កិច្ចការពារកុមារ

បញ្ហា

អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទាំងកុមារីនិងកុមារា គឺជាបញ្ហាចម្បងដែលកុមារកម្ពុជាកំពុងជួបប្រទះ ។ ករណីរំលោភបំពានលើកុមារជាច្រើនមិនបានត្រូវគេរាយការណ៍ទេ ដោយសារតែគ្រួសារគិតថាវាធ្វើឲ្យអាប់ឱនកិត្តិយសគ្រួសារ ឬក៏មិនជឿលើប្រព័ន្ធយុត្តិធម៌ដែលអាចការពារកុមារបាន ។ ក្នុងប្រទេសកម្ពុជា មិនមានតុលាការសម្រាប់កុមារ ឬចៅក្រម និងព្រះរាជអាជ្ញារដែលមានជំនាញផ្នែកសិទ្ធិកុមារទេ ។ ជារឿយៗ កុមារត្រូវបានតុលាការកាត់ទោសដូចមនុស្សធំដែរ និងជាទូទៅត្រូវបានដាក់នៅក្នុងពន្ធនាគារជាមួយមនុស្សធំ ។

ការងាររបស់យើង

អង្គការ Save the Children បានធ្វើការជាដៃគូជាមួយរដ្ឋាភិបាលនិងសង្គមស៊ីវិលដើម្បីធានាថាកុមារកម្ពុជាបានត្រូវគេការពារពីគ្រប់ទម្រង់នៃការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងការមិនអើពើ ។

កម្មវិធីកិច្ចការពារកុមារផ្តោតលើការងារពីរ ៖ ពង្រឹងសមត្ថភាពរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ដើម្បីកំណត់និងដោះស្រាយបញ្ហារំលោភបំពានលើកុមារ ក៏ដូចជាសម្របសម្រួលរវាងក្រុមទាំងនោះ ដើម្បីធានាកុមារទាំងអស់ត្រូវបានការពារ ។

អង្គការ Save the Children ក៏ជាសមាជិកដ៏សកម្មមួយរូបរបស់ក្រុមការងារយុត្តិធម៌កុមាររបស់ក្រសួងយុត្តិធម៌ ក្នុងការជួយកុមារដែលមានទំនាស់នឹងផ្លូវច្បាប់ ។ យើងធ្វើការជិតស្និទ្ធិជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្នុងការធ្វើឲ្យមានការកែប្រែគោលនយោបាយ និងគាំទ្រដល់ស្ថាប័នពាក់ព័ន្ធក្នុងការផ្ដល់ជម្រើសថែទាំសមរម្យដល់កុមារ ។

បង្ការនិងការពារកុមារពីការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ

 

អង្គការ Save the Children កំពុងអនុវត្តកម្មវិធីបណ្តាញភូមិសុវត្ថិភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណេះដឹង និង ការសម្របសម្រួលនៅកម្រិតភូមិនិងឃុំ ដើម្បីជម្រុញឲ្យមានការប្រើប្រាស់យន្តការមូលដ្ឋានក្នុងការការពារកុមារ ។ យន្តការនេះរួមមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កងកម្លាំងនគរបាល គ្រូបឋមសិក្សានិងមធ្យមសិក្សា បុគ្គលិកសុខាភិបាល និងមេភូមិ។ កុមារត្រូវបានក៏ត្រូវបានបង្រៀនផងដែរពីល្បិចកលរបស់អ្នកជួញដូរ និងវិធីសាស្រ្តការការពារពីការរំលោភបំពានផ្លូវភេទ ។ កុមារដែលត្រូវគេកំណត់ថាជាកុមារដែលងាយរងគ្រោះខ្ពស់ ត្រូវបានការជួយគាំទ្រតាមរយៈការបញ្ចូនទៅទទួលសេវាសង្គម ការផ្ដល់ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬបំណិនជីវិត ។

 

កុមារទំនាស់នឹងផ្លូវច្បាប់

 

អង្គការ Save the Children ធ្វើការជាដៃគូជាមួយអង្គការក្នុងស្រុកមួយ គឺជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីជួយដល់កុមារទំនាស់នឹងផ្លូវច្បាប់ រួមបញ្ចូលទាំងកុមារក្នុងមន្ទីរឃុំឃាំងផងដែរ ។ មន្ត្រីអនុវត្តច្បាប់ មានអយ្យការ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងគោលនយោបាយទាក់ទងនឹងកុមារ ហើយកុមារ ទាំងកុមាររងគ្រោះនិងកុមារប្រព្រឹត្តបទល្មើស ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ ។ គម្រោងនេះក៏បានណែនាំពីទស្សនទានស្តីពី ការបង្វែរកុមារពីប្រព័ន្ធយុត្តិធម៌ ជាពិសេសក្នុងករណីប្រព្រឹត្តបទល្មើសតូចតាច ដើម្បីការពារកុមារពីការឃុំឃាំងដែលមិនចាំបាច់ ។ កុមារក្នុងមន្ទីរឃុំឃាំងទទួលបានព័ត៌មានពីសិទ្ធិរបស់ពួកគេ ការប្រឹក្សាច្បាប់ និងការគាំទ្រផែ្នកផ្លូវចិត្ត ។

កុមារមិនទទួលបានការថែទាំត្រឹមត្រូវ រួមមានកុមារកំព្រា កុមាររងគ្រោះ និងកុមារផ្ទុកមេរោគនិងជំងឺអេដស៍

 

អង្គការ Save the Children ធ្វើការជិតស្និទ្ធិជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីជួយពួកគេក្នុងការតាមដានសេវាផ្សេងៗដែលផ្តល់ដោយមណ្ឌលកុមារកំព្រា និងកន្លែងថែទាំកុមារផ្សេងៗទៀត ។ នេះជាកត្តាសំខាន់ ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវមណ្ឌលកុមារកំព្រា និងអ្វីដែលគេហៅថា “ទេសចរមណ្ឌលកុមារកំព្រា”។ នៅក្នុងសហគមន៍ អង្គការ Save the Children និងដៃគូរបស់ ខ្លួន រួមមាន សមាគមនារី អភិវឌ្ឍន៍ សេដ្ឋកិច្ចនិងអនាម័យ និងអង្គការភ្នំស្រីសម្រាប់អភិវឌ្ឍដែលជាដៃគូការងារ បានផ្តល់ការគាំទ្រនៅកម្រិតសហគមន៍ ដើម្បើធានាថាកុមាររងគ្រោះជាពិសេសកុមារកំព្រា និងកុមារដែលរងគ្រោះដោយសារមេរោគនិងជម្ងឺអេដស៍ប មិនត្រូវបានគេរើសអើង ។ យើងក៏បានបង្កើតឲ្យមានសកម្មភាពរកប្រាក់ចំណូល ដូចជាការចិញ្ចឹមសត្វ ការដាំដុះបន្លែតាមផ្ទះ និងការប្រកបរបររកស៊ីតូចតាចដល់គ្រួសារនិងកុមារដែលរងគ្រោះដោយសារមេរោគនិងជម្ងឺអេដស៍ ។

ការផ្លាស់ប្តូរគោលនយោបាយ ការគាំទ្រដល់ស្ថាប័ន និងការពង្រឹងប្រព័ន្ធ

  

អង្គការ Save the Children បានបង្កើតគណកម្មការអង្គការសុវត្ថិភាពកុមារក្នុងគោលបំណង ដើម្បីធានាថាអង្គការដែលធ្វើការជាមួយកុមារបានរៀបចំនិងប្រកាន់ភ្ជាប់ទៅនឹងស្តង់ដាដែលជួយការពារនិងថែរក្សាឧត្តមប្រយោជន៍របស់កុមារ។ អង្គការ Save the Children ធ្វើការជិតស្និទ្ធិជាមួយរដ្ឋាភិបាលនិងផ្តល់ការបណ្តុះបណ្តាលពីការថែទាំសមស្រប កិច្ចការពារកុមារ ការងារសង្គម និងស្តង់ដានៃការថែទាំ កុមារកំព្រា និងកុមារងាយរងគ្រោះ ដែលនឹងនាំឲ្យមានការកែលំអរ គោលនយោបាយ និងការអនុវត្ត ។

បច្ចុប្បន្ននេះ យើងប្រតិបត្តិការកម្មវិធីកិច្ចការពារកុមារក្នុងខេត្តចំនួន7 គឺខេត្តកំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ពោធិ៍សាត់ កោះកុង សៀមរាប និងព្រៃវែង។  

ផលជះ

ក្នុងឆ្នាំ២០១២ កុមារទំនាស់នឹងផ្លូវច្បាប់លើសពី១០០នាក់ និងកុមាររងគ្រោះចំនួន១៥នាក់ទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ។ មន្រ្តីរដ្ឋាភិបាលប្រហែលជា១៥០០នាក់បានទទួលការបណ្តុះបណ្តាលពីច្បាប់ ចរាចរណ៍ណែនាំផ្សេងៗ ការបង្វែរកុមារចេញពីប្រព័ន្ធយុត្តិធម៌ ច្បាប់ទំលាប់របស់ពន្ធធនាគារ សិទ្ធិរបស់កុមារទំនាស់នឹងផ្លូវច្បាប់និងពីការបំបាត់អំពើហិង្សាលើកុមារ។ អាណាព្យាបាលរបស់កុមារកំព្រានិងរងគ្រោះជាង១០០០នាក់បានបង្កើនចំណេះដឹងពីបំនិនជីវិតដើម្បីកែលំអរជីវភាព ការថែទាំសុខភាពជាមូលដ្ឋាន សម្រាប់កុមារនិងដោះស្រាយជាមួយនឹងភាពប្រឈមមួយចំនួនក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។