រំលង​​ទៅ​មាតិកា​សំខាន់​

3 មេសា 2024 - ព័ត៌មាន

សិក្ខាសាលាបិទគម្រោងស្ទៀរ និងបើកគម្រោង ការីប

តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តកោះកុង មន្ទីរកសិកម្ម មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី និងបរិស្ថានខេត្ត អង្គការ Save the Children ប្រចាំកម្ពុជា និងដៃគូអង្គការ iDE Cambodia នៅថ្ងៃអង្គារម្សិលមិញ បានរៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោងស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុ (គម្រោងការីប)។

សិក្ខាសាលា ដែលធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងសាលមហោស្របខេត្តកោះកុង មានការចូលរួមជាអធិបតីពីអភិបាលរងខេត្តកោះកុង លោកស្រី អ៊ី នារីនេត តំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងតំណាងវិស័យឯកជន សរុបប្រមាណ១៦០នាក់។

ថ្លែងបើកសិក្ខាសាលា លោក ម៉ូត សាណា នាយកប្រតិបត្តិកម្មវិធីរបស់អង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់កិច្ចសហការ ក៏ដូចជាការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ តួអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម និងវិស័យឯកជន ដែលជួយឱ្យគម្រោងស្ទៀរ ទទួលបានជោគជ័យតាមការរំពឹងទុក។

លោកថា៖ «គម្រោងស្ទៀរ បានគាំទ្រដល់កសិករនូវជំនួយបច្ចេកទេសឆ្លាតវៃក្នុងការដាំដុះ ការរើសពូជកសិកម្ម ការប្រើជីកសិកម្ម ការចងក្រងគ្នាជាបណ្តាញ និងការស្វែងរកទីផ្សារជាដើម។ ការណ៍នេះ ជួយឱ្យកសិករមានជីវភាពសមរម្យ ហើយកូនៗរបស់ពួកគេ ក៏ទទួលបានការអប់រំពេញលេញ និងមិនមានអំពើហិង្សាក្នុងគ្រួសារ»។

លោក សាណា ក៏បានអំពាវនាវឱ្យកសិករបន្តជំរុញ និងបញ្ចូនកូនៗទៅរៀនឱ្យបានខ្ពង់ខ្ពស់ ដើម្បីទទួលបានចំណេះដឹង ចៀសផុសពីភាពក្រីក្រ ក៏ដូចជាមានលទ្ធភាពចូលរួមអភិវឌ្ឍសង្គម ពិសេសខេត្តកោះកុងនេះ។

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក សុខ សំអាត បានថ្លែងឱ្យដឹងថា តាមរយៈអន្តរាគមន៍របស់គម្រោងស្ទៀរ ដែលបានអនុវត្តរយៈពេល ៥ឆ្នាំមកនេះ លទ្ធផលជាវិជ្ជមានជាច្រើន បានរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារ។ តួយ៉ាង កសិករ ដែលបង្កើតឡើងទាំង ៤០ក្រុម ពិតជាមានសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងដោះដូរទៅកាន់ទីផ្សារក្នុង និងក្រៅខេត្ត។ អ្នកលក់ធាតុចូលកសិកម្មក្នុងតំបន់ចំនួន ២៣ដេប៉ូ ត្រូវបានបង្កើត និងពង្រឹងសមត្ថភាព។ ការភ្ជាប់ និងដំណើរការទីផ្សារ ទិញលក់ កសិផលរបស់កសិករ តាមរយៈអ្នកប្រមូលទិញសរុប ៤៦នាក់ ក្នុងតំបន់គោលដៅរបស់គម្រោង។

លោកបានបន្ថែមថា៖ «អន្តរាគមន៍របស់គម្រោង ក្នុងវិស័យពាក់ព័ន្ធ ក៏បានចូលរួមដោះស្រាយរួមគ្នារាល់បញ្ហាកុមារ និងសហគមន៍ ព្រមទាំងលើកកម្ពស់ការវិនិយោគលើកុមារ និងសមភាពយេនឌ័រក្នុងកិច្ចការកសិកម្ម»។

អភិបាលរងខេត្តកោះកុង លោកស្រី អ៊ី នារីនេត បានមានប្រសាសន៍សាទរចំពោះសមិទ្ធិផលជាផ្កាផ្លែ ចេញពីការអនុវត្តគម្រោងស្ទៀរ ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកឆ្លើយតបទៅនឹងគោលយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកោះកុង។

លោកស្រីថា៖ «បើប្រៀបធៀបជាមួយបណ្តាខេត្តផ្សេងទៀត ខេត្តកោះកុងរបស់យើង គឺពុំសូវមានអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនច្រើន ចូលមកអភិវឌ្ឍខេត្តទេ ជាពិសេសលើវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំ សង្គមកិច្ច និងសុខាភិបាល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Save the Children ដែលបានផ្តល់ការគាំទ្រលើវិស័យអប់រំតាំងពីឆ្នាំ២០០៨ ហើយបច្ចុប្បន្នបាននឹងកំពុងបន្តការគាំទ្រ កម្មវិធីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងអន្តរាគមន៍លើវិស័យកសិកម្ម និងប្រព័ន្ធទីផ្សារ»។

គួរបញ្ជាក់ថា គម្រោងស្ទៀរ ទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ពីក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand (@New Zealand Ministry of Foreign Affairs and Trade) មានគោលបំណងធ្វើយ៉ាងលើកកម្ពស់សេដ្ឋកិច្ច សុខមាលភាពគ្រួសារ និងភាពធន់របស់សហគមន៍ តាមរយៈវិធីសាស្ត្រដោយឈរលើគោលការណ៍ទីផ្សារ។

អ្នកស្រី ងិន គីមហួយ កសិករអ្នកផលិត និងជាតំណាងក្រុម បានឱ្យដឹងថា គម្រោងស្ទៀរ នាំមកជាមួយនូវបច្ចេកទេសដាំដុះថ្មី ការដោះស្រាយបញ្ហាទីផ្សារ បង្កើតឱ្យមានអ្នកលក់សម្ភារៈកសិកម្មភ្ជាប់ជាមួយចំណេះដឹងបច្ចេកទេស ការលើកកម្ពស់កិច្ចការពារកុមារ សមភាពយេនឌ័រ និងកិច្ចការពារបរិស្ថាន។

អ្នកស្រីថា៖ «មុនពេលដែលគម្រោងចាប់ផ្តើម យើងខ្ញុំជាកសិករស្ទើរតែទាំងអស់ ដាំដុះតាមតែរបៀបបុរាណ ឬកសិករខ្លះក៏មិនមានគំនិតដាំបន្លែ ឬកែលម្អដំណាំ ដោយសារពួកយើងខ្វះខាតនូវបច្ចេកទេស ពិបាករកពូជ ជី ថ្នាំ មិនសូវមានទំនាក់ទំនងជាមួយអ្នកប្រមូលទិញ មិនដែលស្គាល់ផ្សារ ចំណែកឯទិន្នផលគឺតិចតួច ឬស្ទើរតែមិនបាន ពិសេសកសិករយើងភាគច្រើន មានបទពិសោធន៍បរាជ័យជាមួយការដាំដុះពីមុនៗ។ អន្តរាគមន៍របស់គម្រោងស្ទៀរ ពិតជាធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទាំងសេដ្ឋកិច្ចគ្រួសាររបស់កសិករ ទាំងចំណេះ និងជំនាញកសិកម្ម គួបផ្សំនឹងការវិនិយោគលើកុមារ»។

នៅក្នុងសិក្ខាសាលានេះដែរ ក្រុមការងាររបស់អង្គការ Save the Children ក៏បានប្រកាសបើកគម្រោង ការីប ដែលបាន និងកំពុងអនុវត្ត ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយដៃគូ អង្គការ មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ក្នុងស្រុកគោលដៅ៤ គឺស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកកោះកុង (ស្រុកថ្មី) ក្រោមថវិកាគាំទ្ររបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand។