រំលង​​ទៅ​មាតិកា​សំខាន់​

3 សីហា 2021 - Story

ការអប់រំបែបវិជ្ជមាន បង្កើតនូវបរិយាកាសមួយប្រកបដោយក្តីស្រឡាញ់សម្រាប់កុមារ

អ្នកស្រី ផង់ សំអាង អាយុ ២៥ ឆ្នាំ ជាម្តាយមានកូន ២ នាក់ ដែលធ្លាប់បានប្រើអំពើហិង្សាជាការដាក់វិន័យទៅលើកូនៗរបស់ខ្លួន បានបង្ហាញពីគំនិត អំពីការផ្លាស់ប្តូរជីវិតរបស់ខ្លួន នៅពេលអ្នកស្រី បានយល់ពីអារម្មណ៍របស់កូនៗ និងបានឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេតាមបែបវិជ្ជមាន។

អ្នកស្រី សំអាង និងគ្រួសារ បច្ចុប្បន្នរស់នៅក្នុងផ្ទះឈើតូចមួយ ដែលមានដំបូលប្រក់ស័ង្កសី នៅក្នុងសហគមន៍មួយ ក្នុងខេត្តកំពង់ចាម។ អ្នកស្រី សំអាង ស្នាក់នៅផ្ទះមើលថែកូនប្រុសអាយុ ១ឆ្នាំ និងកូនស្រីអាយុ ៦ឆ្នាំ ចំណែកប្តីអ្នកស្រី បម្រើការជាកម្មករសំណង់នៅរាជធានីភ្នំពេញ ដែលជាធម្មតា អាចរកចំណូលបានប្រហែល ៤ ម៉ឺនរៀល (ប្រហែល ១០ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។

អ្នកស្រី សំអាង និងប្តីអ្នកស្រី ទម្លាប់ចិញ្ចឹមមើលថែកូនៗ ដូចគ្នាទៅនឹងអ្វីដែលឪពុកម្តាយអ្នកទាំងពីរបានធ្វើ ដោយជារឿយៗ ពួកគេ តែងតែស្រែក ឬគំហកដាក់កូនៗ នៅពេលដែលក្មេងៗយំម្តងៗ។

អ្នកស្រី សំអាង បាននិយាយថា៖ “កូនៗរបស់ខ្ញុំ មិនមានអារម្មណ៍ជិតស្និទ្ធនឹងពួកយើងទេ”។ អ្នកស្រី បានបន្ថែមទៀតថា អ្នកស្រី បានយកចិត្តទុកដាក់តិចតួចបំផុតចំពោះអនាម័យ និងចំណីអាហារសម្រាប់កូនៗ ហើយជារឿយៗ អ្នកស្រី តែងតែឱ្យពួកគេញុំាំនំកញ្ចប់”។

អ្នកស្រី បានបន្តថា អ្នកស្រី មិនធ្លាប់បានចំណាយពេលវេលាបង្រៀនកូនៗទេ ពីព្រោះអ្នកស្រី គិតថាពួកគេ មិនអាចរៀនចូល នៅអាយុក្មេងបែបនេះទេ។

នៅឆ្នាំ ២០២០ ដោយមានការគាំទ្រមូលនិធិ ពីអង្គការ Save the Children ហុងកុង អង្គការ Save the Children បានចាប់ផ្តើមអនុវត្តគម្រោង ការលើកកម្ពស់ការយល់ដឹង និងយុទ្ធសាស្ត្រច្នៃប្រឌិតសម្រាប់ អភិវឌ្ឍកុមារតូច(RAISE) នៅក្នុងសហគមន៍របស់អ្នកស្រី សំអាង។ ដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន គម្រោងនេះ បានចាប់ផ្តើមបង្កើតក្រុមអាណាព្យាបាល ដើម្បីបង្រៀនសមាជិកសហគមន៍ពីរបៀបថែទាំកូនៗរបស់ពួកគេនៅផ្ទះ រួមមានទាំងការលាងដៃ និងអានសៀវភៅជាមួយកូនៗ។

អ្នកស្រី សំអាង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុម ហើយចាប់តាំងពីពេលនោះមក អ្នកស្រី បានរៀនពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន។ លើសពីនេះទៀតនោះ អ្នកស្រី បានរៀនពីរបៀបធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ អនាម័យរបស់កូន និងលើកកម្ពស់ការរៀនសូត្រសម្រាប់កុមារតូចៗ។

អ្នកស្រី បានអនុវត្តនូវអ្វីដែលអ្នកស្រី បានរៀនភ្លាមៗ ជាមួយនឹងកូនៗ និងបានចែករំលែកទៅគ្រួសាររបស់ខ្លួន។ អ្នកស្រី មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរបៀបអប់រំកូន ហើយក៏បានចាប់ផ្តើមប្រាស្រ័យទាក់ទងជាមួយនឹងគ្រួសាររបស់គាត់តាមបែបវិជ្ជមានជាងពេលមុនៗ។

ចាប់តាំងពីបានចូលរួមការប្រជុំជាច្រើនលើកមក អ្នកស្រី សំអាង ចំណាយពេលជាច្រើនបង្រៀនកូនៗ ដោយប្រើសៀវភៅ ដែលគម្រោងបានផ្តល់ឱ្យ ហើយបានកត់សម្គាល់ឃើញថា ពួកគេ ចូលចិត្តរៀនវិធីសាស្រ្តនេះណាស់។ អ្នកស្រី បានបង្កើតបរិយាកាសការរៀនសូត្រ ដែលសប្បាយរីករាយសម្រាប់កូនៗ ដែលធ្វើឱ្យពួកគេ កាន់តែចាប់អារម្មណ៍ក្នុងការរៀនសូត្រនោះ។

លោក សរ ឃឿន ជាប្រធានភូមិ បាននិយាយថា៖ “ខ្ញុំ សប្បាយចិត្ត ដែលបានឃើញការផ្លាស់ប្តូររបស់អាណាព្យាបាលភាគច្រើន នៅក្នុងសហគមន៍របស់ខ្ញុំ។ ជាពិសេស អ្នកស្រី សំអាង ដែលមានទំនាក់ទំនងល្អជាមួយកូនៗរបស់គាត់ ហើយខ្ញុំ មិនដែលឃើញគាត់វាយកូនៗគាត់ទៀតទេ”។

ចាប់តាំងពីអ្នកស្រី សំអាង ចាប់ផ្តើមអនុវត្តវិធីសាស្រ្តចិញ្ចឹមកូនតាមបែបវិជ្ជមាន និងផ្តល់ឱ្យកូនៗនូវអាហារសុខភាព និងអនាម័យល្អ អ្នកស្រី បានកត់សម្គាល់ឃើញនូវមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងជីវិតគ្រួសាររបស់អ្នកស្រី។

អ្នកស្រី សំអាង បានមានប្រសាសន៍ថា៖ “ ឥឡូវនេះ ខ្ញុំរីករាយណាស់ ដែលឃើញក្រុមគ្រួសាររបស់ខ្ញុំមានសុភមង្គល ហើយខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងកូនៗខ្ញុំណាស់”។ នៅពេលពួកគេទទួលរបស់អ្វីមួយពីចាស់ព្រឹទ្ធាចារ្យ កូនៗរបស់ខ្ញុំ តែងតែបង្ហាញការគោរពដល់ពួកគាត់”។

ជាមួយនឹងស្នាមញញឹមលើផ្ទៃមុខ អ្នកស្រី សំអាង និយាយថា៖ “ខ្ញុំចង់ឃើញឳពុកម្តាយទាំងអស់ ឈប់ប្រើអំពើហឹង្សា ជាការដាក់វិន័យលើកូនតូចៗ ពីព្រោះទង្វើនេះ ប៉ះពាល់ដល់ការអភិវឌ្ឍរបស់កូន”។

អ្នកស្រី បានបញ្ជាក់ជារួមថា អ្នកស្រី ចង់ឃើញកូនៗរបស់ខ្លួន ក្លាយជាមនុស្សល្អ៕