អភិបាលកិច្ចសិទ្ធិកុមារ

បញ្ហា

ក្នុងឆ្នាំ២០០៨ កុមារជាងពាក់កណ្តាលនៃកុមារដែលទើបកើត មិនបានចុះអត្រានុកូលដ្ឋាន។ វាបង្ហាញពីការគំរាមកំហែងខ្លាំងមួយទៅនឹងសិទ្ធិជាមូលដ្ឋានរបស់កុមារស្តីពីសិទ្ធិមាន ឈ្មោះនិងទទួលអត្តសញ្ញាណពីកំណើត។ កុមារក្នុងប្រទេសកម្ពុជា ជាពិសេសកុមាររស់នៅក្នុងតំបន់ដាច់ស្រយាល ការទទួលបានព័ត៌មាននៅមានកម្រិតនិងមានឳកាសតិចតួច ក្នុងការបញ្ចេញទស្សនៈការយល់ឃើញរបស់ពួកគេ។ ឱកាសតិចតួចសម្រាប់ពួកគេក្នុងការក្លាយខ្លួនជាផ្នែកមួយរបស់ក្រុមដែលដឹកនាំដោយកុមារនិងយុវជន ឬចូលរួមក្នុងការ សម្រេចចិត្តអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ។

ការងាររបស់យើង

កម្មវិធីអភិបាលកិច្ចសិទ្ធិកុមាររបស់អង្គការSave the Children ធ្វើការសហការជាមួយរដ្ឋាភិបាល ដើម្បីបង្កើនយល់ដឹងនិងទទួលខុសត្រូវសម្រាប់បញ្ហាសិទ្ធិកុមារ ដោយធ្វើការតាមដានការអនុវត្តពីការប្តេជ្ញាចិត្តទៅនឹងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងសិទ្ធិមនុស្សផ្សេងៗទៀត។ អង្គការSave the Children ធ្វើការជាដៃគូជាមួយសង្គមស៊ីវិលក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេ រួមបញ្ចូលទាំងក្រុមដែលដឹកនាំដោយកុមារនិងយុវជនស្តីពីការតាមដាននិងពិនិត្យមើលបន្តទៀតពីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសិទ្ធិកុមារ។ យើងក៏ជួយគាំទ្រដល់ការចូលរួមរបស់ក្រុមដែលដឹកនាំដោយកុមារនិងយុវជន នៅក្នុងសកម្មភាពថ្នាក់ជាតិនិងតំបន់ ដើម្បីផ្លាស់ប្តូរការរៀនសូត្រ តាមដានការអនុវត្តសិទ្ធិកុមារ និងការស្វែងរកការគាំទ្រមតិ។

តាមដានការអនុវត្តសិទ្ធិកុមារ

អង្គការ Save the Children បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្តីពីសិទ្ធិកុមារក្នុងការតាមដានជាលក្ខណៈប្រព័ន្ធពីស្ថានភាពសិទ្ធិកុមារក្នុងប្រទេសកម្ពុជា និងពិនិត្យមើលបន្តទៀតពីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ នេះរួមបញ្ចូល ទាំងការសរសេរនិងបញ្ចូនរបាយការណ៍ផ្សេងទៀតស្តីពីសិទ្ធិកុមារទៅគណកម្មការអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សេណែវ។ បន្ថែមពីនេះទៀត យើងស្វែងរកការគាំទ្រមតិឲ្យមាន ការចូលរួមរបស់កុមារក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋាន (ក្រុមប្រឹក្សាឃុំ) ដើម្បីបញ្ចូលទស្សនៈ ការយល់ឃើញរបស់កុមារក្នុងផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កុមារ និងដើម្បីបង្កើនការបែងចែកថវិកាជាតិសម្រាប់កុមារផងដែរ។

អង្គការ Save the Children ក៏កំពុងស្វែងរកការគាំទ្រមតិពីរដ្ឋាភិបាលដើម្បីឲ្យប្រទេសកម្ពុជាចុះហត្ថលេខានិងធ្វើសច្ចាប័នលើ”ពិធីសារបន្ថែមទី៣នៃអនុសញ្ញាស្តីពីសិទ្ធិកុមារអំពីនិតិវិធីទំនាក់ទំនង” ដែលបង្កើតឡើងដោយគណកម្មាការអង្គការសហប្រជាជាតិ។ ពិធីសារនេះ អនុញ្ញាតឲ្យគណកម្មការត្រួតពិនិត្យមើលលើការអនុវត្តអនុសញ្ញាដើម្បីទទួលនិងដោះស្រាយបណ្តឹងជាលក្ខណៈបុគ្គលពីកុមារ។  

ពង្រឹងប្រព័ន្ធថ្នាក់ជាតិ

អង្គការ Save the Children កសាងសមត្ថភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងការបង្កើនជំនាញភាពជាអ្នកដឹកនាំនិងការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីតាមដានការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារឲ្យមានប្រសិទ្ធិភាព។ យើងគាំទ្រក្រុមប្រឹក្សាជាតិកម្ពុជាសម្រាប់កុមារក្នុងការបង្កើតឲ្យមានប្រព័ន្ធប្រមូលទិន្នន័យសិទ្ធិកុមារ ប្រព័ន្ធតាមដាន បង្កើតសុច្ចនករដើម្បីរាយការណ៍ពីការបំពេញសិទ្ធិកុមារ និងផ្តល់យោបល់ពីផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កុមារ។

បង្កើនការយល់ដឹងនិងសមត្ថភាព

ជាមួយនឹងដៃគូការងារអង្គការ Save the Children បានបង្កើតឲ្យមានសម្ភារៈដែលជាទីមេត្រីសម្រាប់កុមារ និងលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិកុមារតាមរយៈសិក្ខាសាលា សកម្មភាពបណ្ណាល័យកិច្ចប្រជុំ និងទិវាកុមារអន្តរជាតិ ។ យើងក៏បានបណ្តុះបណ្តាលឪពុកម្តាយពីការចូលរួមរបស់កុមារ និងសិទ្ធិជាប្រជាពលរដ្ឋ ដើម្បីលើកតម្កើងទស្សនៈ និងសម្លេងរបស់កុមារក្នុងការសម្រេចចិត្តក្នុងគ្រួសារ ។ យើងក៏បានជួយដល់ក្រុមប្រឹក្សាឃុំក្នុងការបញ្ចូលបញ្ហាកុមារទៅក្នុងផែនការវិនិយោគរបស់ឃុំ ។ យើងក៏បានរៀបចំសិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន ក្នុងការបញ្ចូលគោលការណ៍សិទ្ធិកុមារទៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ។

បច្ចុប្បន្ននេះ យើងកំពុងប្រត្តិបត្តិការកម្មវិធីនេះនៅក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពង់ចាម ព្រៃវែង និងភ្នំពេញ។

ផលជះ

ក្នុងឆ្នាំ២០១២ សមាជិកសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្តីពីសិទ្ធិកុមារចំនួន៣៦បានធ្វើការជាមួយរដ្ឋាភិបាលលើពិធីសារបន្ថែមចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារអំពីនិតិវិធីទំនាក់ទំនង ។ សូចនាករជាតិស្តីពីសិទ្ធិកុមារចំនួន៦៣ត្រូវបានដាក់បញ្ចូលគ្នាដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងពិនិត្យដោយក្រសួងពាក់ព័ន្ធនិងកំពុងតែសុំការអនុញ្ញាតពីសមាជិក ។ គោលនយោបាយចំនួន៣ត្រូវបានធ្វើការកែតម្រូវឲ្យស្របនឹងស្ថានភាពសិទ្ធិកុមារ ៖ ១) ផែនទីផ្លូវសម្រាប់ផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កុមារ ២) គោលការណ៍ណែនាំស្តីពីការចូលរួមរបស់កុមារ ៣) គោលការណ៍ ណែនាំថ្នាក់ជាតិដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីលើការចាត់វិធានការណ៍ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសន្និដ្ឋានការសង្កេតរបស់អង្គការពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជា ។