សុខភាព

បញ្ហា

កុមារកម្ពុជាម្នាក់ក្នុងចំណោមកុមារ២៣នាក់ស្លាប់មុនពេលដែលពួកគេមានអាយុ៥ឆ្នាំ។ ចំនួននេះនឹងប្រែប្រួលថែមទៀតនៅពេលយើងមើលទៅលើកុមារដែលងាយរងគ្រោះខ្លាំងរស់នៅតាមជនបទ និងតំបន់ដាច់ស្រយាល។ កុមារម្នាក់រស់នៅជនបទងាយនឹងស្លាប់២.៥ដងជាងកុមារដែលរស់នៅតំបន់ទីប្រជុំជន។ មូលហេតុមួយចំនួនដែលបណ្តាលឲ្យពួកគេស្លាប់ គឺដោយសារជម្ងឺរលាកសួតនិង រាករូស ដែលជាជម្ងឺអាចបង្ការបានទាំងស្រុងដោយការព្យាបាលសាមញ្ញនិងចំណាយថវិកាតិចបំផុត។ ទោះជាយ៉ាងនេះក៏ដោយ កុមារទាំងនោះភាគច្រើនមិនមានលទ្ធភាពទទួលបាននូវសេវាសុខភាពណាមួយឡើយ។ បន្ថែមពីនេះ កុមារកម្ពុជា៤០ភាគរយមានភាពក្រេះក្រិន ដែលអាចសន្និដ្ឋានយ៉ាងច្បាស់ថាមកពីកង្វះអាហារូបត្ថម្ភ។ កង្វះអាហារូបត្ថម្ភគឺជាមូលហេតុធំមួយដែលបណ្តាលឲ្យកុមារ៤៥ភាគរយបានស្លាប់ ដោយសារតែប្រព័ន្ធការពាររាងកាយរបស់ពួកគេចុះខ្សោយ ដែលមិនអាចទប់ទល់នឹងជម្ងឺសាមញ្ញផ្សេងៗបាន។

Damrel 1 Health Center Midwife Lim Sinin checks the fundal height of 21-year-old Touy Chantho's tummy to assess fetal growth and development on her 9th month of pregnancy. Save the Children aims to help by increasing accessibility, utilization and quality of health services, improving health practices and increasing the demand for maternal and child health services by the community. Photo Credit Kj Borja for Save the Children.

ការងាររបស់យើង

អង្គការ Save the Children បានរួមចំណែកក្នុងការធ្វើឲ្យសម្រេចគោលដៅសហសវត្ស៤ ៥ និង៦ ដែលអន្តរាគមន៍របស់យើងផ្តោតលើ ការកាត់បន្ថយអត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ និងអត្រាស្លាប់របស់មាតា និងកាត់បន្ថយការរាលដាលនៃជម្ងឺរបេង។ 

 

កម្មវិធីសុខភាពផ្តោតសំខាន់លើការបង្កើននូវការទទួលបានសេវាថែទាំសុខភាពបឋម និងអាហារូបត្ថម្ភប្រកបដោយគុណភាព ទៅដល់ប្រជាជនក្រីក្រ ជាពិសេសស្រ្តីមានផ្ទៃពោះ មាតានិងកុមារ។ ការងាររបស់យើងគឺពង្រឹងខាងផ្នែកតម្រូវការ និងការប្រើប្រាស់សេវាទាំងនោះ។ អង្គការ Save the Children ជួយគាំទ្រលើការធ្វើឲ្យប្រសើរឡើងនូវសេវាសុខភាព ការអនុវត្តនិងការទទួលបានការព្យាបាល។

 

ការរស់រានរបស់ទារក និងកុមារអាយុក្រោម៥ឆ្នាំ

កម្មវិធីការរស់រានរបស់ទារកនិងកុមារគឺជាផ្នែកមួយនៃបញ្ហាឬការលំបាកជាសកលរបស់អង្គការ Save the Children អន្តរជាតិ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកជុំវិញពិភពលោក។ កម្មវិធីសុខភាពរបស់អង្គការ Save the Children ក្នុងប្រទេសកម្ពុជា មានគោលបំណងគាំទ្រដល់យុទ្ធនាការជាសកល ដោយបង្កើនការទទួលបាន និងគុណភាពសេវាសុខាភិបាល ធ្វើឲ្យប្រសើរឡើងការអនុវត្តការថែទាំសុខភាពនិងបង្កើននូវតម្រូវការ សេវាសុខភាពមាតា និងកុមារដោយសហគមន៍។

 

អង្គការ Save the Children ជួយធ្វើឲ្យប្រសើរឡើងនូវជំនាញ និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល ដើម្បីគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព។ យើងបានបណ្តុះបណ្តាលក្រុមគាំទ្រសុខភាពភូមិ ពីការថែទាំផ្ទៃពោះ និងទារកដែលទើបនឹងកើត ប្រយោជន៍ដើម្បីឲ្យពួកគេអាចអប់រំបន្តដល់សហគមន៍ពីផលប្រយោជន៍ស្វែងរកការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាល ។ ពួកគេក៏បានបណ្តុះបណ្តាលពីការតាមដានសុខភាពរបស់បុគ្គលដែលរងគ្រោះក្នុងភូមិរបស់ពួកគេ។

 

នៅក្នុងឆ្នាំ២០០៩ អង្គការSave the Children បានរៀបចំដំណើរការយុទ្ធនាការជាសកល”អ្នកទាំងអស់គ្នា” ដើម្បកំណត់នូវការពិតដែលកុមាររាប់លាននាក់ក្នុងមួយឆ្នាំៗបានស្លាប់មុនពួកគេអាយុ៥ឆ្នាំនៅជុំវិញពិភពលោក ដោយសារតែជម្ងឺដែលអាចការពារបាន។

 

ការព្យាបាលជម្ងឺរបេងដោយកម្មវិធីដូត

កម្មវិធីរបេងរបស់អង្គការ Save the Children មានគោលបំណងកាត់បន្ថយការរីករាលដាលនៃជម្ងឺរបេងដោយបង្កើនការធ្វើឲ្យមាន ការយល់ដឹង និងគុណភាពសេវាសុខភាពតាមសហគមន៍។ យើងបណ្តុះបណ្តាលក្រុមគាំទ្រសុខភាពភូមិដែលជាអ្នកអប់រំសុខភាពដល់សហគមន៍ពីប្រយោជន៍ស្វែងរកការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាល ។ តាមរយៈក្រុមគាំទ្រទំាងនេះ យើងក៏តាមដានផងដែរនូវសុខភាពអ្នកជម្ងឺរបេង និងឆ្លើយតបជាបន្ទាន់ទៅនឹងការផ្ទុះឡើងនូវជម្ងឺណាមួយ។

 

បច្ចុប្បន្ននេះ កម្មវិធីយើងកំពុងប្រតិបត្តិក្នុងខេត្តចំនួន៣ គឺកំពង់ចាម ក្រចេះនិងស្ទឹងត្រែង។  

 

ផលជះ

នៅក្នុងឆ្នាំ២០១២ កុមារនិងស្រ្តីចំនួនជាង៣៥០០០នាក់ បានទទួល និងប្រើប្រាស់សេវាសុខភាពបន្តពូជ មាតា ទារក និងកុមារ តាមរយៈអន្តរាគមន៍មួយចំនួនដូចជា ការចាក់ថ្នាំបង្ការ ការផ្តល់ថ្នាំជីវជាតិអាបន្ថែម សេវាពិនិត្យជម្ងឺក្រៅ ការថែទាំផ្ទៃពោះ និងក្រោយសំរាល និងការសម្រាលកូនដោយឆ្មបដែលមានជំនាញ។ អត្រាជម្ងឺរបេងក៏មានការធ្លាក់ចុះផងដែរ។ នៅឆ្នាំ២០១២ មានករណីជម្ងឺរបេងចំនួន៣៥៩ដែលបានកំណត់បើប្រៀបធៀបទៅនឹងឆ្នាំ២០១១មាន៤៦៦ករណី។