមួយចំនួន ដែលមានភាពបត់បែន ស្របតាមតាមបរិបទ និងងាយសម្របខ្លួន។ ដោយអាស្រ័យលើកត្តាដូចជា ការតភ្ជាប់អ៊ីនធើណែត លទ្ធភាពប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទដៃ ចម្ងាយរបស់សិស្សពីសាលារៀន ឬកម្រិតអក្ខរកម្មរបស់ឪពុកម្តាយ និងអ្នកថែទាំ គម្រោង នេះប្រើប្រាស់នូវយុទ្ធសាស្ត្រផ្សេងៗជាច្រើន។ វិធីសាស្រ្ត រួមមាន ដំណើរការ និងការចែកចាយសន្លឹកកិច្ចការសិស្សជាទម្រង់ក្រដាស ការសម្របសម្រួលនូវការសិក្សាជាក្រុមតូចៗ នៅក្នុងសហគមន៍ និងការបង្រៀនតាមអ៊ីនធើណែត រួមទាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
ការធ្វើការជាមួយមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់នាយកសាលា និងគ្រូបង្រៀនទាក់ទងនឹងការរៀបចំ និងការអនុវត្តការរៀនពីចម្ងាយ/ការរៀនតាមផ្ទះ និងប្រើប្រាស់សម្ភារៈផ្សព្វផ្សាយអប់រំ សម្រាប់យុទ្ធនាការ រួមទាំងសារទាក់ទងនឹងការការពារកុមារ និងការធ្វើផែនការសម្រាប់ការផ្សព្វផ្សាយអប់រំ – យុទ្ធនាការត្រលប់ទៅរៀនវិញ ក៏ជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីធានាឱ្យមានការអប់រំជាបន្ត។
ជាលទ្ធផលនៃសកម្មភាពទាំងនេះ ការវាយតម្លៃ បានរកឃើញថា តួអង្គសំខាន់ៗទាំងអស់ រួមទាំងគ្រូបង្រៀនសាលាគោលដៅ មន្ត្រីមន្ទីរអប់រំខេត្ត និងការិយាល័យស្រុក ព្រមទាំងនាយកសាលា អាចប្រើប្រាស់នូវកម្មវិធីសិក្សាពីចម្ងាយ ក្នុងកម្រិតមូលដ្ឋាននៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងការបន្តសេវាកម្មអប់រំរបស់ពួកគេសម្រាប់កុមារ។ សមាជិកគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងអាជ្ញាធរមូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រការរៀនតាមផ្ទះ និងពីចម្ងាយ ខណៈដែលឪពុកម្តាយ និងអ្នកថែទាំ ក៏បានរាយការណ៍អំពីការផ្លាស់ប្តូរការយល់ឃើញចំពោះកូនរបស់ពួកគេ ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃ ដោយកត់សម្គាល់ពីតួនាទីដ៏សំខាន់ ដែលបច្ចេកវិទ្យាអាចដើរតួក្នុងការរៀន និងការទំនាក់ទំនងរបស់កុមារជាមួយគ្រូ។
លោកស្រី អេលីហ្សាបេត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំចង់គូសបញ្ជាក់នៅទីនេះថា ភាពជាដៃគូពហុភាគីរបស់យើង គឺជាកត្តាជំរុញក្នុងការបង្កើតសមិទ្ធផលទាំងនេះ។ ហើយវា បានបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់ៗ ដែលពួកយើងម្នាក់ៗ អាចចូលរួមក្នុងការលើកកម្ពស់ការរៀនសូត្រជាបន្តរបស់កុមារក្នុងអំឡុងពេលជំងឺរាតត្បាត»។
លោកស្រី នៅ សុវត្ថា នាយិកាប្រត្តិបត្តិនៃអង្គការ CARE Cambodia បានលើកឡើងថា៖ «យើង មានសេចក្តីសោមនស្សរីករាយដែលឃើញការបញ្ជាក់ស្រដៀងគ្នានេះ បានបន្លឺឡើងដោយភាគីពាក់ព័ន្ធផ្សេងទៀត ហើយគម្រោងនេះ គឺដើម្បីទាញការចូលរួមរបស់តួអង្គសំខាន់ៗទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ នាយកសាលា ដើម្បីប្រមូលកុមារបឋមសិក្សាត្រឡប់ទៅសាលារៀនវិញ នៅក្នុងសហគមន៍របស់ពួកគេ។ យើងបានប្រើប្រាស់នូវការយល់ដឹងក្នុងតំបន់ ដែលថា ឪពុកម្តាយទាំងអស់ ភាគច្រើនស្តាប់គណៈកម្មាធិការគ្រប់គ្រងសាលា ហើយពួកគេ ក៏ចូលរួមក្នុងយុទ្ធនាការត្រឡប់ទៅសាលាវិញផងដែរ។ ឥឡូវនេះ ឪពុកម្តាយ បានយល់ដឹងអំពីផលប៉ះពាល់នៃការអប់រំ បន្ទាប់មក ពួកគេ បានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ ដោយគាំទ្រកុមារឱ្យទៅសាលារៀនវិញ»។
តាងនាមឱ្យអង្គការយូនីសេហ្វកម្ពុជា ទីប្រឹក្សាបច្ចេកទេសលោក Nick Hinde មាននិយាយថា៖ «យើង មានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឃើញភាពជាដៃគូប្រកបដោយជោគជ័យនៅក្នុងកម្មវិធីនេះ។ ក្រឡេកទៅមើលទិន្នន័យ បានបង្ហាញឱ្យយើងឃើញថាផលប៉ះពាល់ត្រូវបានបង្កើតឡើង ប៉ុន្តែនៅពេលដែលយើង ឮអំពីរឿងរ៉ាវបុគ្គល អំពីរបៀបដែលសាលារៀន សហគមន៍ និងគ្រួសារ ត្រូវបានគាំទ្រក្នុងវិធីជាក់ស្តែង យើងអាចឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅកម្រិតបុគ្គល»។
ប្រវត្តិនៃគម្រោងការផ្សព្វផ្សាយអប់រំ៖
អង្គការ យូនីសេហ្វ ដែលជាផ្នែកមួយនៃភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) របស់កម្ពុជា ដែលផ្តល់មូលនិធិដោយកម្មវិធីឆ្លើយតប និងការស្តារឡើងវិញនូវជំងឺកូវីដ-១៩ បានផ្តល់ថវិកាដល់អង្គការ Save the Children និងមូលនិធិ CARE International នៅកម្ពុជា ដើម្បីអនុវត្តគម្រោង «ការផ្សព្វផ្សាយអប់រំ - ការត្រលប់ទៅសាលារៀនវិញ» ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។
គម្រោងនេះ បានជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរការបើកសាលារៀនឡើងវិញ បន្ទាប់ពីមានការបិទពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងអន្តរាគមន៍ទៅកាន់គ្រួសារ ដែលងាយរងគ្រោះបំផុត និងកូនៗរបស់ពួកគេ ដើម្បីធានាបាននូវការបន្តការសិក្សារបស់ពួកគេ ក្នុងអំឡុងពេលរងការរំខាន។
គម្រោងនេះ ត្រូវបានអនុវត្តនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងកោះកុង ដោយគ្របដណ្ដប់លើសាលារៀនចំនួន ១,១៨៥ ក្នុងភូមិចំនួន ១,១៨៥ ក្នុងស្រុកចំនួន ៣៧ផ្សេងៗគ្នា។ គម្រោងនេះ មានបំណងអន្តរាគមន៍ទៅកាន់អ្នកទទួលផលចំនួន ៣,៩៤២នាក់ ដែលក្នុងនោះ ៥០% ជាស្រ្តី និងក្មេងស្រី។
អង្គការ CARE ក្រោមភាពជាដៃគូជាមួយអង្គការ យូនីសេហ្វ ធ្លាប់បានរៀបចំ និងអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ នៅក្នុងខេត្តចំនួនបីនៅភាគឦសាន និងបាននាំយកបទពិសោធន៍នេះ មកប្រើប្រាស់ក្នុងគម្រោងនេះ ដោយរៀបចំឡើងវិញនូវសម្ភារៈព័ត៌មាន អប់រំ និងទំនាក់ទំនង ក្រោមកិច្ចសហការជាមួយអង្គការ Save the Children សម្រាប់អ្នកទទួលផលថ្មី ដែលជាប្រជាជនទូទៅ និងសម្រាប់កម្រិតអប់រំផ្លូវការទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
- លោក តាំង វីដា ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយ/អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា
អ៊ីម៉ែល៖ vida.taing@savethechildren.org ទូរស័ព្ទ៖ 016 541616 /012 261540
- លោក ផល ច័ន្ទសត្យា ប្រធានកម្មវិធីជាន់ខ្ពស់ផ្នែកអប់រំ/អង្គការ CARE International ប្រចាំប្រទេសកម្ពុជា
អ៊ីម៉ែល៖ chansathya.phal@careint.org ទូរស័ព្ទ៖ 012 979009
- លោក មាស ប៊ុនលី មន្រ្តីជំនាញផ្នែកទំនាក់ទំនង/អង្គការ UNICEF
អ៊ីម៉ែល៖: bmeas@unicef.org ទូរស័ព្ទ៖ 012 733 909
សម្រាប់របាយការណ៍លម្អិត និងសង្ខេបនៃគម្រោងនេះ សូមស្វែងរកតាមតំណភ្ជាប់ទាំងនេះ