អប់រំ

បញ្ហា

កុមារតិចជាងពាក់កណ្តាលនៃកុមារទាំងអស់ដែលបានរៀននៅបឋមសិក្សាបានបញ្ចប់ថ្នាក់ទី៩  (ស្ថិតិ និងសូចនាករអប់រំឆ្នាំ ២០១១) ។ ទីតាំងភូមិសាស្រ្តមួយចំនួនមិនមានសាលារៀន សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ  និងបញ្ហាយែនឌ័រ ជាកត្តាដែលធ្វើឲ្យកុមារីមិនអាចទៅរៀនបាន ។ ចំនួនកុមារ ដែលមានឱកាសទទួលបានសេវាអប់រំកុមារតូចនិងមត្តេយ្យសិក្សា បង្ហាញពីបញ្ហាដែលត្រូវការយកចិត្តទុកដាក់បន្ថែមទៀត ។ ក្នុងឆ្នាំ២០០៧ មានតែកុមារ១១ភាគរយប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ដែលបានទទួលសេវាគាំពារនិងអភិវឌ្ឍកុមារតូច ។

Preah Vihear Primary School, Preah Vihear Province. Photo Kj Borja for Save the Children

ការងាររបស់យើង

កម្មវិធីអប់រំ កំពុងតែបញ្ចូលនូវកម្មវិធីពាក់ព័ន្ធផ្សេងៗចូលនៅក្នុងកម្មវិធីរបស់ខ្លួន ដូចជា កម្មវិធីសុខភាព កម្មវិធីកិច្ចការពារកុមារ និងកម្មវិធីសង្គ្រោះបន្ទាន់និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ។ កម្មវិធីរបស់យើងផ្តោតជាសំខាន់ទៅលើកុមារក្រីក្របំផុត កុមារី កុមារពិការ កុមារជនជាតិ និងកុមារនៅតំបន់ដាច់ស្រយាល ដោយសារពួកគេមានការលំបាកក្នុងការទទួលបានការអប់រំ ប្រកបដោយគុណភាព ។

ការចូលរៀន ៖ កម្មវិធីអប់រំ របស់អង្គការ Save the Children ផ្តោតលើការធានាឲ្យកុមារទទួលបាន សេវាអប់រំប្រកបដោយគុណភាព ដោយរួមបញ្ចូលទាំងការទទួលបានសេវាគាំពារនិងអភិវឌ្ឍកុមារតូច (អាយុ 0 ដល់ ៦ឆ្នាំ) និងការអប់រំមូលដ្ឋាន (ថ្នាក់ទី១ដល់ទី៩)។ យើងបាននិងកំពុងពង្រីកសាលាតូចៗឲ្យមានថ្នាក់រៀនច្រើនថែមទៀត និងបង្កើតឲ្យមានគ្រប់កម្រិតថ្នាក់ ។ នៅតាមសាលាដែលសមស្រប អង្គការ Save the Children ក៏សម្របសម្រួលក្នុងការបង្កើតឲ្យមានថ្នាក់មត្តេយ្យ និងមធ្យមសិក្សាទៅក្នុងសាលាបឋមសិក្សាផងដែរ។

កម្មវិធីអភិវឌ្ឍនិងគាំពាំរកុមារតូចរបស់យើង បញ្ចូលនូវគំនិតច្នៃប្រឌិតថ្មីមួយដែលអស់ថវិកាតិច គឺការអប់រំកុមារតូចតាមផ្ទះ។ យើងជឿជាក់ថាបរិស្ថានក្នុងគ្រួសារ រួមចំណែកដល់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ដូច្នេះហើយយើងបានបញ្ចូលឲ្យមានថ្នាក់អក្ខរកម្មសម្រាប់ឪពុកម្តាយ ការលុបបំបាត់ការរើសអើងយែនឌ័រ ការចិញ្ចឹមនិងថែទាំកូនបែបវិជ្ជមាន និងការអប់រំសុខភាពនិងអាហារូបត្ថម្ភទៅក្នុងកម្មវិធីរបស់យើង។ លើសពីនេះទៅទៀត កមុ្មវិធីអប់រំមូលដ្ឋានមានគោលបំណងចង់លុបបំបាត់ចោលនូវរនាំងដែលធ្វើឲ្យកុមារមិនបានចូលរៀន ដូចជាបញ្ហាថវិកា យែនឌ័រ ពិការភាព និងជម្ងឺអេដស៍ជាដើម។

គុណភាពអប់រំ ៖ ការធ្វើឲ្យប្រសើរឡើងគុណភាពអប់រំ គឺជាការងារសំខាន់របស់យើង ដើម្បីធានាថាកុមារបញ្ចប់ការសិក្សាប្រកបដោយចំណេះដឹងល្អ និងជំនាញគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យពួកគេអាចរស់នៅ និងអភិវឌ្ឍខ្លួនបានជោគជ័យនៅក្នុងសតវត្សទី២១នេះ ។ អង្គការ Save the Children បានបណ្តុះបណ្តាលគ្រូដោយមានការណែនាំពីការបង្កើតនិងប្រើប្រាស់សម្ភារៈសិក្សា។

ពង្រឹងការគ្រប់គ្រងប្រព័ន្ធអប់រំ ៖ អង្គការ Save the Children ផ្តល់ជំនួយបច្ចេកទេសដល់សាលារៀនដើម្បីគ្រប់គ្រងសិស្សនិងថ្នាក់រៀនឲ្យកាន់តែប្រសើរឡើង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ យើងក៏បានលើកកម្ពស់ឲ្យកុមារបានចូលរួមកាន់តែច្រើនក្នុងកិច្ចការសាលារៀន តាមរយៈក្រុមប្រឹក្សាកុមារ ។  

កម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូច

អង្គការ Save the Children កំពុងធ្វើការឆ្លើយតបទៅនឹងការលូតលាស់តាមអាយុរបស់កុមារ និងការជួយដល់កុមារក្នុងការត្រៀមខ្លួនសម្រាប់ចូលរៀននៅបឋមសិក្សា សម្រាប់កុមារអាយុ ៦ឆ្នាំ និងក្រោម ៦ឆ្នាំ ។ ដើម្បីដោះស្រាយបញ្ហាកង្វះមណ្ឌលថែទាំកុមារតូចនៅពេលបច្ចុប្បន្ន អង្គការ Save the Children បានអនុវត្តកម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូចតាមផ្ទះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវទម្លាប់ ថែទាំកូនរបស់ឪពុកម្តាយនិងអាណាព្យាបាល ក្នុងការជួយដល់ការលូតលាស់របស់កុមារ ។ កម្មវិធីនេះរួមបញ្ចូលការបណ្តុះបណ្តាលឪពុកម្តាយ គ្រូមត្តេយ្យ និងនាយកសាលា និងការចូលរួមរបស់ បណ្តាញសហគមន៍ដូចជា “បណ្តាញអប់រំសម្រាប់ទាំងអស់គ្នា”។

សកម្មភាពដទៃទៀត រួមមានការបង្កើតថ្នាក់មត្តេយ្យនៅក្នុងសាលាបឋមសិក្សាដែលមានស្រាប់ និងការសម្របសម្រួលឲ្យកុមារអាយុក្រោម៦ឆ្នាំទទួលបានការថែទាំសុខភាពនិងអាហារូបត្ថម្ភ ។ យើងបានផ្តល់គ្រឿងសង្ហារឹមនិងសម្ភារៈឧបទ្ទេសដល់សាលារៀនផងដែរ ។

នៅថ្នាក់ជាតិ អង្គការ Save the Children កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយនាយកដ្ឋានអប់រំកុមារតូច ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់បុគ្គលិកអប់រំអនុវត្តកម្មវិធីរបស់ខ្លួន នៅថ្នាក់ក្រោមជាតិ ។

អប់រំមូលដ្ឋាន

អង្គការ Save the Children មានបំណងធ្វើឲ្យប្រសើរឡើងនូវការចូលរៀន និងគុណភាពអប់រំសម្រាប់កុមារដែលគ្រប់អាយុចូលរៀន ហើយយើងបាននិងកំពុងធ្វើការជាដៃគូយ៉ាងជិតស្និទ្ធិជាមួយក្រសួងអប់រំ យុវជននិងកីឡា ចាប់តាំងពីឆ្នាំ១៩៧៩ ។

ដើម្បីដោះស្រាយបញ្ហាចូលរៀនរបស់កុមារ អង្គការ Save the Children បានជួយសាងសង់អាគារសិក្សា ផ្ទះសំណាក់សិស្ស និងផ្ទះសំណាក់គ្រូនៅតំបន់ជនបទដាច់ស្រយាល ។ នៅកន្លែងដែលមានសាលារៀនមិនគ្រប់គ្រាន់ យើងសហការជាមួយសហគមន៍ក្នុងការរៀបចំឲ្យមានកន្លែងរៀនបណ្តោះអាសន្ន ដែលត្រូវបានស្គាល់ថា សាលារោងដោល ។ អង្គការ Save the Children ក៏បានជួយដល់សាលារៀនក្នុងការពង្រីកការអនុវត្តកម្មវិធីសាលាកុមារមេត្រីនៅក្នុងប្រទេសកម្ពុជា ការកែលំអរបរិស្ថានសាលារៀន និងការបណ្ដុះបណ្ដាលវិធីសាស្រ្តរៀននិងបង្រៀនថ្មីៗ ដូចជាកាបណ្តុះបណ្តាលស្ដីពីបំណិនជីវិត ជាដើម ដល់គ្រូបង្រៀនផងដែរ ។

ដើម្បីផ្តល់ឱកាសសិក្សាដល់កុមារជួបការលំបាក និងដើម្បីជួយឲ្យពួកគេបានបន្តការសិក្សានៅក្នុងសាលារៀន អង្គការ Save the Children បានផ្តល់អាហារូបករណ៍ ឥណទាន និងកម្មវិធីសិក្សាតាមបែបបត់បែន ដែលស្របទៅនឹងស្ថានភាពរស់នៅរបស់កុមារ ក្នុងគោលបំណងកាត់បន្ថយនូវអវត្ត មានរបស់ពួកគេជាអប្បបរមា។ ការចូលរួមរបស់សិស្សក្នុងការធ្វើការសម្រេចចិត្តទាក់ទងនឹងការគ្រប់គ្រងសាលារៀន ត្រូវបានធ្វើឡើតាមរយៈក្រុមប្រឹក្សាកុមារ ហើយស្របជាមួយគ្នានេះដែរ យើងក៏បានធ្វើការវាយតម្លៃ និងជួយពង្រឹងយន្តការក្រុមប្រឹក្សាកុមារនេះនៅតាមសាលាផងដែរ ។

បច្ចុប្បន្ននេះ យើងកំពុងអនុវត្តកម្មវិធីអប់រំនៅក្នុងខេត្តចំនួន៨ ៖ ខេត្តកំពង់ចាម ព្រៃវែង ក្រចេះ សៀមរាប ព្រះវិហារ ពោធិ៍សាត់ កោះកុង និងកំពង់ឆ្នាំង។ 

ផលជះរបស់កម្មវិធី

នៅក្នុងឆ្នាំ២០១២ មានកុមារអាយុក្រោម៦ឆ្នាំចំនួន១៥០០០នាក់បានទទួលសេវាគាំពារនិងអភិវឌ្ឍ កុមារតូច ។ អត្រាពិតនៃការសិក្សានៅសាលាបឋមសិក្សាក្នុងតំបន់គោលដៅរបស់អង្គការ Save the Children បានកើនពី៩០.៤៥ភាគរយក្នុងឆ្នាំ២០១១ ទៅ ៩២.៧០ភាគរយនៅក្នុងឆ្នាំ២០១២។ សិស្សរៀនយឺតលើសពី ៧០០០នាក់ បានទទួលការជួយបំប៉នបន្ថែម ។ ភាគរយសាលាបឋមសិក្សាដែលអនុវត្តគោលការណ៍គុណភាពបរិស្ថានសិក្សាបានកើនឡើងពី០ដល់១៣.៨៩ភាគរយ ។ អត្រាឡើងថ្នាក់របស់សិស្សបឋមសិក្សា បានកើនឡើងពី៨៦.៦២ភាគរយក្នុងឆ្នាំ២០១១ ដល់៨៨.៩១ភាគរយក្នុងឆ្នាំ២០១២ ។ ហើយសិស្សថ្នាក់ទី៥ ក្នុងសាលាបឋមសិក្សាគាំទ្រដោយអង្គការ Save the Children ដែលបានជាប់ការធ្វើតេស្តស្តីពីការអាននិងសរសេរភាសាខ្មែរបានកើនឡើងពី៦៥.៣៤ភាគរយក្នុងឆ្នាំ២០១១ដល់៧១.៩៧ភាគរយក្នុងឆ្នាំ២០១២ ។